ភ្នំពេញ ៖ ជនសង្ស័យជាក្មេងទំនើង ក្រុមចាក់អង្រែ (CA) ក្រុមផ្សារក្រមួន និងក្រុមតាខ្មៅ ត្រូវបានកម្លាំងនគរ បាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលព្រហ្មទណ្ឌខណ្ឌ មានជ័យ បើកប្រតិបត្តិការបង្ក្រាប ឃាត់ខ្លួនបានជាបន្តបន្ទាប់ សរុប១៤នាក់ និងនាំយកបង្ហាញមុខជាសាធារ ណៈ កាលពីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ បន្ទាប់ពីក្រុមក្មេងទំនើងទាំងនេះ ប្រដាប់ដោយដាវ ដុំថ្ម បានបង្កហិង្សាដោយចេតនាកាប់និងវាយទៅលើជនរងគ្រោះ ចំនួន៣ករណី បណ្តាលឱ្យស្លាប់ ១នាក់ និងរបួស ៤នាក់។

ក្មេងទំនើងទាំង ១៤នាក់ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកមកបង្ហាញមុខ រួមមាន ទី១-ឈ្មោះចេន ឌី ហៅឌី ភេទប្រុស អាយុ១៨ឆ្នាំ។ ទី២-ឈ្មោះឆេន វិសាល ហៅសាល ភេទប្រុស អាយុ១៨ឆ្នាំ។ ទី៣-ឈ្មោះចិត្ត វិច្ឆកា ហៅការ ភេទប្រុស អាយុ១៩ឆ្នាំ។ ទី៤-ឈ្មោះលី ស៊ីនួន ហៅនួន ភេទប្រុស អាយុ១៨ឆ្នាំ។ ទី៥-ឈ្មោះឈុន គីមឈាង ហៅឈាង ភេទប្រុស អាយុ២០ឆ្នាំ។ ទី៦-ឈ្មោះរឿង ចាន់តារា ហៅរ៉ា ភេទប្រុស អាយុ១៨ឆ្នាំ។ ទី៧-ឈ្មោះជឹម សានីត ហៅនីត ភេទស្រី អាយុ១៧ឆ្នាំ។ ទី៨-ឈ្មោះអ៊ុក រស្មី ហៅរស្មី ភេទប្រុស អាយុ១៧ឆ្នាំ។ ទី៩-ឈ្មោះលាង ប៊ុនហាក់ ហៅហាក់ ភេទប្រុស អាយុ១៧ឆ្នាំ។ ទី១០-ឈ្មោះថៃ ចាន់ថន ហៅឈៀង ភេទប្រុស អាយុ១៩ឆ្នាំ។ ទី១១-ឈ្មោះពឹង ម៉ីញគ័ង ហៅតូនី ភេទប្រុស អាយុ១៨ឆ្នាំ។ ទី១២-ឈ្មោះជាវ វឌ្ឍនា ហៅលុច ភេទប្រុស អាយុ១៨ឆ្នាំ។ ទី១៣-ឈ្មោះផន វិសាល ហៅសាល ភេទប្រុស អាយុ១៨ឆ្នាំ និងទី១៤-ឈ្មោះជឿន សុជា ភេទប្រុស អាយុ២០ឆ្នាំ។
លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងបញ្ជាផ្ទាល់ដោយឧត្តសេនីយ៍ត្រី ប៊ុត សត្យា ស្នងការរងទទួលផែន ការងារព្រហ្មទណ្ឌ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយអធិការនគរ បាលខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវឃាត់ជនសង្ស័យ ចំនួន១៤នាក់ ជាក្រុមក្មេងទំនើង ឈ្មោះក្រុមចាក់អង្រែ (CA) ក្រុមផ្សារក្រមួន និងក្រុមតាខ្មៅ នៅថ្ងៃទី៩ និងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។ នៅក្នុងការឃាត់ខ្លួនក្មេងទំ នើងនេះ សមត្ថកិច្ចដកហូតវត្ថុតាង ម៉ូតូ ចំនួន៧គ្រឿង និងដាវកែច្នៃ ចំនួន២ដើម។
លោកវរសេនីយ៍ឯក ម៉ម សាវន បានឱ្យដឹងបន្តថា ក្រុមក្មេងទំនើងនេះ បង្កហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ចំនួន៣ករណីផ្សេងគ្នា។
ករណីទី១ ៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារមរណភាពនៃជនរងគ្រោះ ព្រួតគ្នាយកដាវច្នៃ ដេញកាប់ ហើយយកមួកសុវត្ថិភាព គប់លើជនរងគ្រោះ កំពុងជិះម៉ូតូ ចំនួន២នាក់ បណ្តាលឱ្យអ្នកបើកម៉ូតូ រេ ចង្កូតទៅបុកគម្របលូ ដួលស្លាប់ ហើយអ្នកអង្គុយខាង ក្រោយ រត់គេចខ្លួនចូលពួនក្រោមរថយន្ត ហើយជន សង្ស័យយកដាវកែច្នៃ តាមកាប់ចំកែងជើង រយះចេញឈាម រងរបួសធ្ងន់។ ករណីនេះ ប្រព្រឹត្តនៅចំណុចមុខ ហាងលក់ម៉ូតូ យីហោ ឈុត ជារ៉ុង ផ្ទះគ្មានលេខ ផ្លូវវេងស្រេង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥។ ជនរងគ្រោះទាំង២នាក់ ទី១-ឈ្មោះចាន់ សុវណ្ណ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករ សំណង់ (ស្លាប់) និងទី២-ឈ្មោះម៉ុល ពៅ រងរបួសធ្ងន់ ត្រូវមិត្តភក្តិនាំទៅព្យាបាលរបួសនៅមន្ទីរពេទ្យ។
ករណីទី២ ៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ព្រួតគ្នាយកជើងធាក់ម៉ូតូ ឱ្យដួល រួចយកដាវកាប់លើជនរងគ្រោះ បណ្តាលឱ្យរងរបួស ដេរចំនួន១០ថ្នេរ កាលពីយប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចផ្លូវលេខ២១៧ ភូមិ ដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រុមនេះ ជាក្រុមក្មេងទំនើងឈ្មោះចាក់អង្រែ (CA) ក្រុមផ្សារក្រមួន និងក្រុមតាខ្មៅ។
ករណីទី៣ ៖ ក្រុមក្មេងទំនើង មានបក្ខពួកចំនួន១២ម៉ូតូ និង២៣នាក់ បានធ្វើសកម្មភាពវាយ និងគប់ដុំថ្មទៅលើជនរងគ្រោះ បណ្តាលឱ្យរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ នៅចំណុចមុខនាយកដ្ឋានអង្គរក្ស សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។
បន្ទាប់ពីបង្ហាញមុខ ជនសង្ស័យទាំង១៤នាក់ខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕