Thursday, September 11, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមគាស់ផ្ទះលួចមាស ៥ថ្ងៃ ជាប់ខ្នោះ

គាស់ផ្ទះលួចមាស ៥ថ្ងៃ ជាប់ខ្នោះ

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋ មួយកន្លែង ចូលទៅលួចលុយនិងគ្រឿងអលង្ការ មួយចំនួនធំ រួចព្យាយាមរត់គេចខ្លួនបានរយៈពេល៥ថ្ងៃ ត្រូវបានកម្លាំងជំនាញអាវុធហត្ថស្រាវ ជ្រាវឃាត់ខ្លួន នាំយកមកចាត់ការតាមច្បាប់។

ករណីលួចនេះ បានកើតឡើងកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង។ រហូតមកដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ទើបកម្លាំងជំនាញអាវុធហត្ថ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានម្នាក់។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថស្រុកកណ្តាលស្ទឹង បានឱ្យដឹងថា កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង បានទទួលពាក្យបណ្តឹងពីជនរងគ្រោះថា មានករណីលួចមានស្ថានទម្ងន់ ទោស (គាស់ផ្ទះចូលលួចលុយនិងគ្រឿងអលង្ការ) បានកើតឡើងនៅឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ប្រភពដដែល បន្តថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងខាងលើ និងដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត កម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ រហូតកំណត់បានមុខសញ្ញាជនសង្ស័យបាននៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ និងស្វែងរកជនសង្ស័យ ព្រមទាំងឃាត់ខ្លួនជនសង្ស័យបានម្នាក់ យកមកអង្គភាព ដើម្បីធ្វើការសាកសួរ។

ចំពោះសម្ភារៈនិងទ្រព្យសម្បត្តិដែលបាត់បង់ រួមមាន ខ្សែក ៤ខ្សែ ចិញ្ចៀន ៣វង់ ខ្សែដៃ ៣ខ្សែ ប្រាក់រៀល និងដុល្លារ មួយចំនួន។

ចំណែកវត្ថុតាងដកហូតបាន រួមមាន ខ្សែក ចំនួន៤ខ្សែ ចិញ្ចៀន ចំនួន៣វង់ ខ្សែដៃ ចំនួន២ខ្សែ ក្រវិល ចំនួន២គូ កងដៃ ចំនួន០៣កង និងទូរស័ព្ទដៃ ចំនួន១គ្រឿង។

ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល រៀបចំកសាងសំណុំរឿង បញ្ជូនទៅ កាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES