ខេត្តបន្ទាយមានជ័យ ៖ រយៈពេល ២ថ្ងៃ កម្លាំងការពារព្រំដែន បានរារាំងពលករចំនួន៤៤នាក់ ក្នុងភូមិសាស្គ្រស្រុកម៉ាឡៃ ខណៈពួកគេប៉ុនប៉ងលួចឆ្លងដែន ចូលទៅប្រទេសថៃ ដោយខុសច្បាប់។

លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការនគរបាលវរការពារព្រំដែនគោកលេខ៨១៥ បានបញ្ជាក់ប្រាប់ថា រយៈពេល ២ថ្ងៃនេះ កម្លាំងនគរបាលវរការពារព្រំដែនគោក លេខ៨១៥ សហការជាមួយកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងស្រុកម៉ាឡៃ បានចេញល្បាត ប្រទះឃើញ មានពលរដ្ឋខ្មែរ ចំនួន៤៤នាក់ (ស្រី១៧នាក់) និងកុមារ ៣នាក់ បានប៉ងលួចឆ្លងដែនទៅប្រទេសថៃ។

លោកបានបញ្ជាក់ថា ក្នុងចំណោមពលករចំនួន៤៤នាក់ ត្រូវបានកម្លាំងចម្រុះ រារាំង២គោលដៅ ដោយឡែកគ្នា គឺនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ នៅក្បែរអូរព្រំដែន ភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ មានចំនួន១៦នាក់ (ស្រី៦នាក់) និងអ្នកនាំផ្លូវ ១នាក់។ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ នៅភូមិកណ្តាល ឃុំស្រឡៅ ស្រុកម៉ាឡៃ មានចំនួន២៨នាក់ (ស្រី១១នាក់) កុមារ ៣នាក់។

លោកវរសេនីយ៍ឯក សួង សៅ បានបញ្ជាក់ថា តាមការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងជំនាញសហការជាមួយកម្លាំងយោធាឃាត់ខ្លួនពលករខ្មែរ រយៈពេល២ថ្ងៃ បានចំនួន៤៤នាក់ ត្រូវបានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យា ហើយអាជ្ញាធរបានដឹកពួកគាត់ឱ្យទៅលំនៅឋានវិញ៕


