Friday, October 10, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ហោះម៉ូតូ អួតតាមហ្វេសប៊ុក ចូលប៉ុស្តិ៍៣

បង្ហោះម៉ូតូ អួតតាមហ្វេសប៊ុក ចូលប៉ុស្តិ៍៣

ខេត្តស្វាយរៀង ៖ យុវជន ចំនួន៣នាក់ ជិះម៉ូតូធុនធំ ៣គ្រឿង នាំគ្នាបង្ហោះ ដោយក្នុងនោះ មានយុវជនម្នាក់ ជាអ្នកជិះម៉ូតូដេញតាមថតវីដេអូ បង្ហោះក្នុងបណ្តាញសង្គម គាប់ជួនជួបនឹងកម្លាំងសមត្ថកិច្ចកំពុងចុះល្បាតប្រទះ ឃើញ ឃាត់ខ្លួនទាំង៣នាក់។

ករណីបង្ក្រាបក្រុមក្មេងទំនើងបង្ហោះម៉ូតូនេះ បានធ្វើឡើង កាលពីវេលាម៉ោង ៥និង១៦នាទីល្ងាច ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវបេតុង ស្ថិតក្នុងភូមិកំពោតលៀប សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត។

ក្មេងទំនើងទាំង៣នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន រួមមាន ទី១-ឈ្មោះភាព សៀកឡេង ភេទប្រុស អាយុ២២ ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ រស់នៅភូមិក្រូចសើច ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ទី២-ឈ្មោះវុធ សុវណ្ណយុទ្ធ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ រស់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ និងទី៣-ឈ្មោះចន កក្កដា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរសន្តិសុខ រស់នៅភូមិត្រពាំងរាំង ឃុំអង្គរមាស ស្រុកដង ទង់ ខេត្តកំពត។

តាមប្រភពសមត្ថកិច្ចក្រុងបាវិត បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៥និង៦នាទីល្ងាច ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃអង្គញ់ បានចេញល្បាតក្នុងមូលដ្ឋាន លុះមកដល់ត្រង់ចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិកំពោតលៀប សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ប្រទះឃើញក្មេង ទំនើង ១ក្រុម កំពុងជិះម៉ូតូធំ បង្ហោះនៅលើផ្លូវបេតុង យ៉ាងអនាធិបតេយ្យ ដោយក្នុងនោះ ២នាក់ ជាអ្នកជិះម៉ូតូបង្ហោះ ចំណែកម្នាក់ទៀត ជាអ្នកថតវីដេអូ។

ភ្លាមនោះ កម្លាំងសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនយុវជនទាំង៣នាក់ខាងលើ នាំយកទៅសាកសួរ និងធ្វើកិច្ច សន្យាអប់រំ រួចអញ្ជើញអាណាព្យាបាល មកទទួលយកទៅអប់រំបន្ត។ ចំណែកម៉ូតូ ទាំង៣គ្រឿង ត្រូវបានសមត្ថ កិច្ចដកហូតរក្សាទុក រយៈពេល៩០ថ្ងៃ៕

RELATED ARTICLES