Thursday, October 2, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប៉ូលិសផ្កាយ២ ចាប់គ្រឿងញៀន ជំរិតយកលុយ

ប៉ូលិសផ្កាយ២ ចាប់គ្រឿងញៀន ជំរិតយកលុយ

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ បានប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទ ចំនួន៥នាក់ ដែលសុទ្ធតែជាមន្ត្រីនគរបាលយុត្តិធម៌ នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្នុងនោះមានអតីតផ្កាយ ២ម្នាក់ តួនាទីជាអនុប្រធានមន្ទីរប្រឆាំងគ្រឿងញៀន ជាប់ចោទពីបទចាប់និងបង្ខាំងដោយខុសច្បាប់ មានស្ថានទម្ងន់ទោស ជំរិតយកប្រាក់ ពីឈ្មួញគ្រឿងញៀន និងបទសម្អាតប្រាក់។

ជនជាប់ចោទទាំង៥នាក់ រួមមាន ៖ ១-ឈ្មោះវ៉ាន់ កុសល ភេទប្រុស អាយុ៥៨ឆ្នាំ អតីតផ្កាយ២ មានតួនាទីជាអនុប្រធានមន្ទីរប្រឆាំងគ្រឿងញៀន សាលក្រមបានផ្តន្ទាទោស ២បទល្មើស គឺបទជំរិតយកប្រាក់ ផ្តនាទោសដាក់ពន្ធនាគារ កំណត់១៥ឆ្នាំ និងបទសម្អាតប្រាក់ ដាក់ពន្ធនាគារ កំណត់២ឆ្នាំ (ទោសសរុប ១៧ឆ្នាំ)។ ២-ឈ្មោះជួន លឹមហេង ភេទប្រុស អាយុ៣១ឆ្នាំ អតីតមន្ត្រីនគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សាលក្រមផ្តន្ទាទោសដាក់ ពន្ធនាគារ កំណត់១៥ឆ្នាំ។ ៣-ឈ្មោះអុន សំអូន ភេទប្រុស អាយុ៤៤ឆ្នាំ អតីតមន្ត្រីនគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារ កំណត់១៥ឆ្នាំ។ ៤-ឈ្មោះនេត សុខុម ភេទប្រុស អាយុ៤២ឆ្នាំ អតីតមន្ត្រីនគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារ កំណត់១៥ឆ្នាំ។ ៥-ឈ្មោះឈាវ ស៊ីដេត ភេទប្រុស អាយុ៤៦ឆ្នាំ អតីតមន្ត្រីនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន សាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារ កំណត់១៥ឆ្នាំ ជាប់ចោទពីបទចាប់និងបង្ខាំងដោយខុសច្បាប់ មានស្ថាន ទម្ងន់ទោស “ជំរិតយកប្រាក់”។

ប៉ុន្តែសាលក្រមនេះ ត្រូវបានជនជាប់ចោទទាំង៥នាក់ កើតទុក្ខមិនសុខចិត្ត ចំពោះការកាត់ក្តីរបស់សាលាដំបូងរាជធានីភ្នំពេញ ទើបជនជាប់ចោទ បន្តនីតិវិធីពឹងពាក់មេធាវីការពារតាមផ្លូវច្បាប់ “ប្តឹងឧទ្ធរណ៍” ប្រឆាំងនឹងសាលក្រមខាងលើ។

គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំ រឿងអតីតផ្កាយ២ អនុប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងកូនចៅ ៤នាក់ មកបើកសវនាការជំនុំជម្រះ ពាក់ព័ន្ធករណីចាប់បង្ខាំងនិងជំរិតយកប្រាក់ ពីឈ្មួញគ្រឿងញៀន។ សវនាការនោះ បានធ្វើឡើងជាសាធារណៈ មានលោកចៅក្រម ស សំណាង ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងលោកសុក កែវបណ្ឌិត ព្រះរាជអាជ្ញារង ជាតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ សវនាការ មានជនត្រូវចោទ ចំនួន៥នាក់ ដែលបានឈរក្នុងរង្វង់ក្រចកសេះ និងមានមេធាវីការពារក្តីរៀងខ្លួន ដើម្បីសួរដេញដោលក្នុងសំណុំរឿងព្រហ្មទណ្ឌឧក្រិដ្ឋនេះ។ ជនជាប់ចោទ ទាំង៥នាក់ រួមមាន ១-ឈ្មោះ វ៉ាន់ កុសល ភេទប្រុស អាយុ៥៨ឆ្នាំ (មានខ្លួន) ២-ឈ្មោះជួន លឹមហេង ភេទប្រុស អាយុ៣១ឆ្នាំ (មានខ្លួន) ៣-ឈ្មោះអុន សំអូន ភេទប្រុស អាយុ៤៤ឆ្នាំ (មានខ្លួន) ៤-ឈ្មោះនេត សុខុម ភេទប្រុស អាយុ៤២ឆ្នាំ (មានខ្លួន) ៥-ឈ្មោះឈាវ ស៊ីដេត ភេទប្រុស អាយុ៤៦ឆ្នាំ (មានខ្លួន)។

សវនាការបានសួរដេញដោលតាមនីតិវិធី តាំងពីរសៀល រហូតដល់វេលាយប់ និងបានបញ្ចប់ ទើបប្រធានក្រុម ប្រឹក្សា បានសម្រេច លើកពេលប្រកាសសាលក្រមផ្តន្ទាទោសលើជនជាប់ ចោទ ទៅថ្ងៃមិនកំណត់។

គួររំលឹកថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបន្តនីតិវិធីបើក ការស៊ើបអង្កេតលើសំណុំរឿងលោកផ្កាយ២ អនុប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ម្នាក់ និងកូនចៅ ៤នាក់ រួចសម្រេចឃុំខ្លួនដាក់ពន្ធនាគារ ជាបណ្តោះ អាសន្ន ពាក់ព័ន្ធការចោទប្រកាន់ពីបទចាប់និងបង្ខាំងដោយខុសច្បាប់ មានស្ថានទម្ងន់ទោស (ជំរិតយកប្រាក់)។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការឃាត់ខ្លួនមន្ត្រីនគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចំនួន៥នាក់ ពាក់ព័ន្ធករណីចាប់និងបង្ខាំងជំរិតយកប្រាក់ ដែលនីតិវិធីបើកការស៊ើបសួរនៅដំណាក់កាលអយ្យការ ត្រូវបានបញ្ចប់។

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៦៤៤៣ ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានជនសង្ស័យ ចំនួន៥នាក់ ទី១-ឈ្មោះវ៉ាន់ កុសល ភេទប្រុស ទី២-ឈ្មោះជួន លឹមហេង ភេទប្រុស ទី៣-ឈ្មោះអុន សំអូន ភេទប្រុស ទី៤-ឈ្មោះនេត សុខុម ភេទប្រុស និងទី៥-ឈ្មោះឈាវ ស៊ីដេត ភេទប្រុស ដែលត្រូវបានសង្ស័យថា បានប្រព្រឹត្តសកម្មភាពដេញចាប់ ជនរងគ្រោះនៅតាមផ្លូវសាធារណៈ យកទៅបង្ខាំង ដើម្បីទទួលបានផលប្រយោជន៍ពីជនរងគ្រោះ ជាថ្នូរនឹងការដោះលែងឱ្យមានសេរីភាព។ ក្រោយមក ក្រុមជនសង្ស័យ ត្រូវបានឃាត់ខ្លួន បញ្ជូនមកកាន់អយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ បន្ទាប់ពីមានពាក្យបណ្តឹងរបស់ ជនរងគ្រោះ ដើម្បីចាត់ការតាមនីតិវិធី។ ក្រោយពីតំណាងអយ្យការបានបើកការស៊ើបអង្កេត ផ្ទៀងផ្ទាត់និងពិនិត្យលើភស្តុតាងនានា ព្រមទាំងបានស្តាប់ចម្លើយជន សង្ស័ យទាំងអស់ខាងលើ ឃើញថា ៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ក្រុមជនសង្ស័យខាងលើ ព្រមទាំងបក្ខពួក បានធ្វើសកម្មភាពឃាត់រថយន្តរបស់ជនរងគ្រោះ ជាជនជាតិចិន ចំនួន៣ករណី ៖

ករណីទី១-នៅវេលាម៉ោង ១០យប់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ក្រុមជនសង្ស័យ និងបក្ខពួក បានធ្វើសកម្មភាពឃាត់រថយន្តម៉ាក TOYOTA ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AW-2116 និងឃាត់ខ្លួនជនរង គ្រោះជាជនជាតិចិន ចំនួន៤នាក់ នៅចំណុចម្តុំក្បាលថ្នល់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ យកទៅមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីធ្វើការឆែកឆេរ ដោយរកឃើញម្សៅពណ៌ទឹកក្រូច ចំនួន១កញ្ចប់តូច នៅក្នុងរថយន្ត រួចចោទ ប្រកាន់ជនរងគ្រោះថា បានរក្សាទុកគ្រឿងញៀន។ បន្ទាប់មក ក្រុមជនសង្ស័យ បានបញ្ជូនជនរងគ្រោះទាំង៤នាក់ទៅបន្ទប់ឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីបង្ខាំងជនរងគ្រោះ។ បន្ទាប់មក ជនសង្ស័យបានទៅជួបជន រងគ្រោះ និងចរចាតម្លៃក្នុងការដោះលែងឱ្យមានសេរីភាព ដោយតម្រូវឱ្យបង់ប្រាក់ ក្នុងមួយនាក់ ១ម៉ឺនដុល្លារ ជាថ្នូរនឹងការដោះលែង។ រហូតដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ៥និង០០នាទី ក្រុមជនសង្ស័យ បានទៅជួបជនរងគ្រោះម្តងទៀត ហើយក៏បានធ្វើការសម្របសម្រួលឱ្យជនរងគ្រោះបង់ប្រាក់ ត្រឹមចំនួន ១៥០០០ដុល្លារ ដើម្បីជាថ្នូរនឹងការដោះលែងឱ្យមានសេរីភាពវិញ។

ករណីទី២-នៅវេលាម៉ោង១១យប់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ មានជនជាតិចិន ចំនួន៤នាក់ ជិះរថយន្តម៉ាក TOYOTA RALLY HILUX REVO ពាក់ស្លាកលេខ ភ្នំពេញ 2BB-0037 ចេញពីណាហ្គាវើលដ៍ ក្រុមជនសង្ស័យ និងបក្ខពួក បានឃាត់និងភ្ជង់អាវុធទៅលើជនរងគ្រោះ ដែលមានឈ្មោះ ZHU JIWANG ភេទប្រុស ឈ្មោះ LI LEI ភេទប្រុស ឈ្មោះ LI YUNSHUAI ភេទប្រុស និងឈ្មោះ HU BANGCAI ភេទប្រុស បានរួចធ្វើការវាយ ខ្នោះ រុញចូលក្នុងរថយន្ត បញ្ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីធ្វើការឆែកឆេរ ដោយរកឃើញម្សៅ ពណ៌សចំនួន១កញ្ចប់ថង់តូច រួចចោទប្រកាន់ជនរងគ្រោះថា បានរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងបានបញ្ជូនជនរងគ្រោះ ទៅឃុំខ្លួនជាបណ្តោះអាសន្ន ដើម្បីបង្ខាំង។

លុះដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង៥និង០០នាទី ក្រុមជនសង្ស័យ បានទៅជួបជនរងគ្រោះ ដើម្បីចរចារតម្លៃក្នុងការដោះលែងឱ្យមានសេរីភាពវិញ ដោយតម្រូវឱ្យបង់ប្រាក់ក្នុងម្នាក់ ចំនួន ១ម៉ឺនដុល្លារ ជាថ្នូរក្នុងការដោះលែង។ ក្រោយបង្ខាំងអស់ជាង ១យប់ ក្រុមជនសង្ស័យ បានមកចរចារតម្លៃក្នុងការដោះលែងឱ្យមានសេរី ភាពម្តងទៀត។ ពេលនោះជនរង គ្រោះឈ្មោះ ZHU JIWANG បានយល់ព្រមប្រគល់ទូរស័ព្ទ រួមទាំងលេខ សម្ងាត់គណនីធនាគារ ABA ឱ្យទៅក្រុមជនសង្ស័យ ។ ក្រុមជនសង្ស័យ បានឆែកឃើញមានទឹកប្រាក់ ចំនួន ៣៣ ០០០ដុល្លារ បន្ទាប់មក ក្រុមជនសង្ស័យបានឱ្យជនរងគ្រោះ ទាំង៤នាក់ ធ្វើលិខិតផ្ទេរសិទ្ធិដើម្បីទៅដកប្រាក់ពីធនាគារ ABA ដោយក្រុមជនសង្ស័យ បានផ្ទេរប្រាក់ តាមរយៈ E.CASH ដើម្បីឱ្យក្រុមជនសង្ស័យអាចដក ប្រាក់បាន។ បន្ទាប់ពីដកប្រាក់បានហើយ ក្រុមជនសង្ស័យបានបង្ខំឱ្យជនរងគ្រោះ ធ្វើលិខិតប្រគល់ប្រាក់ ក្រោមរូបភាពជូនជាសាគុណក្នុងការដោះលែង។ ក្នុងករណីនេះ ក្រុមជនសង្ស័យ បានយកប្រាក់ពីជនរងគ្រោះ សរុបចំនួន ៤២ ៧០០ដុល្លារ និងដកហូតប្រាក់យ័ន ចំនួន ២២០០យ័ន ដើម្បីជាថ្នូរនឹងការដោយលែងឱ្យមានសេរីភាពវិញ។

ករណីទី៣-នៅវេលាម៉ោង ១០និង២៥នាទីយប់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ជនរងគ្រោះជាជនជាតិចិន ឈ្មោះ ZHANG BOHAN ភេទប្រុស និងមិត្តភ្តិរួមដំណើរ ជាជនជាតិចិន ចំនួន៣នាក់ បានជិះរថយន្តម៉ាក RANGROVER ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2AP-5777 បានចេញពីផ្ទះលេខ D18 ផ្លូវ DAWIN បុរីវីរជន (កោះពេជ្រ) គោលបំណងទៅខុនដូ CITY DINES ត្រូវបានក្រុមជនសង្ស័យ ប្រើប្រាស់រថយន្ត ៤គ្រឿង និងម៉ូតូ ១គ្រឿង ធ្វើសកម្មភាពស្ទាក់ភ្ជង់ដោយអាវុធ AK47 នៅចំណុចមុខសារមន្ទីរព្រះឥសានវ័រ្មន ផ្លូវ១០៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ប៉ុន្តែករណីនេះ ពុំបានសម្រេច ដោយហេតុថា ជនរងគ្រោះបានបើករថយន្តគេចខ្លួន។

ផ្អែកតាមលទ្ធផលនៃការស៊ើបអង្កេតខាងលើ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើកការស៊ើបសួរ តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ លេខ ៤៨២៩ អ.យ.ឆ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយស្នើសុំចៅក្រមស៊ើបសួរ ដាក់ឱ្យស្ថិត នៅក្រោមការពិនិត្យលើ ៖

១-ឈ្មោះវ៉ាន់ កុសល ភេទប្រុស អាយុ៥៨ឆ្នាំ (ឃាត់ខ្លួន) ២-ឈ្មោះជួន លឹមហេង ភេទប្រុស អាយុ៣១ឆ្នាំ (ឃាត់ខ្លួន) ៣-ឈ្មោះអុន សំអូន ភេទប្រុស អាយុ៤៤ឆ្នាំ (ឃាត់ខ្លួន) ៤-ឈ្មោះនេត សុខុម ភេទប្រុស អាយុ៤២ឆ្នាំ (ឃាត់ខ្លួន) ៥-ឈ្មោះឈាវ ស៊ីដេត ភេទប្រុស អាយុ៤៦ឆ្នាំ (ឃាត់ខ្លួន) ៦-ឈ្មោះកែវ ខេន ភេទប្រុស អាយុ៣៤ឆ្នាំ (គេចខ្លួន) ៧-ឈ្មោះគង់ វីរៈជាតិ ភេទប្រុស (គេចខ្លួន)

៨-បក្ខពួក ពីបទចាប់និងបង្ខាំងដោយខុសច្បាប់ មានស្ថានទម្ងន់ទោស (ជំរិតយកប្រាក់) ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ដែលបទល្មើសនេះ មានបញ្ញត្តិឱ្យផ្តន្ទាទោស តាមមាត្រា ២៥៤ កថាខណ្ឌទី១ ចំណុច៣ នៃក្រមព្រហ្មទណ្ឌ៕

RELATED ARTICLES