ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្រោយពីឆក់ទូរស័ព្ទ ១គ្រឿង បានសម្រេច បានឡើងតោងបង្គោលភ្លើង ទៅសម្ងំ លាក់ខ្លួននៅលើដំបូលផ្ទះប្រជាពលរដ្ឋ លុះសមត្ថកិច្ចឡោមព័ទ្ធ រត់ទៅណាមិនរួច ក៏លោតចូលប្រឡាយទឹក ស្អុយ បំណងគេចខ្លួន តែរត់មិនរួច ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ នាំយកមកចាត់ការតាមច្បាប់។

ករណីចោរឆក់ទូរស័ព្ទនេះ បានកើតឡើង កាលពីវេលាម៉ោង ២និង៣៧នាទីរសៀល ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចមុខវត្តស្ទឹងមានជ័យ តាមបណ្តោយផ្លូវលេខ២១៧ ភូមិមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមាន ជ័យ។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះទូច រ័ត្នសារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរនិងស្នាក់នៅ មិនពិតប្រាកដ។
តាមប្រភពប្រជាពលរដ្ឋ បានឱ្យដឹងថា មុនកើតហេតុ គេឃើញជនសង្ស័យ បានធ្វើសកម្មភាពរត់ទៅឆក់ទូរស័ព្ទ ១គ្រឿង ម៉ាក Oppo របស់ជនរងគ្រោះដែលកំពុងអង្គុយចុចទូរស័ព្ទ លុះពេលឆក់បានសម្រេច ជនសង្ស័យបានរត់គេចខ្លួន ដោយតោងឡើងបង្គោលភ្លើង ទៅសម្ងំលាក់ខ្លួននៅលើដំបូលផ្ទះប្រជាពលរដ្ឋ។ ខណៈនោះ សមត្ថ កិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី១ និងប៉ុស្តិ៍ស្ទឹងមានជ័យទី២ សហការគ្នាឡោមព័ទ្ធ ធ្វើឱ្យជនសង្ស័យភ័យខ្លួន មិនដឹងរត់គេចទៅណារួច ក៏ហក់ចូលទៅក្នុងប្រឡាយលូស្ទឹងមានជ័យ ដើម្បីរត់គេចខ្លួន ប៉ុន្តែត្រូវបាននគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ ឃាត់ខ្លួនបានភ្លាមៗ។ ចំណែកទូរស័ព្ទម៉ាក Oppo សមត្ថកិច្ចយកបានមកវិញ និងប្រគល់ឱ្យជនរងគ្រោះវិញផងដែរ ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕