ភ្នំពេញ ៖ អតីតតារាចម្រៀងសាន់ដេ លោកអ៊ីណូ កាលពីខែកញ្ញា ឆ្នាំ២០២៥ នេះបានបង្កើតក្រុម ENO6 មានសមាជិកទាំងអស់ ចំនួន៦នាក់ ដែលម្នាក់ៗសុទ្ធតែតែងមុខ ម៉ូដសក់ និងស្លៀកពាក់ស្ទីលអ៊ីណូ ទាំងអស់ រហូតដល់ពេលខ្លះពិបាកបែងចែកថា មួយណាជាអ៊ីណូ ហ្ស៊ីន ទៀតផង។ អ៊ីណូ ទាំង៦ដួង ចាប់ដៃគ្នាជា ENO6 នោះ មានលោកសាន្ដ ពេជ្រសុភារិទ្ធិ ហៅអ៊ីណូ ហ្ស៊ីន (ប្រធានក្រុម) និងសមាជិកទាំង៥នាក់ គឺអ៊ីណូ ព្រៃវែង, អ៊ីណូ ចង្រិត, អ៊ីណូ ចង្រ្កានហ្គាស់ (អ៊ីណូស្រុកស្នូល), អ៊ីណូ កំពង់ធំ និងអ៊ីណូ រ៉េន ។ អ្វីដែលគួរឲ្យចាប់អា រម្មណ៍គ្រាន់តែពេលក្រុម ENO6 ចេញ MV បទ «ក្បែរសង្សារថ្មី មិនដូចក្បែរសង្សារចាស់» កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ស្រាប់តែក្រុមអ្នកលេងបណ្ដាញសង្គមថៃ និង Influencer របស់ថៃមួយចំនួន បាននាំគ្នាយកក្រុមចម្រៀង ENO6 ទៅ Troll និង Bully ក្នុងន័យបន្តុះបង្អាប់ថា តារាខ្មែរ មិនស្អាត ធាត់ ដុះក្បាលពោះ ជាដើម ដែលធ្វើឲ្យ ENO6 ផ្ទុះពេញបណ្តាញសង្គមថៃ ។

អ្នកលេងបណ្ដាញសង្គមខ្មែរ មួយចំនួននិយាយបែបលេងសើចថា ការពារ ENO ឲ្យខាងតែបាន ព្រោះចោរ សៀម មិនត្រឹមតែចង់បានប្រាសាទ និងទឹកដីខ្មែរទេ ប៉ុន្ដែក៏ចង់បានអ៊ីណូ របស់ខ្មែរ ផងដែរ ។

ដោយឃើញអ្នកលេងបណ្ដាញសង្គមថៃ ច្រើនទៅៗ យក ENO6 ទៅ Bully នោះ អ៊ីណូ ហ្ស៊ីន ដែលជាអ្នកដឹកនាំក្រុម បានបង្ហាញការបារម្ភចំពោះការតាមវាយប្រហារលោក នៅលើបណ្ដាញសង្គម តែលោកថា នឹងមិនទៅណាចោលខ្មែរទេ សូមចោរសៀម កុំមកចង់តោងលោកអី។

លោកសាន្ដ ពេជ្រសុភារិទ្ធិ ផ្ដាំទៅថៃ ដែលយកបទចម្រៀងរបស់លោក ច្រៀងជាក្រុមENO6 ទៅវាយប្រហារនោះថា «បងប្អូនខ្មែរយើង ជួយផង ម៉េចបានផេកថៃ យករូបនិងគ្រប់វីដេអូ បទចម្រៀងថ្មី របស់ ENO ទាំងអស់ មកផុសចឹង ហើយពួកវាចូលខម្មិនវាយលុកដល់ Tik Tok ទៀត។ ពួកអាសៀមនេះ វាមកតោងអីដល់ ENO អញមិនទៅទេ»។

សូមបញ្ជាក់ថា អ៊ីណូ ក្រោយដើរចេញពីសាន់ដេ លោកបានបង្កើតក្រុមចម្រៀង ENO3 វិវិត្តមកជា ENO4 និងចុងក្រោយនេះ ENO6 ដែលច្រៀងជាមួយគ្នា ៦នាក់ លេងស្ទីលដូចគ្នា ។ ក្រោយអ៊ីណូ ច្រៀងជាក្រុម ស្រាប់តែមានបណ្ដា Pub និងក្លឹប រួមទាំងកម្មវិធីមួយចំនួន បានជួលក្រុម ENO ទៅច្រៀងសម្ដែង ជាបន្ដបន្ទាប់ រហូតធ្វើឲ្យអ៊ីណូ ឡើងកូដក្រឺតៗតែម្ដងពេលនេះ ព្រោះតែមានគេជួលឲ្យផ្សព្វផ្សាយផលិតផលទៀតផង ដូចជាក្រុមហ៊ុនប៊ីចេង និងកៅអៀក រួមទាំងឡេលាបក្លៀក ជាដើម ទើបធ្វើឲ្យ ENO6 មានលទ្ធភាពផលិត MV ជួល Director ត្រឹមត្រូវ មិនចាញ់តារាជ្រកនៅផលិតកម្មឡើយ ។ ប៉ុន្ដែរឿងដែលអ៊ីណូ និងសមាជិក ៥នាក់ទៀតខកចិត្ត គឺបទថ្មីរបស់ពួកគេ ត្រូវសៀម យកទៅ Bully សើចចំអកទៅវិញ ។ ប្រភពថា បញ្ហានេះបានធ្វើឲ្យលោកពេជ្រសុភារិទ្ធិ ចង់បាក់ទឹកចិត្ត និងឈឺចាប់ ហើយតាំងចិត្តថា បើសៀម ចង់ទិញលោកយកទៅ ក៏លោកមិនព្រមទៅជាដាច់ខាត។

អ៊ីណូ ដែលប្ចុប្បន្នកំពុងមានហាងឆេង និងក្ដៅចិត្តរឿងត្រូវសៀម បង្អាប់នោះ ក៏ឈឺក្បាលមិនតិចដែរ ព្រោះលោកចង់បញ្ចប់ការបង្កើតក្រុមចម្រៀងត្រឹម ENO6 ប៉ុន្ដែមានអ្នកតែងខ្លួនដូចលោក បានចេញមកជាបន្ដបន្ទាប់ និងសំណូមពរឲ្យលោកបន្ថែមសមាជិកថ្មី ដើម្បីឲ្យពួកគេបានល្បីដែរ។ ហេតុនេះហើយបានជាធ្វើឲ្យលោកពេជ្រសុភារិទ្ធិ មានការារែកចិត្តខ្លាំង ព្រោះបើគិតតែពីទទួលសមាជិកថ្មី តាមការស្នើសុំ ទោះជាបង្កើត ENO100 ក៏មិនអស់អ្នកសុំចូលក្រុមឡើយ ។

គួររំលឹកថា អ៊ីណូ ម្ចាស់បទ «អូនកុំយំ» និង «មនុស្សអូនស្រវឹងកំពូលកុហក» ធ្លាប់រកស៊ីលក់ឡាន ទិញលក់ដីធ្លី ប៉ុន្ដែកាលពីខែឧសភា ឆ្នាំ២០២៤ លោកបានធ្លាក់ខ្លួនត្រូវគេទារបំណុលមុខក្រោយ រហូតលោកដាច់ចិត្តលើកម្រាបដៃ១០ ប្រកាសសុំជំនួយពីមហាជនទៀតផង។ ប៉ុន្តែពេលនេះ អ៊ីណូ បានក្រោកឈរដោយខ្លួនឯងវិញ ជា មួយការបង្កើតក្រុម ENO6 បើទោះជាគេមិនដឹងថា ក្រុមចម្រៀងនេះ ល្បីតែមួយប្រាវ ក៏ត្រូវរលត់វិញដូចអតីតតារាមួយចំនួនដែលបង្កើតក្រុមចម្រៀងហើយ ត្រូវរំសាយជាបន្ដបន្ទាប់នោះដែរឬយ៉ាងណា ក៏បច្ចុប្បន្ន អ៊ីណូ មានទីផ្សារវិញហើយ ដោយមានគេជួលច្រៀងជាហូរហែ ។ ចំណែកប្រភពខ្លះថា អ៊ីណូ ដែលកំពុងតែព្យាយាមស្ដារមុខមាត់ឡើងវិញនោះ ពេលនេះកាន់តែមានមន្ដស្នេហ៍មិនធម្មតា គឺញ៉ែបានៗ មិនចាញ់នាយពាក់មី និងនាយចឺម ឡើយ ៕

