Tuesday, October 7, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកម្ពុជា រងឥទ្ធិពលព្យុះ២ បន្តធ្លាក់ភ្លៀង

កម្ពុជា រងឥទ្ធិពលព្យុះ២ បន្តធ្លាក់ភ្លៀង

ភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានប្រកាសឱ្យដឹង កាលពីព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ថា ព្យុះចំនួន២ គឺព្យុះទី២១ ឈ្មោះម៉ាតម៉ូ (Matmo) និងព្យុះទី២២ឈ្មោះ ហាលុង (Halong) ដែលកំពុងដើរលើគន្លង ផ្លូវស្របគ្នា ហើយក៏នឹងជះឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា ធ្វើនៅតាមបណ្តាខេត្តមួយចំនួន មានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់។

យោងតាមព្រឹត្តិបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាស របស់ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ថា សម្ពាធទាបដែលកើតនៅសមុទ្រខាងត្បូង បានវិវត្តទៅជាព្យុះទី២២ឈ្មោះ ហាលុង (Halong) T2522 ដែលគន្លងផ្លូវដើររបស់ព្យុះនេះ ស្របនឹងព្យុះទី២១ ឈ្មោះ ម៉ាតម៉ូ (Matmo) T2521 ហើយមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា។ គន្លងផ្លូវដើររបស់ព្យុះទាំងពីរនេះ ពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជា នោះទេ។

ស្ថានភាពបែបនេះ នឹងធ្វើឱ្យ ៖ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ៈ

១-តំបន់វាលទំនាប ៖ សីតុណ្ហភាពមធ្យមអប្បបរមា ២២អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣១អង្សាសេ។ ខ្យល់បក់មកពីទិសបូព៌ និងទិសអាគ្នេយ៍ មានល្បឿនមធ្យម ២ម៉ែត្រ ក្នុង១វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប់ កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងភ្នំពេញ អាចមានភ្លៀងធ្លាក់ ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ២៥ភាគរយ។

២-តំបន់ខ្ពង់រាប ៖ សីតុណ្ហភាពមធ្យមអប្បបរមា ២១អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣០អង្សាសេ។ ខ្យល់បក់មកពីទិសបូព៌ និងទិសអាគ្នេយ៍ មានល្បឿនមធ្យម ៣ម៉ែត្រ ក្នុង១វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរ មានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរ ភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ២០ភាគរយ។

៣-តំបន់មាត់សមុទ្រ ៖ សីតុណ្ហភាពមធ្យមអប្បបរមា ២១អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣១អង្សាសេ។ ខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍ មានល្បឿនមធ្យម ២ម៉ែត្រ ក្នុង១វិនាទី។ ខេត្តកោះកុង ព្រះ សីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ៣០ភាគរយ។ រលកសមុទ្រ មានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧៥ម៉ែត្រ៕

RELATED ARTICLES