ភ្នំពេញ ៖ សុគន្ធ និសា បានវិលទៅចាប់ដៃជាមួយតារាចម្រៀងមុខក្មេង សំឡេងចាស់លោកណុប បាយ៉ារិទ្ធ ជាថ្មី បើទោះជាពួកគេមិនច្រៀងនៅផលិតកម្មជាមួយគ្នាទៀតក្ដី ។ លោកបាយ៉ារិទ្ធ បង្ហើបថា ទឹកមុខនិសា ហាក់មិនសូវសប្បាយចិត្ត ព្រោះថត MV នៅចំថ្ងៃបុណ្យភ្ជុំបិណ្ឌធំ ឆ្នាំ២០២៥ ខណៈដែលមានការសង្កេតឃើញថា ការចាប់ដៃគូគ្នាលើកនេះ ការសម្ដែងមានការសម្រិតសម្រាំងខ្លាំង ព្រោះពួកគេយករថយន្ដទំនើប ម៉ាក Rolls Royce ថតនៅមុខប្រាសាទអង្គរវត្ត តែម្ដង ។ ប៉ុន្ដែការគាំទ្រយ៉ាងណានោះ ទាំងនិសា និងបាយ៉ារិទ្ធ មិនទាន់អាចអាះអាងដូចគ្នា មុនពេលដែល MV នោះ ចេញជាផ្លូវការ។

គួររំលឹកថា អ្នកនាងសុគន្ធ និសា និងលោកណុប បាយ៉ារិទ្ធ ធ្លាប់ច្រៀងដៃគូជាមួយគ្នាជាញឹកញាប់ អំឡុងពេលដែលពួកគេជ្រកនៅក្រោមដំបូលហង្សមាស ដោយមានទាំងបទមរតកដើម និងសម័យ ។ ប៉ុន្ដែបទចម្រៀងដែលនិសា-បាយ៉ារិទ្ធ ទទួលបានជោគជ័យខ្លាំងនោះ គឺអំឡុងនៅពេលដែលតារាទាំងពីរច្រៀងសម្ដែងជាខ្សែរឿង កាលពី១៤ឆ្នាំមុន (២០១១) តែរឿងដែលមិននឹកស្មាននោះ គឺទោះជាពេលនេះអ្នកទាំងពីរលែងច្រៀងរួមផលិតកម្មជាមួយគ្នាក្ដី ប៉ុន្ដែពួកគេនៅតែអាចចាប់ដៃគ្នាម្ដងទៀតបាន ព្រោះតែយល់ចិត្តគ្នាស្រាប់ មិនបាច់ពិបាករកដៃគូថ្មី ។

សូមបញ្ជាក់ថា ក្រោយអ្នកនាង ប៊ុន សុគន្ធា ហៅសុគន្ធ និសា ដើរចេញពីហង្សមាសជាង១ឆ្នាំនេះ នាងបានចាប់ដៃគូច្រៀងផ្លាស់ប្ដូរជាបន្ដបន្ទាប់ ក្នុងនោះមានដូចជា លោកនីកូ, រ៉ូលីន, ខាយ (KAI), ពេជ្រ សូលីកា និងចុងក្រោយ លោកណុប បាយ៉ារិទ្ធ នេះឯង ខណៈដែលកន្លងមកនិសា ធ្លាប់ច្រៀងជាដៃគូជាមួយលោកព្រាប សុវត្ថិ, ឆន សុវណ្ណារាជ, រិន សាវ៉េត, ករុណា ពេជ្រ និងសំ សុវណ្ណារ៉ាក់ ជាដើម ។ និសា ដែលធ្លាប់ប្រាប់អ្នក យកព័ត៌មានយើងថានាងមិនចង់ច្រៀងឆ្លងឆ្លើយជាមួយដៃគូតារាដែលមានអាយុតិចជាងខ្លួននោះ បានប្ដូរចិត្តវិញនៅពេលដែលនាងក្លាយជាតារាឯករាជ្យ ដូចជាព្រមច្រៀងសម្ដែងជាមួយលោកនីកូ ប្អូនលោកណុប បាយ៉ារិទ្ធ នោះឯង។ ប៉ុន្ដែស្ថិតក្នុងវ័យ៤១ឆ្នាំនេះ និសា ពិបាកនឹងវាយលុកទីផ្សារចម្រៀងឲ្យខ្លាំងក្លាដូចមុនណាស់ ពិ សេសបើនាងគ្មានអ្នកនិពន្ធដែលសរសេរចម្រៀងឲ្យត្រូវនឹងសំឡេងនាងនោះ រឹតតែពិបាកពិបាកដណ្ដើមភាពលេចធ្លោដូចមុន បើទោះជាពេលនេះ បានជួបដៃគូចាស់ ចេះយល់ចិត្តវិញក្ដី ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ និសា ធ្លាប់លេងស្និទ្ធស្នាលគ្នាខ្លាំងជាមួយលោកបាយ៉ារិទ្ធ ដូចជាឱបរឹតគ្នាមែនទែនជាដើម ប៉ុន្ដែស្វាមីនាងលោកចៅ សម្បត្តិ មិនរារាំងភរិយាក្នុងការលេងឈុតពិសេសៗជាមួយដៃគូចាស់នេះទេ ដែលនេះបញ្ជាក់ថា នាងពិតជាត្រូវបានប្ដីបើកដៃឲ្យលេងសិល្បៈ ដោយសេរីប្រាកដមែន។

អ្នកគាំទ្រសុគន្ធ និសា លើកឡើងថា ការដែល និសា អាចរក្សាទីផ្សារចម្រៀងបានក្រោយពេលមានប្ដីជិត ៨ឆ្នាំនេះ ដោយសាតែនាងនៅតែមានរូបសម្រស់ផូរផង់ ពោលគឺមិនបណ្ដោយឲ្យឡើងទម្ងន់ ឬបែកសាច់ដូចតារាមួយចំនួនទៀតដែលមានស្វាមីដែរនោះឡើយ ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ និសា ក៏បន្ដច្រៀងនៅឆាកហង្សមាស ធម្មតា ពោលគឺមិនដូចតារាខ្លះដើរចេញពីហង្សមាស ហើយលែងជាន់ឆាកទ្រនំចាស់នោះ គឺនាងនៅច្រៀងកម្មវិធីប្រគំតន្រ្ដីរបស់ហង្សមាស ធម្មតា ។

អ្នកជំនាញសិល្បៈ បានលើកឡើងថា ពេលសុគន្ធ និសា វិលទៅចាប់ដៃគូចាស់ លោកណុប បាយ៉ារិទ្ធ សាជាថ្មីនេះ នឹងអាចស្ទាបស្ទង់បានថា សន្ទុះនៃការគាំទ្រនាង ដូចមុនឬអត់?ប៉ុន្ដែបើចង់ឲ្យទីផ្សារចម្រៀង មានការប្រែ ប្រួល ទាល់តែរូបនាងចូល Galaxy ហើយចាប់ដៃគូជាមួយតារាប្រុសល្បីៗរបស់ផលិតកម្មនេះ ។ យ៉ាងណា ពេលនេះគ្មានដំណឹងថៅកែ Galaxy ចង់ទិញសុគន្ធ និសា ឡើយ បន្ទាប់ពីព័តមានថា ផលិតកម្មជើងថ្មីនេះ ចង់បាននាងកាលពីឆ្នាំ២០២១ តែត្រូវស្ងាត់ទៅវិញ ៕
