Friday, September 12, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអ្នកកាសែត ២នាក់ តុលាការសម្រេចចោទប្រកាន់ ប្រមូលព័ត៌មានធ្វើឱ្យអន្តរាយការពារជាតិ

អ្នកកាសែត ២នាក់ តុលាការសម្រេចចោទប្រកាន់ ប្រមូលព័ត៌មានធ្វើឱ្យអន្តរាយការពារជាតិ

ភ្នំពេញ ៖ សាលាដំបូងខេត្តសៀមរាប បានសម្រេចចោទប្រកាន់អ្នកសារព័ត៌មាន ចំនួន២រូប ទាក់ទងនឹងការប្រមូលព័ត៌មាននិងការថតរូបនៅក្នុងតំបន់ហាមឃាត់របស់យោធា នៅសមរភូមិ ដែលព័ត៌មានទាំងអស់នេះ អាចធ្វើឱ្យប៉ះពាល់ដល់ការការពារជាតិ ប្រព្រឹត្តនៅក្នុងខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៥ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ បានបញ្ជាក់ថា ឈ្មោះភាព ភារ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរអ្នកសារព័ត៌មាន អង្គភាពធីអេសភី៦៨ ធីវីអនឡាញ និងឈ្មោះ ផន សុភាព ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរអ្នកសារព័ត៌មានបាត់ដំបងប៉ុស្តិ៍ TV Online ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដោយជាប់សង្ស័យទាក់ទងទៅនឹងការប្រមូលព័ត៌មាន និងការថតរូបនៅក្នុងតំបន់ហាមឃាត់ របស់យោធានៅសមរភូមិ ដែលព័ត៌មានទាំងអស់នេះ អាចធ្វើឱ្យប៉ះពាល់ដល់ការការ ពារជាតិ។

ក្រោយពីបានស្តាប់ចម្លើយ និងពិនិត្យភ័ស្តុតាងនានា ក្នុងសំណុំរឿង អយ្យការបានសម្រេចធ្វើការចោទប្រកាន់លើឈ្មោះ ភាព ភារ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ និងឈ្មោះ ផន សុភាព ភេទប្រុស អាយុ៤៥ឆ្នាំ ទាក់ទងនឹងការប្រមូលព័ត៌មានដែលអាចធ្វើឱ្យអន្តរាយការការពារជាតិ ប្រព្រឹត្តនៅក្នុងខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៥ រហូត ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ តាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ លេខ១១៤០ អយឈ ចុះថ្ងៃទី៣ ខែ សីហា ឆ្នាំ២០២៥ ហើយបានបញ្ជូនទៅចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការបន្ត តាមនីតិវិធី។

អ្នកនាំពាក្យ សូមបញ្ជាក់ជូនថា សំណុំរឿងនេះ ពុំទាន់ត្រូវបានជំនុំជម្រះនៅឡើយទេ ហើយបច្ចុប្បន្នកំពុងស្ថិតនៅដំណាក់កាលស៊ើបសួរ ដោយចៅក្រមស៊ើបសួរ កំពុងស៊ើបអង្កេត ស្វែងរកព័ត៌មាន និងស្រាវជ្រាវភ័ស្តុតាងក្នុងសំណុំរឿងនេះ។ បន្ទាប់ពីការស៊ើបសួរចប់សព្វគ្រប់ ចៅក្រមស៊ើបសួរ នឹងសម្រេចថា តើជនត្រូវចោទ ពិត ជាបានប្រព្រឹត្ត ឬមិនបានប្រព្រឹត្តដូចបទចោទប្រកាន់? អ្នកនាំពាក្យ នឹងជូនព័ត៌មានបន្ថែមទៀត នៅពេលចៅ ក្រមស៊ើបសួរ បានសម្រេចបិទការស៊ើបសួរករណីនេះ…៕

RELATED ARTICLES