Wednesday, October 8, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកាប់ប្តីប្រពន្ធរបួសធ្ងន់ ប្លន់ក្រវិលកំប៉ុងស្រាបៀរ

កាប់ប្តីប្រពន្ធរបួសធ្ងន់ ប្លន់ក្រវិលកំប៉ុងស្រាបៀរ

ខេត្តបាត់ដំបង ៖ ជនសង្ស័យម្នាក់ បានលបចូលទៅសម្ងំក្នុងបរេវិណផ្ទះលក់ចាប់ហួយ មួយកន្លែងតាំងពីយប់ លុះព្រឹកព្រលឹមឡើង ខណៈស្ត្រីជាម្ចាស់ផ្ទះបើកទ្វារក្រោយ ចេញពីផ្ទះ បានទាញកាំបិតផ្គាក់ មកកាប់ស្ត្រីជាម្ចាស់ផ្ទះ ចំនួន៤កាំបិត លុះបុរសជាប្តីស្ទុះមកជួយ ស្រាប់តែត្រូវជនដៃដល់កាប់ ១កាំបិត ចំក្បាល បណ្តាលឱ្យរងរបួសធ្ងន់ទាំង២នាក់ប្តីប្រពន្ធ។ ចំណែកជនដៃដល់ បានស្ទុះចូលទៅក្នុងផ្ទះ ឆក់យកក្រវិលកំប៉ុងស្រាបៀរមានរង្វាន់ ១ស្បោងធំ (ប្រមាណ១០កេស) រួចរត់គេចចូលព្រៃខាងក្រោយផ្ទះជនរងគ្រោះ បាត់ទៅ។

ករណីកាប់ប្លន់ក្រវិលកំប៉ុងស្រាបៀរនេះ បានកើតឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ នៅចំណុចផ្ទះលក់ចាប់ហួយ ១កន្លែង នៅចំណុចដងទង់ ស្ថិតក្នុងភូមិផ្លូវមាស ឃុំផ្លូវមាស ស្រុករតនមណ្ឌល។

ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ ដែលត្រូវជនដៃដល់កាប់ប្លន់ក្រវិលកំប៉ុងស្រាបៀរ រួមមាន បុរសជាប្តី មានឈ្មោះណំ ធារី អាយុ៦៨ឆ្នាំ (រងរបួសក្បាល១កាំបិត) ចំណែកស្ត្រីជាប្រពន្ធ មានឈ្មោះចាត ណា អាយុ៤៩ឆ្នាំ (រងរបួស ៤កាំបិត ត្រូវក្បាល ៣កាំបិត និងត្រូវដៃខាងឆ្វេង ១កាំបិត)។ ប្តីប្រពន្ធជនរងគ្រោះ មានមុខរបរលក់ចាប់ហួយ និងមានលំនៅក្នុងភូមិផ្លូវមាស ឃុំផ្លូវមាស ស្រុករតនមណ្ឌល។

លោកនិន សារ៉េន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលផ្លូវមាស បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ថា  ជនសង្ស័យដែលចូលកាប់ប្លន់ក្រវិលកំប៉ុង នៅផ្ទះលក់ចាប់ហួយខាងលើនេះ ទំនងជាមមនុស្សបែកថ្នាំ តែគេមិនទាន់ស្គាល់អត្តសញ្ញាណជននោះនៅឡើយ។ លោកថា ជនសង្ស័យនោះទំនងបានលួចចូលទៅសំងំនៅក្នុងចម្ការខាងក្រោយផ្ទះជនរងគ្រោះ តាំងពីក្បាលព្រលប់ លុះព្រឹកឡើង នៅពេលម្ចាស់ផ្ទះបើកទ្វារ ក៏ធ្វើសកម្មភាពតែម្តង។

លោកនាយប៉ុស្តិ៍ បានបន្តថា ជនដៃដល់បានប្រើប្រាស់កាំបិតផ្គាក់ ដែលជារបស់ជនរងគ្រោះទុកនៅខ្ទមខាង ក្រោយ កាប់ទៅលើជនរងគ្រោះ ទាំង២នាក់ប្តីប្រពន្ធ នៅពេលជនរងគ្រោះបើកទ្វារចេញដើរទៅខាងក្រោយ និងកំពុងរៀបចំបើកទ្វារផ្ទះ លក់ដូរ បណ្តាលឱ្យជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ រងរបួសធ្ងន់។

តាមសម្តីរបស់ជនរងគ្រោះ ដែលសមត្ថកិច្ចបានសាកសួរ បាននិយាយថា ជនដៃដល់អាចផ្លោះរបងចូលសម្ងំក្នុងដីចម្ការខាងក្រោយផ្ទះគាត់ តាំងពីយប់ លុះព្រឹកឡើង នៅពេលគាត់បើកទ្វារផ្ទះ ចេញទៅក្រោយ ក៏កាប់ប្លន់តែម្តង។ នៅគ្រានោះ ប្រពន្ធគាត់បានបើកទ្វារក្រោយ ចេញក្រៅ បន្ទាប់ពីឮសំឡេងឆ្កែព្រុស លុះរកមិនឃើញអ្វី ប្រពន្ធគាត់បានដើរទៅដកបន្លែ ស្រាប់តែត្រូវជនដៃដល់ទាញកាំបិតផ្គាក់ កាប់ប្រពន្ធគាត់ និងបានប្រតាយប្រ តប់គ្នា ស្រែកឆោឡោឡើង។ ភ្លាមនេះ នៅពេលឮសំឡេងប្រពន្ធស្រែក រូបគាត់ជាប្តី បានស្ទុះចេញមកជួយ ក៏ត្រូវជនដៃដល់កាប់គាត់ ត្រូវក្បាល ១កាំបិតដែរ ហើយនៅពេលដែលគាត់កំពុងជួយប្រពន្ធ ជនដៃដល់ឆ្លៀតឱកាសរត់ចូលក្នុងផ្ទះ ឆក់យកបានក្រវិលកំប៉ុងស្រាបៀរ ១ថង់ ហើយរត់ចូលព្រៃចម្ការគេចខ្លួនបាត់មួយរំពេច។

លោកឈឿង គឹមសុង ស្នងការរងទទួលផែនព្រហ្មទណ្ឌ ដែលបានចុះដល់កន្លែងកើតហេតុ បានប្រាប់ថា ពិតជាមានករណីជនសង្ស័យកាប់ប្តីប្រពន្ធអ្នកលក់ចាប់ហួយ ប្លន់ក្រវិលកំប៉ុងស្រាបៀរមានរង្វាន់ កើតឡើងមែន។ លោកថា បើតាមមន្ត្រីជំនាញត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាព នៅផ្ទះជនរងគ្រោះ ជនសង្ស័យបានធ្វើសកម្មភាពតាំងពីម៉ោង៧យប់ ដោយកាមេរ៉ា បានបង្ហាញសកម្មភាពគឺ ម៉ោង៧យប់ថ្ងៃ ទី៤ ខែតុលា ឆ្នាំ២០២៥ ជនសង្ស័យបានយកកាំបិត កាប់ទ្វារខាងមុខ តែធ្វើមិនកើត។ ត្រង់ចំណុចនេះ ម្ចាស់ផ្ទះបានអះអាងថា គាត់បានឮសំឡេងដែរ តែស្មានថាគេគប់ជញ្ជាំងផ្ទះ។  រហូតដល់ម៉ោងប្រហែល ៣រំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ ជនដៃដល់ដដែល បានដើរមកខាងមុខផ្ទះ យកទឹកក្រូចហួសដឺឡេ ដែលម្ចាស់ទុកចោលនៅខាងក្រៅ យកទៅផឹក នៅខ្ទមចម្ការខាងក្រោយ។ លុះព្រឹកឡើង ពេល ម្ចាស់ផ្ទះ (ប្រពន្ធ) បើកទ្វារចេញទៅខាងក្រោយ ក៏ត្រូវជនដៃដល់ទាញកាំបិតផ្គាក់កាប់តែម្តង លុះពេលបុរសជាប្តី រត់មកជួយ ក៏ត្រូវជនដៃដល់កាប់ឱ្យរបួសថែមម្នាក់ទៀត។

លោកឈឿង គឹមសុង បានបញ្ជាក់ថា  បើតាមចម្លើយជនរងគ្រោះ គឺជនដៃដល់ប្លន់បានតែក្រវិលកំប៉ុងស្រាបៀរ មានរង្វាន់ ១ថង់ តែប៉ុណ្ណោះ រីឯលុយកាក់ដែលទុកក្នុងថតតុ មិនបាត់បង់ទេ។

លោកស្នងការរង បានសន្និដ្ឋានបឋមថា បើយោងលើការតាមសកម្មភាពរបស់ជនសង្ស័យ ដែលបន្សល់ទុកក្នុងកាមេរ៉ាសុវត្ថិភាព ជនសង្ស័យអាចលួចចូលមកសំងំក្នុងខ្ទមចម្ការខាងក្រោយផ្ទះជនរងគ្រោះ តាំងពីក្បាលព្រ លប់ ហើយបានព្យាយាមធ្វើសកម្មភាពច្រើនលើកច្រើនសា តែមិនបានសម្រេច។ ជននេះទំនងសំងំដេកនៅខ្ទមខាងក្រោយ ដេកលក់ជ្រុល រហូតដល់ភ្លឺឡើង ពេលឃើញម្ចាស់ផ្ទះ បើកទ្វារចេញក្រៅ ក៏ទាញកាំបិតផ្គាក់របស់ជនរងគ្រោះនៅក្នុងខ្ទម ធ្វើសកម្មភាពកាប់ជនរងគ្រោះ រួចរត់ចូលក្នុងផ្ទះ ប្លន់ក្រវិលកំប៉ុងស្រាបៀរ ១ថង់ ហើយរត់ចេញទៅខាងក្រោយបាត់ទៅ ហើយបើតាមសកម្មភាពជនសង្ស័យទំនងជាមនុស្សបែកថ្នាំតែម្តង។

ជុំវិញករណីនេះ សមត្ថកិច្ចជំនាញ និងសមត្ថកិច្ចមូលដ្ឋាន កំពុងធ្វើការស្រាវជ្រាវតាមរកជនដៃដល់ខាងលើនេះ ដើម្បីនាំខ្លួនមកចាត់ការតាមនីតិវិធី៕

RELATED ARTICLES