Friday, October 3, 2025
Homeព័ត៌មានជាតិក្រសួងបរិស្ថាន ទប់ស្កាត់ទឹកកខ្វក់ ១៣លានម៉ែត្រគូប

ក្រសួងបរិស្ថាន ទប់ស្កាត់ទឹកកខ្វក់ ១៣លានម៉ែត្រគូប

ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានចាត់វិធានការទប់ស្កាត់ទឹកកខ្វក់បានចំនួន ១៣ ៧០៩ ៤៩៤ ម៉ែត្រគូប មិនឱ្យបំពុលតំបន់ទឹកសាធារណៈ នៅកម្ពុជា គិតចាប់តាំងពីខែមករា ដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២៥។ គ្រាន់តែក្នុងខែកញ្ញា ឆ្នាំ២០២៥ ទឹកកខ្វក់ចេញពីក្រុម និងរោងចក្រ ចំនួនជិត ២លានម៉ែត្រគូប ត្រូវបានទប់ស្កាត់មិនឱ្យបញ្ចេញទៅបំពុលប្រភពទឹកស្អាតនានា នៅតាមរាជធានី-ខេត្ត។

លោកខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា បានការអនុវត្តច្បាប់ទប់ស្កាត់ការបំពុលបរិស្ថាននេះ ត្រូវបានត្រួតពិនិត្យ តាមដាន ឱ្យក្រុមហ៊ុននិងរោងចក្រ ដែលមានសក្តានុពលប្រភពបំពុល នៅតាមរាជ ធានី-ខេត្ត ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមក្រមបរិស្ថាន និង ធនធានធម្មជាតិ លើការបំពាក់ឧបករណ៍តាមដានស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវនៅតាមទីតាំងរបស់ក្រុមហ៊ុន និងរោងចក្រទាំងអស់។ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមហ៊ុននិងរោងចក្រ ចំនួន៥៧ ទីតាំង បានចុះកិច្ចសន្យា ដើ ម្បីអនុវត្ត ច្បាប់ត្រឹមត្រូវ និងបានបំពាក់ឧបរណ៍ស្វ័យត្រួតពិនិត្យ ក្នុងនោះមានក្រុមហ៊ុន និងសហគ្រាសចំនួន៤៦ បានបំពាក់រួចហើយ។

សូមបញ្ចាក់ថា ក្រសួងបរិស្ថាន បានខិតខំបំពេញតួនាទីភារកិច្ចយ៉ាងសស្រាក់សស្រាំ ដើម្បីឈានទៅសម្រេចយុទ្ធសាស្ត្រចក្រាវិស័យ បរិស្ថាន ២០២៣-២០២៨ អនុលោមទៅតាមយុទ្ធសាស្ត្របញ្ចោកាណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និង ប្រសាសន៍ដឹកនាំ ដ៏ខ្ពង់ខ្ពស់ របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់លើវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈ ដើម្បីការពារបរិស្ថាន និងការពារសុខភាពសាធារណៈ។

លទ្ធផលសម្រេចបាននាពេលនេះ គឺបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងចូលរួមសហការល្អ ពីថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងបរិស្ថាន ពីក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ម្ចាស់រោងចក្រ និងក្រុមហ៊ុន រួមជាមួយអ្នកសារព័ត៌មាន និង ប្រជាពលរដ្ឋ ក្នុងអនុវត្តគោលនយោបាយ យុទ្ធសាស្ត្ររបស់រាជ រដ្ឋាភិបាលកម្ពុជា យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលសសរស្តមទី១ គឺ “ភាពស្អាត” ផងដែរ ។

ដោយឡែក ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ ក្រុមការងារជំនាញក្រសួងបរិស្ថាន បានចុះពិនិត្យ តាមដាន និងវាយតម្លៃគុណភាពទឹក សាធារណៈ ចំនួន៥៤ទីតាំង ទឹកកខ្វក់សម្អាតរួចចំនួន ៩ទីតាំង និងតំបន់ងាយរងការបំពុលទឹក ចំនួន១២ទីតាំង នៅតាមរាជធានី-ខេត្តគោលដៅ ដោយសហការជាមួយមន្ទីរបរិស្ថាន រាជធានី ខេត្តទាំង២៥ និងបានដំណើរការស្ថានីយតាមដានគុណភាពទឹកស្វ័យប្រវត្តិកោះពេជ្រ ទន្លេចតុមុខ។

 លទ្ធផលការវាយតម្លៃសន្ទស្សន៍គុណភាពទឹកជារួមគុណភាពទឹកសាធារណៈ និងតំបន់ងាយរងការបំពុលទឹក ស្ថិតក្នុងចំណាត់ថ្នាក់ល្អ ណាស់ និងល្អ និងដោយទ្បែកទឹកកខ្វក់ សម្អាតរួចអនុលោមតាមស្តង់ដាបញ្ចេញចូលប្រភពទឹកសាធារណៈ។ ព្រមជាមួយគ្នានេះ ក្រុមការងារ បាន ចុះពិនិត្យ និងវាយតម្លៃការគ្រប់គ្រងសំណល់រាវ នៅទីតាំងស្នើសុំបញ្ចោញសំណល់រាវ ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ បានចំនួនសរុប ១ ៥៤៩ ក្រុមហ៊ុន (ឆ្នាំ២០២៣ ចំនួន៤៦៥ ឆ្នាំ២០២៤ ចំនួន៦៧១ និងឆមាសទី១ ឆ្នាំ២០២៥ ចំនួន៤១៣) ដោយបានចេញលិខិតអនុញ្ញាតបញ្ចេញសំណល់រាវ ចំនួនសរុប ១ ៥០៦ក្រុមហ៊ុន (ឆ្នាំ២០២៣ ចំនួន៤៥៦ ឆ្នាំ២០២៤ ចំនួន៦៥៨ និងឆ្នាំ២០២៥ ឆមាសទី១ ចំនួន៣៩២)៕

RELATED ARTICLES