ភ្នំពេញ ៖ បន្ទាប់ពីទាហានថៃ បានផ្ទុះអាវុធតែឯង បាញ់មកលើកម្ពុជា តែកងទ័ពកម្ពុជា មិនតបត កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ នោះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា យោធាថៃ ឡើងសង្វៀនប្រដាល់ គ្មានដៃគូ ហើយថាការផ្ទុះអាវុធម្នាក់ឯងជាបន្តបន្ទាប់ និងការបាញ់ប្រហារលើតំបន់អានសេះកម្ពុជា នោះជាចេតនាទុច្ចរិត បញ្ឆេះសង្គ្រាមឈ្លានពាន រំលោភបទឈប់បាញ់ជាអន្តរជាតិ ប្រមាថស្ថាបនិកបទឈប់បាញ់ (លោកប្រធានាធិបតី ដូណាល់ ត្រាំ នៃសហរដ្ឋអាមេរិក) ។

លោកបណ្ឌិត ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា បានសរសេរក្នុងគណនីនិងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ថា «យោធាថៃ ឡើងសង្វៀនប្រដាល់ គ្មានដៃគូ ៖ ការផ្ទុះអាវុធម្នាក់ឯងបន្តបន្ទាប់ និងការបាញ់ប្រហារលើតំបន់អានសេះកម្ពុជា ជាចេតនាទុច្ចរិតបញ្ឆេះសង្គ្រាម រំលោភបទឈប់បាញ់ជាអន្តរជាតិ ប្រមាថស្ថាបនិកបទឈប់បាញ់ និងជា «ឧក្រិដ្ឋកម្ម សង្គ្រាម+ឈ្លានពាន»!
ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ទាហានថៃ បាញ់អាវុធធុនស្រាល រាប់សិបគ្រាប់ តាំងពីទៀបភ្លឺ បន្តរហូតដល់ថ្ងៃ រួចចោទនិងមួលបង្កាច់ថា កម្ពុជា ជាអ្នកផ្ទុះអាវុធ។ តែភាគីកម្ពុជា ចេញបញ្ជាក់ព័ត៌មាន ធ្វើឱ្យសាធារណជនជាតិ-អន្តរជាតិ ដឹងការពិត ថៃ បាត់មាត់ដូចគេចុក។ មកដល់រសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នៅឯទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក សហរដ្ឋអាមេរិក បានផ្តួចផ្តើមនិងរៀបចំកិច្ចប្រជុំស្ដីពីដំណោះស្រាយជម្លោះកម្ពុជា-ថៃ ដែលហៅថា កិច្ចប្រជុំ «១+៣»។ កិច្ចប្រជុំ «១+៣» មានតំណាងភាគីសហរដ្ឋអាមេរិក គឺអនុរដ្ឋមន្ត្រីការ បរទេសអាមេរិក រួមជាមួយនិងរដ្ឋមន្ត្រីការបរទេសកម្ពុជា (១) ម៉ាឡេស៊ី (២) និងថៃ (៣)។

កិច្ចប្រជុំ «១+៣» មានគោលបំណងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួម ក្នុងការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី តាមរយៈការស្តារឡើងវិញនូវទំនុកចិត្ត ឆ្ពោះទៅប្រក្រតីភាពឡើងវិញ ដើម្បីផលប្រយោជន៍រួមសម្រាប់ប្រទេសនិងប្រជាជនទាំងពីរ។ ភាគីកម្ពុជា ត្រូវបានអន្តរជាតិ មើលឃើញថា គោរពបទឈប់បាញ់ និងមានសុច្ឆន្ទៈដោះស្រាយជម្លោះដោយសន្តិវិធី និតតាមច្បាប់ ស្របតាមបំណងរបស់ប្រធានាធិបតីត្រាំ ម៉ាឡេស៊ី ជាប្រធានអាស៊ាន និងបណ្ដាប្រទេសជាច្រើនលើពិភពលោក ចៀសវាងការប្រើប្រដាប់អាវុធ ដែលជាចំណូល ចិត្តរបស់ថៃ»។
អ្នកនាំពាក្យដដែល បន្តថា «ទោះជាទើបតែបញ្ចប់កិច្ចប្រជុំ «១+៣» មិនបានប៉ុន្មានផង ភាគីថៃ បានប្រកាសប្រាប់ពិភពលោកថា ខ្លួនល្មើសបទឈប់បាញ់ ប្រមាថស្ថាបនិកបទឈប់បាញ់ ដែលមានអាមេរិក ចិន និងម៉ាឡេស៊ី ជាប្រធានអាស៊ាន ដោយព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ១១:៥២នាទី ទាហានខ្លួន បានបើកការបាញ់ប្រហារមកលើតំបន់ប្រតិបត្តិការសឹកការពារអធិបតេយ្យកម្ពុជា ជាឯកតោភាគី ទាំងកម្ពុជា មិន តបត ដែលគេហៅថា «ឡើងសង្វៀនប្រដាល់ គ្មានដៃគូ» ហើយដូចទម្លាប់ ថៃ ប្រើកាសែតខ្លួន និងបន្តទៅកាសែតបរទេសផ្សាយមួលបង្កាច់ថា កម្ពុជា បើកការបាញ់ប្រហារលើថៃ រំលោភបទឈប់បាញ់ ជាលេសដើម្បីពង្រីកសង្គ្រាម និងឈ្លានពាន។

ផ្ទុយពីការបង្កើតលេសនិងមួលបង្កាច់កម្ពុជា សេចក្តីប្រកាសបញ្ជាក់ព័ត៌មាន របស់ក្រសួងការពារជាតិកម្ពុជា បានចេញភ្លាមៗបំភ្លឺ ទាំងមហាជនកម្ពុជា ថៃ និងអន្តរជាតិ បានទទួលព័ត៌មានពិតបន្ទាន់ថា ថៃទេ ជារដ្ឋប្រព្រឹត្តិល្មើសលិខិតូបករណ៍អន្តរជាតិ។ ជាក់ស្ដែង ហេតុការណ៍ដែលបង្កើតដោយថៃ ម្នាក់ឯង នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ១១:៥២នាទី ត្រូវបានក្រសួងការពារជាតិកម្ពុជា ចេញបញ្ជាក់ភ្លាមៗ ជ្រាប ដល់មហាជនកម្ពុជា មហាជនថៃ និងអន្តរជាតិ តាមរយៈការផ្សព្វផ្សាយក្នុងស្រុក និងសារព័ត៌មានអន្តរជាតិ»។
លោកបណ្ឌិត ទូច សុខៈ បន្តថា «តាមសេចក្ដីបញ្ជាក់ព័ត៌មានរបស់ក្រសួងការពារជាតិ បំភ្លឺថា យោធាថៃ បានចាប់ផ្តើមបាញ់ប្រហារមុន មកលើទីតាំងកងកម្លាំងកម្ពុជា ដោយបានបាញ់កំាភ្លើងត្បាល់ និងកាំភ្លើងដៃ ជាច្រើនគ្រាប់ មកលើតំបន់មូលដ្ឋានកងទ័ពកម្ពុជា នៅតំបន់អានសេះ។ កងទ័ពកម្ពុជា បានឈរលើគោលការណ៍អត់ធ្មត់ខ្ពស់ និងមិនបានតបតទៅវិញទេ។ តាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់សាជាថ្មី អំពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការគោរពនិងអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា និងថៃ ឱ្យបានពេញលេញ និងខ្ជាប់ខ្ជួនបំផុត ដោយបន្តសហការគ្នាឱ្យបានជិតស្និទ្ធនៅគ្រប់កម្រិត និងស្វែងរកកិច្ចសហប្រតិ បត្តិការជាក់ស្តែង សំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ ឱ្យបានឆាប់រហ័ស និងអំពាវនាវឱ្យភាគីថៃ អនុវត្ត និងគោរពឱ្យបានម៉ឹងម៉ាត់ដូចគ្នា។

រហូតមកដល់ម៉ោង ១:១០នាទី ដែលក្រសួងការពារជាតិ ចេញសេចក្ដីប្រកាសបញ្ជាក់ព័ត៌មានជាផ្លូវការនិងសាធារណៈ ទាហានថៃ នៅតែបន្តបាញ់ប្រហារមកលើទីតាំងឈរជើងរបស់កងកម្លាំងប្រដាប់អាវុធចម្រុះកម្ពុជា មិនទាន់បញ្ឈប់នៅឡើយទេ។ មែនទែនទៅ វាលែងជាវិញ្ញាសាវិភាគស្មុគស្មាញទៀតហើយ ចំពោះចេតនារបស់ថៃ ដោយសារច្រំដែលពេកទៅ បានក្លាយជាបង្អែកជាមូលដ្ឋានជាក់លាក់ ទាញតឹកតាងបានគ្រប់ៗគ្នាថា ការផ្ទុះអាវុធម្នាក់ឯងប៉ុន្មានពេលបន្តបន្ទាប់ និងការបាញ់ប្រហារទាំងអាវុធធុនធ្ងន់និងធុនស្រាល ពីសំណាក់ទាហានថៃ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ត្រូវគេមើលឃើញយ៉ាងធ្លុះថា ជាការបញ្ឆេះឱ្យកងកម្លាំងប្រដាប់អាវុធចម្រុះរបស់កម្ពុជា ទប់កំហឹងមិនបាន ទាញអាវុធបាញ់ប្រហារតដៃវិញ បានលេសពង្រីកសង្គ្រាមឱ្យរាលដាល បំពេញមហិច្ឆតាឈ្លានពាន។ តែខុសពីការគិតស្រាលៗរបស់ថៃ វីរយុទ្ធជនកម្ពុជា មិនតបត អនុវត្តបទឈប់បាញ់ អង្គុយ លើភ្នំ ផឹកតែ សម្លឹងមើលជ្រូកព្រៃពុលកញ្ឆា ដោយប្រុងប្រយ័ត្នខ្ពស់ វាយតម្លៃយុទ្ធសាស្ត្រ ក្ដាប់កម្លាំង-យុទ្ធដំណើរសត្រូវ ប្រមូល-វិភាគព័ត៌មាន រាយការណ៍តាមយុទ្ធវិធីនៃសមរភូមិ ប្រកបដោយស្មារតីជំនាញអង់អាចជាញជ័យ និងចុងក្រោយ រង់ចាំអនុវត្តបទបញ្ជាជាក់លាក់ពីថ្នាក់ដឹកនាំនយោបាយសមរភូមិ»។
លោកបណ្ឌិត ទូច សុខៈ បន្តទៀតថា «ជារួម តាមរយៈ (១) ធាតុអត្តនោម័ត (ចេតនា) (២) ធាតុសត្យានុម័ត (សកម្មភាពប្រព្រឹត្តិជាក់ស្ដែង) និង (៣) ធាតុនីត្យានុកូល (អំពើមានចែងក្នុងច្បាប់អន្តរជាតិថាជាបទល្មើស) ទាញបានថា អ្វីដែលថៃ កំពុងប្រព្រឹត្តិ ចូលក្នុងធាតុផ្សំនៃបទឧក្រិដ្ឋកម្មអន្តរជាតិ ជាអាទិ៍ បទឧក្រិដ្ឋកម្មសង្គ្រាម និងបទឧក្រិដ្ឋកម្មឈ្លានពាន ជាដើម។ សរុបទៅ ថៃ ចង់ឈ្នះចិត្តខ្លួនឯង តែទៅមិនរួច បែរចាញ់ចិត្តប្រជាជនខ្លួន ចាញ់ចិត្តវីរយុទ្ធជនកម្ពុជា និងចុងក្រោយ ត្រូវបង់ចាញ់គ្រប់សមរភូមិ ទាំងកាទូត និងផ្លូវច្បាប់ ដូច «ចូវអ៊ី» ក្នុងរឿងសាមកុក ឈឺចិត្តដោយប្រយោគចុកឈាមរបស់ជូ កឺលាន ថា «ចូវអ៊ី បរាជ័យ! បាត់ទាំងទឹកដី ខាតទាំងស្រីស្អាត!» រួចបណ្ដាលឱ្យខ្លួនក្អួតឈាម ធ្លាក់ពីលើសេះ ឈឺជាទម្ងន់ រហូតដល់បាត់បង់ជីវិត។ សង្ឈឹមថា ថៃ ត្រឡប់ក្រោយ ជាត្រើយសុភមង្គល!»។
គួរបញ្ជាក់ថា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា «នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ១១:៥២នាទី យោធាថៃ បានចាប់ផ្តើមធ្វើការបាញ់ប្រហារមុន មកលើទីតាំងកងកម្លាំងកម្ពុជា ដោយបានបាញ់កាំភ្លើងត្បាល់ និងកាំភ្លើងដៃ ជាច្រើនគ្រាប់ មកលើមូលដ្ឋានកងទ័ពកម្ពុជា នៅតំបន់អានសេះ។ នៅពេលនេះ កងទ័ពកម្ពុជា បាននិងបន្តតាមដានលើការវិវត្តន៍នេះ យ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុត និងត្រៀមលក្ខណៈរួចជាស្រេច ដើម្បីការពារបូរណភាពទឹកដី។
កងកម្លាំងរបស់កម្ពុជា សូមបញ្ជាក់សាជាថ្មី នូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរពនិងការអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា និងថៃ ឱ្យបានពេញលេញនិងខ្ជាប់ខ្ជួនបំផុត ដោយបន្តសហការគ្នាឱ្យបានជិតស្និទ្ធនៅគ្រប់កម្រិត និងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែង សំដៅលើកកម្ពស់សន្តិភាពនិងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ ឱ្យបានឆាប់រហ័ស និងអំពាវនាវឱ្យភាគីថៃ អនុវត្តនិងគោរពឱ្យបានម៉ឺងម៉ាត់ដូចគ្នា»។

នៅរសៀលថ្ងៃដដែលនោះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានបន្ថែម ដែលមានខ្លឹមសារទាំងស្រុងថា «ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មេត្តាជ្រាបថា ៖ យោធាថៃ បានចាប់ផ្តើមធ្វើការបាញ់ប្រហារមុន មកលើទីតាំងកងកម្លាំងកម្ពុជា នៅតំបន់អានសេះ ស្ថិតក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាវេលាប្រមាណម៉ោង ១១:៥២នាទីព្រឹក រហូតដល់ម៉ោង ១២:៤៦នាទីរសៀល មានចំនួន ២លើក ៖
– លើកទី១ ចាប់បាញ់ប្រហារនៅម៉ោង ១១:៥២នាទី ដល់ម៉ោង ១២:២២នាទី
– លើកទី២ ចាប់បាញ់ប្រហារ នៅម៉ោង ១២:២៥នាទី ដល់ម៉ោង ១២:៤៦នាទី។
នៅក្នុងហេតុការណ៍ដែលយោធាថៃ បានបង្កខាងលើ កងកម្លាំងរបស់កម្ពុជា មិនបានតបតឡើយ គឺបានប្រកាន់នូវគោលការណ៍អត់ធ្មត់កម្រិតខ្ពស់ និងអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា និងថៃ ដែលចូលជា ធរមាននៅម៉ោង ២៤:០០ (ម៉ោងក្នុងតំបន់) ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឱ្យបានពេញលេញ និងខ្ជាប់ខ្ជួនបំផុត។ កិច្ចព្រមព្រៀងបទឈប់បាញ់ដែលសម្រេចបាននៅក្នុងកិច្ចប្រជុំពិសេស កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាចៃយ៉ា ក្រោមកិច្ចខិតខំប្រឹងប្រែងដោយផ្ទាល់របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោក នាយករដ្ឋមន្រ្តី អាន់វ៉ា អ៊ីប្រាហ៊ីម និងការចូលរួមយ៉ាងសកម្មរបស់សាធារណរដ្ឋប្រជាមានិតចិន ដែលរហូត មកដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ នេះ មានរយៈពេល ៦០ថ្ងៃហើយ។
ក្រសួងការពារជាតិ សូមគូសបញ្ជាក់ថា ការវិវត្តន៍នៃស្ថានការណ៍នៅជួរមុខ ចាប់តាំងពីម៉ោង ១២:៤៦ នាទីរសៀល មកដល់ម៉ោង ១៨:៣០នាទីនេះ តាមការផ្តល់ស្ថានភាពមានសភាពស្ងប់ស្ងាត់ទៅវិញហើយ បន្ទាប់ពីខាងយោធាថៃ បានបញ្ឈប់ការបាញ់កាំភ្លើងត្បាល់ និងកាំភ្លើងដៃជាច្រើនគ្រាប់ មកលើទីតាំងឈរជើងរបស់កម្ពុជា និងបានបង្កឱ្យខូចខាតសំណង់មួយចំនួន។ ជាមួយគ្នានេះ កងកម្លាំងរបស់យើង បាននិងបន្តតាមដានសភាព ការណ៍ដោយប្រុងប្រយ័ត្ន លើការវិវត្តន៍នេះ យ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត និងបានត្រៀមលក្ខណៈរួចជាស្រេច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា ឱ្យខាងតែបាន។
កងកម្លាំងរបស់កម្ពុជា សូមបញ្ជាក់សាជាថ្មី នូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការគោរពនិងការអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់ រវាងកម្ពុជា និងថៃ ឱ្យបានពេញលេញនិងខ្ជាប់ខ្ជួនបំផុត ដោយបន្តសហការគ្នាឱ្យបានជិតស្និទ្ធនៅគ្រប់កម្រិត និងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែង សំដៅលើកកម្ពស់សន្តិភាព និងស្ថិរ ភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឱ្យបានឆាប់រហ័ស និងអំពាវនាវឱ្យភាគីថៃ អនុវត្តនិងគោរពឱ្យបានម៉ឺងម៉ាត់ដូចគ្នា ដោយស្មារតីស្ថាបនានិងស្មោះត្រង់»។
បន្ទាប់មក នៅព្រឹកថ្ងៃអាទិត្យ ទី២៨ ខែកញ្ញា ឆ្នាំ២០២៥ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន បន្ថែមទៀតថា «នៅព្រឹកថ្ងៃអាទិត្យ ទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ី រួមនិងសមាជិក បានអញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែងដែលរងផលប៉ះពាល់ពីការវាយប្រហារ ចំនួន ២លើក ដោយយោធាថៃ តាមរយៈការបាញ់កាំភ្លើងត្បាល់ និងកាំភ្លើងដៃ ជាច្រើនគ្រាប់ មកលើមូលដ្ឋានកងទ័ពកម្ពុជា នៅតំបន់អានសេះ ខេត្តព្រះវិហារ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីធ្វើការសង្កេត ផ្ទៀងផ្ទាត់ និងរាយការណ៍ ក្រោយបទឈប់បាញ់ចូលជាធរមាន។
ការចុះទៅពិនិត្យទីតាំងជាក់ស្តែងនេះ ធ្វើឡើងមួយថ្ងៃ ក្រោយពីយោធាថៃ បានចាប់ផ្តើមធ្វើការបាញ់ប្រហារមុន មកលើទីតាំងកងកម្លាំងកម្ពុជា នៅតំបន់អានសេះ ស្ថិតក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិ ហារ នាវេលាប្រមាណម៉ោង ១១:៥២នាទីព្រឹក រហូតដល់ម៉ោង ១២:៤៦នាទីរសៀល មានចំនួន ២លើក ៖ លើកទី១ ចាប់បាញ់ប្រហារនៅម៉ោង ១១:៥២នាទី ដល់ម៉ោង ១២:២២នាទី និងលើកទី២ ចាប់បាញ់ប្រហារនៅម៉ោង ១២:២៥នាទី ដល់ម៉ោង ១២:៤៦នាទី។ នៅក្នុងហេតុការណ៍ដែលយោធាថៃ បានបង្កខាងលើ កងកម្លាំងរបស់កម្ពុជាមិនបានតបតឡើយ គឺបានប្រកាន់នូវគោលការណ៍អត់ធ្មត់កម្រិតខ្ពស់ និងអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា និងថៃ ដែលចូលជាធរមាននៅម៉ោង ២៤:០០ (ម៉ោងក្នុងតំបន់) ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឱ្យបានពេញលេញនិងខ្ជាប់ខ្ជួនបំផុត។

ជាមួយគ្នានេះ កម្ពុជា សូមសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបង្កហេតុ និងការបន្តផ្ទុះអាវុធនៅខាងភាគីថៃ ខ្លួនឯង ហើយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ នៅវេលាម៉ោង ១១:៥២នាទី ថៃ បានបើកការបាញ់ប្រ ហារមកលើកងកម្លាំងកម្ពុជា ប៉ុន្តែភាគីថៃ បែរជាមកចោទកម្ពុជា ថាបានផ្ទុះអាវុធទៅវិញ។ សកម្មភាពទាំងអស់នេះ អាចប៉ះពាល់ទៅដល់ការគោរពនិងការអនុវត្តបទឈប់បាញ់ ព្រមទាំងធ្វើឱ្យស្ថានភាពរឹតតែតានតឹងនិងស្មុគស្មាញ។ ក្នុងន័យនេះ កម្ពុជា ស្នើឱ្យភាគីទាំងពីរ អនុញ្ញាតឱ្យក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចូលរួមពិនិត្យ និងធ្វើកោសល្យវិច័យទៅលើភ័ស្តុតាងនានាដែលបានបន្សល់ទុកក្រោយពេលការបាញ់ប្រហាររបស់ភាគីថៃ មកលើកងកម្លាំងកម្ពុជា ឱ្យបានហ្មត់ចត់បំផុត សំដៅផ្តល់នូវព័ត៌មានពិត សុចរិតភាព គណនេយ្យភាព តម្លាភាព យុត្តិធម៌ និងភាពត្រឹមត្រូវដល់ភាគីទាំងពីរផង និងដល់សាធារណជន ជាតិនិងអន្តរជាតិផង»៕ ខៀវទុំ