ខេត្តតាកែវ ៖ ស្ត្រីសង្ស័យ ចំនួន២នាក់ បានធ្វើសកម្មភាពឆបោកស្ត្រីចំណាស់ម្នាក់ តាមរូបភាពទម្លាក់យោង យករបស់កាឡៃ ទៅដូរយកមាស (ខ្សែក និងក្រវិលមាស) ពីស្ត្រីចំណាស់រងគ្រោះ បានសម្រេចចំនួន៤ជី រួចនាំគ្នាគេចខ្លួន តែត្រូវសមត្ថកិច្ចជំនាញតាមចាប់ក្របួចជាប់ទាំង២នាក់ នាំយកមកចាត់ការតាមច្បាប់។

ករណីឆបោក (ទម្លាក់យោង) នេះ បានកើតឡើង កាលពីវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ នៅចំណុចផ្សារបាស្រែ ស្ថិតនៅភូមិតាអី ឃុំបាស្រែ ស្រុកអង្គរបុរី ខេត្តតាកែវ។
ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះសុខ នីតា ភេទស្រី អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ និងទី២-ឈ្មោះនួន ស្រីតី ភេទ ស្រី អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះ មានឈ្មោះឆាយ ផល ភេទស្រី អាយុ៥៣ឆ្នាំ មានលំនៅ ភូមិតាអី ឃុំបាស្រែ ស្រុកអង្គរបុរី។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា នៅវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ មានករណីឆបោក (ទម្លាក់យោង) យករបស់កាឡៃ ដូរយកខ្សែកមាស និងក្រវិលមាសពីជនរងគ្រោះ បានកើតឡើងនៅចំណុចផ្សារបាស្រែ ស្ថិតនៅភូមិតាអី ឃុំបាស្រែ ស្រុកអង្គរបុរី ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យចំនួន២នាក់ (ភេទស្រី ) បានឆបោកទៅលើស្ត្រីរងគ្រោះ ឈ្មោះឆាយ ផល ដោយលួងលោមដោះយកទ្រព្យ សម្បត្តិរបស់ជនរងគ្រោះ រួមមាន ខ្សែកមាស ចំនួន១ខ្សែ ទម្ងន់៣ជី និងក្រវិលមាស ចំនួន១គូ ទម្ងន់១ជី។ លុះពេលធ្វើសកម្ម ភាពបានសម្រេចហើយ ជនសង្ស័យទាំង២នាក់ បានគេចខ្លួនបាត់។
ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម និងដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត តាកែវ លោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាល ស្រុកអង្គរបុរី បានបញ្ជាកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គរបុរី បានស្រាវជ្រាវ រហូតដល់ចំណុចខាងលិចស្ពានហូរឈាម ស្ថិតនៅភូមិពួនកក ឃុំបា ស្រែ ស្រុកអង្គរបុរី ក៏ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ (១-ឈ្មោះសុខ នីតា ២-ឈ្មោះនួន ស្រីតី) ព្រមទាំងដកហូតវត្ថុតាង រួមមាន ទូរស័ព្ទដៃ ចំនួន២គ្រឿង ខ្សែកកាឡៃ ចំនួន១ខ្សែ និងសម្ភារមួយចំនួន (ថ្នាំគ្រាប់ និងទឹកអប់) រួចនាំទៅកាន់អធិការដ្ឋាននគរបាលស្រុកអង្គរបុរី ដើម្បីសាកសួរ។

ជនសង្ស័យទាំង២នាក់ខាងលើ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី។ ចំណែកវត្ថុតាង ខ្សែកមាស និងក្រវិលមាស ត្រូវបានប្រគល់ជូនជនរងគ្រោះវិញ៕