Saturday, October 11, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្រុមស្រីស្អាតទិកតុក ជាប់ខ្នោះ៨ ក្រោយវ៉ៃគ្នាផ្អើលកោះពេជ្រ

ក្រុមស្រីស្អាតទិកតុក ជាប់ខ្នោះ៨ ក្រោយវ៉ៃគ្នាផ្អើលកោះពេជ្រ

ភ្នំពេញ ៖ ក្រុមស្រីស្អាតទិកតុក ដែលឈ្លោះគ្នា រហូតឈានដល់ការប្រើអំពើហិង្សា វាយគ្នាផ្អើលហាងកាហ្វេ នៅកោះពេជ្រ កាលពីកណ្តាលយប់ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ នោះ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនបានចំនួន៨នាក់ នាំយកមកចាត់ការតាមច្បាប់។

ប្រតិបត្តិការឃាត់ខ្លួនក្រុមស្រីស្អាតទិកតុក ដែលបង្កហិង្សានេះ បានធ្វើឡើងកាលពីវេលាទៀបភ្លឺ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ នៅចំណុចផ្ទះជួល ១កន្លែង ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។

ក្រុមស្រីស្អាតទិកតុក ទាំង៨នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន រួមមាន ទី១-ឈ្មោះហឿប ធារ៉ា ហៅ Jing ភេទ ស្រី អាយុ១៩ឆ្នាំ (ជាតារាទិកតុក)។ ទី២-ឈ្មោះចាន់ ស្រីរ័ត្ន ហៅទ្បាក់ ភេទស្រី អាយុ២២ឆ្នាំ។ ទី៣-ឈ្មោះឈួន លីសា ហៅ សា ភេទស្រី អាយុ១៧ឆ្នាំ។ ទី៤-ឈ្មោះទូច ស្រីលីន ហៅលីន ភេទប្រុស អាយុ១៩ឆ្នាំ។ ទី៥-ឈ្មោះខេន ចំណាន ហៅសាក់ ភេទប្រុស អាយុ១៨ឆ្នាំ។ ទី៦-ឈ្មោះទៀន លីហាក់ ហៅ ម៉ារ៉ា ភេទប្រុស អាយុ១៩ឆ្នាំ។ ទី៧-ឈ្មោះម៉ឹង សុផានិត ហៅ និត ភេទប្រុស អាយុ១៩ឆ្នាំ និងទី៨-ឈ្មោះ ហួត គឹមឈិន ហៅឈិន ភេទប្រុស អាយុ១៩ឆ្នាំ។

លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានឱ្យដឹងថា កាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ មានករណីហិង្សាដោយចេតនា បានកើតឡើងនៅចំណុចហាង KOI ក្នុងកោះពេជ្រ តាមផ្លូវវិថីកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។ លុះមកដល់វេលាទៀបភ្លឺ ឈានចូលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវរកឃើញជនសង្ស័យ មានគ្នា៨នាក់ បន្ទាប់ពីធ្វើសកម្មភាពរួច បានទៅដេកផ្ទះជួល ជុំគ្នា។ ភ្លាមៗសមត្ថកិច្ចបានចុះឃាត់ខ្លួនបានជនសង្ស័យប្រុសស្រី សរុបចំនួន៨នាក់ និងម៉ូតូ ចំនួន២គ្រឿង។

ជនសង្ស័យទាំង៨នាក់ខាងលើ រួមនិងវត្ថុតាង ត្រូបានកម្លាំងជំនាញការិយាល័យ រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

គួររំលឹកថា កាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ មានករណីហិង្សាមួយ បានកើតឡើងនៅចំណុចហាងកាហ្វេ KOI ស្ថិតក្នុងបរិវេណកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន ដោយនារីវ័យក្មេង និងភេទទី៣ ចំនួន១ក្រុម ក្នុងនោះមានស្រីស្អាតម្នាក់ ជាស្រីស្អាតទិកតុក ល្បីឈ្មោះគួរសមម្នាក់ផង បានឈ្លោះប្រកែកគ្នា និងឈានដល់ការប្រើហិង្សា វាយគ្នាផ្អើល ទាំងកណ្តាលយប់ បណ្តាលឱ្យមានអ្នករងរបួ តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញមាននារីក្មេងៗ រួមនិងភេទទី៣ផង ហើយក្នុងនោះ មាននារី វ័យក្មេងរូបស្រស់ម្នាក់ត្រូវគេស្គាល់ថាជាតារាទិកតុកល្បីគួរសម បានមកប្រមូលផ្តុំគ្នានៅចំណុចហាងកាហ្វេ KOI ចំណុចខាងលើ។ លុះបន្តិច ក្រោយមក មិនដឹងថាមានរឿងអ្វី ស្រាប់តែកើតមានការវាយប្រតាយប្រតប់គ្នា ដោយខ្លះប្រើដៃ ខ្លះទាញកៅអី ខ្លះហក់ធាក់ បណ្តាលឱ្យមានអ្នករងរបួសទៀតផង។ ភ្លាមនោះ ក្រុមសន្តិសុខដែលយាមប្រចាំការនៅក្បែរនោះ បាននាំគ្នាចេញមកជួយឃាត់បំបែកភាគីទាំងសងខាងចេញពីគ្នា។

ក្រោយវាយតប់គ្នាមួយប្រាវរួចមក ភាគីម្ខាងដែលគេស្គាល់ថាជាក្រុមស្រីស្អាតទិកតុក បានគេចខ្លួនចេញពីទីតាំងកើតហេតុបាត់ នៅសល់តែភាគីម្ខាងទៀត កើតទុក្ខមិនសុខចិត្ត បានរត់ទៅប្តឹងសមត្ថកិច្ច ឲ្យជួយអន្តរាគមន៍។ រហូតមកដល់វេលាទៀបភ្លឺ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ទើបសមត្ថកិច្ចបានចុះស្រាវជ្រាវឃាត់ខ្លួនក្រុមជនបង្កហេតុ ខាងក្រុមស្រីស្អាតទិកតុក បានចំនួន៨នាក់ នាំយកមកសាកសួរ និងចាត់ការតាមច្បាប់៕

RELATED ARTICLES