ខេត្តកំពង់ធំ ៖ លោកឧត្តមសេនីយ៍ទោ សេង ធារិន ប្រធានគណៈបញ្ជាការដឹកនាំបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប កាលពីវេលាម៉ោង ២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥បានចាត់តាំងកម្លាំងអង្គភាពចំណុះយោធភូមិភាគទី៥ ដឹកនាំដោយវរសេនីយ៍ទោ ស វិបុល សហការជាមួយកម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងកម្លាំងការិយាល័យទី២ កងទ័ពជើងគោក ចុះប្រតិបត្តិការបង្ក្រាបការជួយដូរ និងដឹកលៀសដោយខុសច្បាប់ ចំនួន៣០តោន ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកស្ទោង ខេត្តកំពង់ធំ។

ប្រតិបត្តិការបង្ក្រាបនេះ បានឃាត់រថយន្ត សរុបចំនួន៣គ្រឿង រួមមាន ទី១-រថយន្តម៉ាក FUSU ចំណុះ៥តោន ផ្ទុកលៀសចំនួន ១៥តោន ទី២-រថយន្តកូរ៉េចំណុះ៥តោន ផ្ទុកលៀសចំនួន១០តោន និងទី៣-រថយន្តកែឆ្នៃ ផ្ទុកលៀសចំនួន៥តោន រួមជាមួយអ្នកបើកបររថយន្ត ចំនួន ៣នាក់ បញ្ជូនទៅមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកំពង់ធំ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ ដោយឡែកលៀសដែលឃាត់ បាន ប្រគល់ជូនមន្ត្រីជំនាញ និងកងទ័ព បានដឹកជញ្ជូនយកទៅចាក់ចូលក្នុងបឹងទន្លេសាប វិញ។

លោកឧត្តមសេនីយ៍ទោ សេង ធារិន បានបញ្ជាក់ថា ទោះបីកងទ័ពជាប់ដៃការពារបូរណភាពទឹកដី ពីការឈ្លាន ពានពីប្រទេសជិតខាងយ៉ាងណា តែដៃម្ខាងការពារទឹកដី និងដៃម្ខាងបន្តការពារធនធានធម្មជាតិ លើផ្ទៃបឹង ទន្លេសាប ដោយបន្តបង្ក្រាបបទល្មើសផ្សេងៗ ដូចជា ឆក់ក្តៅ ត្រជាក់ ដាក់របាំងស្បៃ លបបណរ៉ាវ ក្នុងតំបន់ព្រៃលិចទឹក និងការនេសាទដោយឧបករណ៍ខុសច្បាប់ជលផលផ្សេងៗទៀតជារៀងរាល់ថ្ងៃ ដោយពុំមានការលើកលែង និងចាត់វិធានការយ៉ាងម៉ឹងម៉ាត់បំផុត ដើម្បីធានាបាននូវការការពារធនធានធម្មជាតិ ជីវចម្រុះ លើផ្ទៃបឹងទន្លេសាប ដែលជាប្រភពធនធានមច្ឆជាតិ ក្នុងការរួមចំណែកជួយផ្គត់ផ្គង់នូវជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរ មួយចំណែក និងផលប្រយោជន៍សេដ្ឋកិច្ចជាតិ៕
