Friday, September 26, 2025
Homeព័ត៌មានជាតិទីប្រឹក្សាដូណាល់ ត្រាំ មកកម្ពុជា ជាថ្មី រាយការណ៍ព័ត៌មាន ថៃឈ្លានពានកម្ពុជា

ទីប្រឹក្សាដូណាល់ ត្រាំ មកកម្ពុជា ជាថ្មី រាយការណ៍ព័ត៌មាន ថៃឈ្លានពានកម្ពុជា

ខេត្តព្រះវិហារ ៖ លោកម៉ៃឃើល អាល់ហ្វារ៉ូ (Michael B Alfaro) ទីប្រឹក្សាលោកដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងជាអ្នករាយការណ៍ព័ត៌មានប្រចាំសេតវិមានអាមេរិក បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា សាជាថ្មី ហើយបានចុះទៅដល់ជំរំជនភៀសសឹក វត្តពោធិ៍៥០០០ដើម ដើម្បីពិនិត្យមើល និងរាយការណ៍ព័ត៌មានពីស្ថានភាពរស់នៅ និងទុក្ខវេទនារបស់ជនភៀសសឹកខ្មែរ ដោយសារការឈ្លានពានពីសំណាក់កងទ័ពសៀម មកលើបូរណភាពទឹកដីកម្ពុជា នៅតែបន្ត ដែលជាការគំរាមកំហែងដល់សុខសុវត្ថិភាពរបស់ពួកគាត់ ។

នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ លោកគីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ វត្តមានរបស់លោកម៉ៃឃើល អាល់ហ្វារ៉ូ ដែលបានចុះមកដល់ជំរំភៀសសឹក វត្តពោធិ៍៥០០០ដើម ដើម្បីពិនិត្យមើលផ្ទាល់នូវស្ថានភាពរស់នៅ និងទុក្ខវេទនារបស់ជនភៀសសឹកខ្មែរ ស្ថិតនៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។

នៅព្រឹកថ្ងៃដដែលនោះ លោកម៉ៃឃើល អាល់ហ្វារ៉ូ បានធ្វើការបង្ហោះវីដេអូផ្សាយផ្ទាល់ ចេញពីទីតាំងជំរំជន ភៀសសឹកខ្មែរ ដែលរងការឈ្លានពានពីសំណាក់កងទ័ពសៀម ស្ថិតនៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ភ្ជាប់ជាមួយសំណេរថា “អរុណសួស្តីកម្ពុជា! យើងបានមកដល់វត្តពោធិ៍៥០០០ដើម ជាទីដែលគ្រួសារជនភៀសខ្លួន ជាង ៤៨២៣គ្រួសារ បានស្វែងរកទីជម្រក បន្ទាប់ពីកងកម្លាំងថៃ បានបំផ្លាញផ្ទះរបស់ពួកគេ។ ជំរំនេះ មិនគ្រាន់តែជាកន្លែងជម្រកនោះទេ វាគឺជាកន្លែងរស់រានមានជីវិត ភាពធន់ និងទុក្ខវេទនាដែលមិនអាចបំភ្លេចបាន។ គ្រួសារនីមួយៗនៅទីនេះ មានរឿងរ៉ាវនៃការបាត់បង់ ការតស៊ូ និងក្តីសង្ឃឹមដែលពិភពលោក នឹងមិនមើលរំលង។ បេសកកម្មរបស់យើង គឺច្បាស់លាស់ ដើម្បីធ្វើឱ្យប្រាកដថា ពិភពលោក បានឃើញ បានដឹង បានឮការឈឺចាប់របស់ពួកគេ មើលឃើញការតស៊ូរបស់ពួកគេ និងឈរជាមួយពួកគេ នៅក្នុងវេលាដ៏ងងឹតបំផុតរបស់ពួកគេ…”។

បន្ទាប់មក នៅព្រឹកថ្ងៃដដែលនោះ លោកម៉ៃឃើល អាល់ហ្វារ៉ូ បានធ្វើដំណើរទៅដល់ទីតាំងស្ថានីយប្រេង ១កន្លែង ស្ថិតនៅក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលរងការបាញ់ផ្លោងពីសំណាក់ទាហានសៀមឈ្លានពាន និងបានបង្ហោះសំណេរនៅលើទំព័របណ្តាញសង្គម ហ្វេសប៊ុក ផ្ទាល់ខ្លួនរបស់លោកថា “យើងបានមកដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅស្ថានីយប្រេងឥន្ធនៈមួយ ដែលត្រូវទាហានថៃ ទម្លាក់គ្រាប់បែក ក្នុងពេលមានជម្លោះ ៥ថ្ងៃ កន្លងមកនេះ។ ការបំផ្ទុះគ្រាប់បែក បានកើតឡើងនៅថ្ងៃទី២៨ ខែកក្កដា ។ សព្វថ្ងៃនេះ មនុស្ស ១១៦៨នាក់ កំពុងប្រឈមមុខនឹងការសម្រេចចិត្តក្នុងការរត់គេចខ្លួន ដើម្បីជួយសង្គ្រោះជីវិតរបស់ពួកគេ និងបោះបង់ចោលផ្ទះសម្បែងរបស់ពួកគេ ឬស្នាក់នៅ និងប្រថុយនឹងការចាប់ខ្លួនដោយកងកម្លាំងថៃ…”។

ក្រៅពីនេះ លោកម៉ៃឃើល អាល់ហ្វារ៉ូ ក៏បានជួបសម្ភាសជាមួយជនភៀសខ្លួនខ្មែរ មួយគ្រួសារៗ ដែលធ្វើ ដំណើរតាមគោយន្ត ចាកចេញពីផ្ទះសម្បែងរបស់ពួកគាត់នៅក្បែរព្រំដែនខេត្តឧត្តរមានជ័យ ជាថ្មី ដើម្បីភៀស ខ្លួនទៅរកជំរំសុវត្ថិភាព បន្ទាប់ពីបានឃើញពួកទាហានសៀម នៅតែបន្តឈ្លានពានទឹកដីកម្ពុជា ហើយប្រកាសផែនការវាយយកទឹកដីកម្ពុជា នៅតាមតំបន់ព្រំដែន ចំនួន១៧កន្លែង។ 

គួររំលឹកថា កាលពីយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ កន្លងទៅ លោកម៉ៃឃើល អាល់ហ្វារ៉ូ បានមកដល់់ប្រទេសកម្ពុជា ហើយលោកបានចុះទៅធ្វើការការផ្សាយផ្ទាល់ តាមបណ្តាញសង្គម ទាំងភ្លៀង នៅជម្រកបណ្តោះអាសន្នរបស់ពលរដ្ឋកម្ពុជា នៅភូមិជោគជ័យ ឃុំអូរបីជាន់ ខេត្តបន្ទាយមានជ័យ ដែលពួកគាត់បានរងគ្រោះត្រូវបានទា ហានថៃ ឈ្លានពាន រាយលួសបន្លា បណ្តេញពួកគាត់ចេញពីដីផ្ទះរបស់ពួកគាត់ ។ ការផ្សាយផ្ទាល់របស់លោកម៉ៃឃើល នៅពេលនោះ បានទាក់ទាញអ្នកទស្សនា ជាង៩លាននាក់ ក្នុងរយៈពេលតែ១ម៉ោង ដែលបង្ហាញការពិតឲ្យពិភាពលោកបានដឹងនិងឃើញកាន់តែច្បាស់ថា ទាហានថៃ នៅតែបន្តឈ្លានពានកម្ពុជា មិនគោរពបទឈប់បាញ់ដែលផ្តួចផ្តើមឡើងដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ នៃសហរដ្ឋអាមេរិក និងមានការសហ ការសម្របសម្រួលពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលជាប្រធានប្តូរវេនអាស៊ាន រួមជាមួយតំណាងប្រទេសចិន ផងដែរ។ ចាប់តាំងពីពេលនោះមក រដ្ឋាភិបាលថៃ បានចាប់ផ្តើមយុទ្ធនាការប្រឆាំងនឹងលោកម៉ៃឃើល អាល់ហ្វារ៉ូ ដោយសារតែលោកធ្វើឲ្យថៃ អាម៉ាស់មុខពេញពិភពលោក ចំពោះទង្វើរំលោភបំពានច្បាប់អន្តរជាតិ បង្កហេតុ ឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា ៕ ដារិទ្ធ

RELATED ARTICLES