Saturday, October 11, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃខ្នោះមេខ្យល់៣នាក់ នាំពលរដ្ឋខ្មែរ ឆ្លងដែនខុសច្បាប់

វ៉ៃខ្នោះមេខ្យល់៣នាក់ នាំពលរដ្ឋខ្មែរ ឆ្លងដែនខុសច្បាប់

ខេត្តបាត់ដំបង ៖ កម្លាំងជំនាញផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន សហការជាមួយកម្លាំងជួរមុខ រួមមានកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៨១៧ កម្លាំងវរសេនាតូចថ្មើរជើង លេខ៥៣៣ និងកម្លាំងផ្នែកសឹករងស្រុកសំពៅលូន បានបង្ក្រាបពាក់ព័ន្ធការនាំចេញដោយមិនស្របច្បាប់ សម្រាប់នាំមនុស្សឆ្លងដែន (បម្រុងនាំឆ្លងដែនពីប្រទេសកម្ពុជា ចូលប្រទេសថៃ) ដែលបង្កឡើងដោយជនសង្ស័យចំនួន ០៤នាក់។

ប្រតិបត្តិការនេះ បានធ្វើឡើង កាលពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ នៅចំណុចមាត់អូរព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងក្រុមទី១ ភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន។

ជនសង្ស័យជាមេខ្យល់ទាំង៣នាក់ ដែលត្រូវសមត្ថកច្ចិឃាត់ខ្លួន រួមមាន ទី១-ឈ្មោះរឿម រិទ្ធ ហៅទូច ភេទប្រុស អាយុ៤២ឆ្នាំ មានលំនៅ ភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន។ ទី២-ឈ្មោះអោ សំអុន ភេទប្រុស អាយុ២៧ឆ្នាំ មានលំនៅ ភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន និងទី៣-ឈ្មោះចែម ហួរ ភេទប្រុស អាយុ៣៧ឆ្នាំ មានលំនៅ ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន។ ចំណែកបក្ខពួកម្នាក់ទៀត បច្ចុប្បន្នរស់នៅក្នុងប្រទេសថៃ (រត់គេចខ្លួន)។

តាមចម្លើយសារភាពរបស់ក្រុមជនសង្ស័យខាងលើ បានឱ្យដឹងថា ពួកគេមានគ្នា ៤នាក់ គឺជាមេខ្យល់ និងបានធ្វើសកម្មភាពទាក់ទងនាំពលករខ្មែរ ចំនួន៣នាក់ ចេញទៅប្រទេសថៃ ដោយខុសច្បាប់ រួមមាន ទី១-ឈ្មោះពេជ្រ ដារិត ភេទប្រុស អាយុ៣៨ឆ្នាំ។ ទី២-ឈ្មោះយុក សូនី ភេទស្រី  អាយុ៣៨ឆ្នាំ និងទី៣-ឈ្មោះពេជ្រ ជួនណាត់ ភេទប្រុស អាយុ១២ឆ្នាំ។ អ្នកទាំង៣ គឺជាក្រុមគ្រួសារតែមួយ (ឪពុកម្តាយនិងកូន) និងមានលំនៅ ភូមិអូរស្ងួត ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យ បានសារភាពបន្តថា ពួកគេបម្រុងនាំជនរងគ្រោះទាំង៣នាក់ ឆ្លងដែនពីប្រទេសកម្ពុជា ចូលទៅក្នុងប្រទេសថៃ ដោយឆ្លងអូរព្រំដែនកម្ពុជា-ថៃ ជាប់ភូមិសាស្ត្រក្រុមទី០១ ភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយយកប្រាក់ថ្លៃជូន ក្នុងម្នាក់ ៣៥០០បាត។

ជនសង្ស័យ ចំនួន៣នាក់  និងពលករ ទាំង៣នាក់ រួមនិងម៉ូតូកង់បី ចំនួន០១គ្រឿង ត្រូវបានបញ្ជូនទៅកាន់អធិ ការដ្ឋាននគរបាលស្រុកសំពៅលូន ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES