ភ្នំពេញ ៖ បុរសម្នាក់ បានបើករថយន្តទំនើប ១គ្រឿង មកដល់ម្តុំបឹងកក់ ឃើញសភាពស្ងាត់ បើកកញ្ចក់រថយន្ត រួចដកកាំភ្លើងបាញ់មេឃលេង ចំនួន៥គ្រាប់ រួចបើករថយន្តគេចបាត់ស្រមោលភ្លាមៗ បង្កឱ្យភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចនគរបាល និងអាវុធហត្ថ ចុះដល់ទីតាំង កើតហេតុ ប្រមូលសំបកគ្រាប់ យកទៅរក្សាទុក និងស្រាវជ្រាវរកមុខខ្មាន់កាំភ្លើង។

ហេតុការណ៍បាញ់បោះសេរីនេះ បានកើតឡើង កាលពីវេលាម៉ោង១២និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងបរិវេណបឹងកក់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
តាមប្រភពព័ត៌មានពីបុរសជាសន្តិសុខម្នាក់ នៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គាត់កំពុងដេកលក់ ស្រាប់តែឮសំឡេងផ្ទុះអាវុធ លុះគាត់បើកភ្នែកឡើង ឮសំឡេងបាញ់បន្ថែម ២គ្រាប់ទៀតរួច ហើយឃើញតែរថយន្ត ១គ្រឿង ពណ៌ស មិនចាំម៉ាក បានបើក ចេញទៅយ៉ាងលឿន។

ចំណែកប្រភពព័ត៌មានមួយផ្សេងទៀត បានឱ្យដឹងថា មុនកើតហេតុ គាត់ឃើញរថយន្តទំនើប ១គ្រឿង ម៉ាក Lexus NX-200T ពណ៌ស មិនចាំស្លាកលេខ បើកមកដល់ចំណុចខាងលើ មិនដឹងថា មានកំហឹងរឿងអ្វីស្រាប់ តែដកកាំភ្លើងបាញ់មេឃ ជាបន្តបន្ទាប់ ប្រមាណ៥គ្រាប់ រួចបើករថយន្តគេចបាត់ស្រមោលតែម្តង ដោយបន្សល់ទុកគ្រាប់កាំភ្លើង នៅកន្លែងកើតហេតុ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច និងកងរាជអាវុធហត្ថមូលដ្ឋាន បានចុះមកដល់ទីតាំងខាងលើ និងបានប្រមូលសំបកគ្រាប់កាំភ្លើង សរុបចំនួន៥ យកទៅរក្សាទុក ដើម្បីបន្តស៊ើបអង្កេត ស្វែងរកខ្មាន់កាំភ្លើង ដើម្បីនាំខ្លួនមកចាត់ការតាមនីតិវិធី៕