Thursday, October 9, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្មេង៤នាក់ បាត់ពីផ្ទះនៅបាត់ដំបង បបួលគ្នាជិះកង់ទៅកំពង់សោម

ក្មេង៤នាក់ បាត់ពីផ្ទះនៅបាត់ដំបង បបួលគ្នាជិះកង់ទៅកំពង់សោម

ខេត្តបាត់ដំបង ៖ ក្មេងតូចៗ ៤នាក់ បានជិះកង់ដើរលេង បាត់ពីផ្ទះ ១យប់ ធ្វើឲ្យឪពុកម្តាយភ័យឆោឡោ ខំ អង្គុយរង់ចាំកូន ពេញ១យប់ មិនឃើញត្រឡប់មកផ្ទះវិញ ស្រាប់តែទទួលបានដំណឹងថា ពួកគេបបួលគ្នាជិះកង់ពីខេត្តបាត់ដំបង ទៅលេងខេត្តព្រះសីហនុ (កំពង់សោម)។

តាមប្រភពក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ថា បន្ទាប់ពីឃើញការផ្សព្វផ្សាយក្នុងបណ្តាញសង្គម ពីករណីបាត់ក្មេង នៅចំណុចសង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង មិនដឹងទៅទីណា ដែលការផ្សព្វផ្សាយរៀបរាប់ពីម្តាយរបស់ក្មេងនេះ បានធ្វើឱ្យមានការចាប់អារម្មណ៍ពីមហាជនក្នុងបណ្តាញសង្គមមក លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង បានដាក់បញ្ជាដល់អធិការដ្ឋាននគរបាលក្រុង ស្រុក ស្រាវជ្រាវ លើបញ្ហានេះជាបន្ទាន់ និងឱ្យអាណាព្យាបាល ជួបទំនាក់ទំនងបំភ្លឺបញ្ហានេះឱ្យបានច្បាស់លាស់ និងជាក់ស្តែងជូនដល់សមត្ថកិច្ច។

លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានឱ្យដឹងថា កាលពីវេលាទៀបភ្លឺ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ប្រជាពលរដ្ឋនៅភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ បានប្រទះឃើញក្មេងប្រុសស្រី ចំនួន៤នាក់ ជិះកង់ ២គ្រឿង នៅលើដងផ្លូវ ឃើញដូច្នេះ គាត់បាន កាក់សួរ ក្មេងៗបានឆ្លើយថា ពួកគេបបួលគ្នាជិះកង់ទៅខេត្តព្រះសីហនុ ដែលមិនមានឪពុកម្តាយ ឬអាណាព្យាបាលណាដឹងទេ។ ឮដូច្នេះ ប្រជាពលរដ្ឋបានឃាត់ដំណើរក្មេងៗទាំង៤នាក់ ហើយរាយការណ៍មកសមត្ថកិច្ចនគរបាលតែម្តង។

នៅពេលនេះ អាណាព្យាបាលរបស់ក្មេងៗទាំងនេះ បានទទួលព័ត៌មាននេះ និងមកទទួលយកពួកគេវិលត្រឡប់ទៅលំនៅឋានវិញហើយ ទោះជាបែបនេះក្តី សមត្ថកិច្ចផែនជំនាញនឹងបន្តសាកសួរស្រាវជ្រាវបន្ថែម លើការលើកឡើងរបស់ពួកគេ ពីដំណើរទៅកាន់ខេត្តព្រះសីហនុនេះ។

ករណីនេះ ក៏សូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ សូមមេត្តាពិនិត្យ តាមដាននូវសកម្មភាពរបស់កូនៗ ជាប់ជាប្រចាំ ក្រែងមានបញ្ហាដូចករណីខាងលើ។ ករណីនេះជួបប្រជាពលរដ្ឋ ដែលលោកមានការសង្កេត ពិនិត្យឬសង្ស័យ ទើបឃាត់ដំណើររបស់ពួកគេ និងផ្តល់ព័ត៌មានមកសមត្ថកិច្ច ចុះបើប៉ះចំជនទុច្ចរិតណាមួយនោះ តើជោគវាសនាពួកគេទាំង៤នាក់ នឹងទៅជាយ៉ាងណា?…។

តាមសម្តីស្ត្រីឈ្មោះ លាវ សំណាស់ អាយុ ៣៨ឆ្នាំ រស់នៅផ្ទះជួល នៅភូមិអូរតាគាំ៣ សង្កាត់ទួលតាឯក ក្រុង បាត់ដំបង ខេត្តបាត់ដំបង ជាម្ដាយរបស់ក្មេងតូច២នាក់ ក្នុងចំណោមក្មេង៤នាក់ ដែលបបួលគ្នាជិះកង់ពីខេត្ត បាត់ដំបង ទៅខេត្តព្រះសីហនុ នោះ បានឲ្យដឹងនៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ថា កូនរបស់គាត់ ២នាក់បងប្អូន (ប្រុស១ ស្រី១) នោះ បានបាត់ពីផ្ទះ ១យប់ហើយ ទោះបីជាគាត់ខំដើររកយ៉ាងណា ក៏មិនឃើញ ហើយគាត់អង្គុយរង់ចាំផ្លូវកូនត្រឡប់មកផ្ទះ ពេញ១យប់ ។

ស្ត្រីជាម្តាយខាងលើ បន្តថា មុនពេលបាត់ខ្លួន កូនរបស់គាត់ទាំង២នាក់ បានសុំទៅលេងនៅសួនវិមានឯករាជ្យ ក្រុងបាត់ដំបង តាំងពីល្ងាចថ្ងៃទី៧ ខែតុលា រួចទៅបាត់រហូតពេញ១យប់តែម្តង។

ស្ត្រីជាម្តាយក្មេងខាងលើ ឲ្យដឹងថា កូនរបស់គាត់ទាំង២នាក់នោះ ទី២-កូនស្រី ឈ្មោះតុង ម៉ាយ អាយុ១១ឆ្នាំ និងកូនប្រុស ឈ្មោះ តុង ផេវ៉េ អាយុ៩ឆ្នាំ ៕

RELATED ARTICLES