Saturday, October 11, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គម លួចម៉ូតូ លាក់ទុកផ្ទះក្លើ ជាប់ខ្នោះ៣

 លួចម៉ូតូ លាក់ទុកផ្ទះក្លើ ជាប់ខ្នោះ៣

ខេត្តបាត់ដំបង ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចម៉ូតូ ១គ្រឿង បានសម្រេច រួចជិះយកទៅលាក់ទុកក្នុងផ្ទះមិត្តភក្តិ ត្រូវបានសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវរយៈពេលប្រមាណ៣សប្តាហ៍ ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យ ជាបន្តបន្ទាប់ ចំនួន៣នាក់ នាំយកមកចាត់ការតាមច្បាប់។

ករណីលួចកម៉ូតូនេះ បានកើតឡើងកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ កន្លងទៅ នៅចំណុចថ្មដូន ស្ថិតក្នុងភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ។ រហូតមកដល់ថ្ងៃទី៥ និងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ ទើបកម្លាំងសមត្ថកិច្ចជំនាញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ បានជាបន្តបន្ទាប់ ចំនួន៣នាក់។

ជនសង្ស័យទាំង៣នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះធី រ៉ាមី ហៅមី ភេទប្រុស អាយុ២៤ឆ្នាំ ធ្លាប់មកធ្វើការនិងស្នាក់នៅភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ជាជនដៃដល់លួចកាច់កម៉ូតូ (ឃាត់ខ្លួនថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ នៅក្នុងមូលដ្ឋានស្រុកបាណន់)។ ទី២-ឈ្មោះភ័ណ្ឌ មករា ហៅប៉ូឡូ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឫស្សី ជាអ្នកសមគំនិតរក្សាទុកផលចោរកម្ម (ឃាត់ខ្លួនថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ នៅក្នុងមូលដ្ឋានស្រុកមោងឫស្សី និងទី៣-ឈ្មោះចាន់ សុខា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិគារ៣ ឃុំគារ ស្រុកមោងឫស្សី ជាអ្នកសមគំនិតរក្សាទុកផលចោរកម្ម (ឃាត់ខ្លួន ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ នៅក្នុងមូលដ្ឋានស្រុកមោងឬស្សី)។ ចំណែកម៉ូតូដែលជនសង្ស័យលួចយកទៅ ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ បាត់ដំបង 1P-4784 ជាកម្មសិទ្ធិរបស់ជនរងគ្រោះ ឈ្មោះប៉ឹន វណ្ណា ភេទប្រុស អាយុ៥៩ឆ្នាំ ស្នាក់នៅចំណុចថ្មដូន ភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ជនរងគ្រោះឈ្មោះ ប៉ឹន វណ្ណា បានមកដាក់ពាក្យបណ្តឹងថា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ មានករណីលួចកាច់កម៉ូតូ បានកើតឡើង បង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចម៉ូតូរបស់គាត់ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ បាត់ដំបង 1P-4784 ដែលគាត់ បានបញ្ឈរទុកនៅរោងគោ ចាំចម្ការ នៅចំណុចភូមិខាងលើ និងចាក់សោកត្រឹមត្រូវ រួចក៏ចេញទៅឃ្វាលគោបាត់ រហូតដល់វេលាម៉ោង៥ល្ងាច ថ្ងៃដដែល ពេលត្រឡប់មកវិញ ក៏បាត់ម៉ូតូតែម្តង។

បន្ទាប់ពីទទួលបណ្តឹងខាងលើ និងដោយទទួលបានការណែនាំពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការខេត្តបាត់ដំបង កម្លាំងអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ ដឹកនាំដោយលោកអនុសេនីយ៍ឯក ចាន់ ថានូ អធិការនគរបាលស្រុក បានបើកការស្រាវជ្រាវយ៉ាងស្ងៀមស្ងាត់ រហូតដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យជាជនដៃដល់លួចកាច់កម៉ូតូ ឈ្មោះធី រ៉ាមី ហៅមី នៅក្នុងមូលដ្ឋានស្រុកគាស់ក្រឡ រួចនាំយកមកធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះធី រ៉ាមី ហៅមី បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះ នៅចំណុចកើតហេតុខាងលើប្រាកដមែន ហើយម៉ូតូនោះ បានឱ្យទៅឈ្មោះចាន់ សុខា ជិះបន្ត ហើយឈ្មោះចាន់ សុខា បានយកទៅលាក់ទុកនៅផ្ទះរបស់ឈ្មោះភ័ណ្ឌ មករា ហៅប៉ូឡូ។

បន្ទាប់មក នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកមោងឬស្សី ឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ ២នាក់ (ឈ្មោះភ័ណ្ឌ មករា ហៅប៉ូឡូ ឈ្មោះចាន់ សុខា) ដែលជាអ្នកសមគំនិតរក្សាទុកផលចោរកម្ម ព្រមទាំងដកហូតបានវត្ថុតាង រួម មាន ម៉ូតូ ចំនួន២គ្រឿង (របស់ជនរងគ្រោះ ១គ្រឿង)។ ទូរស័ព្ទ ចំនួន១គ្រឿង។ អាវម៉ូតូ ផ្នែកខាងក្រោយ និងកាងដែកម៉ូតូ ចំនួន១។ កាបូបលុយ ចំនួន២។ លុយចំនួន ១២៧ ៥០០រៀល។ កាតចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន១។ ស្លាកលេខម៉ូតូ ចំនួន១បន្ទះ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី។ ចំណែកម៉ូតូ ត្រូវបានសមត្ថកិច្ចប្រគល់ជូនម្ចាស់ដើមវិញ៕

RELATED ARTICLES