ខេត្តស្វាយរៀង ៖ អគ្គនាយកដ្ឋានពន្ធនាគារ បានប្រកាសឱ្យដឹង កាលពីព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ថា ទណ្ឌិត ចំនួន១២០នាក់ ត្រូវបានផ្ទេរពីពន្ធនាគារខេត្តស្វាយរៀង ទៅកាន់មណ្ឌលអប់រំកែប្រែទី៣ ខេត្តត្បុងឃ្មុំ ដើម្បីរំដោះភាពចង្អៀតណែន។

ប្រភពដដែល បន្តថា ដោយបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីលោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ រួម គ្នាជាមួយអាជ្ញាធរខេត្ត ស្នងការដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់របស់ខេត្តស្វាយរៀង ព្រៃវែង និងខេត្ត ត្បូងឃ្មុំ បានធ្វើការផ្ទេរនិងដឹកជញ្ជូនជនជាប់ឃុំ ចំនួន១២០នាក់ ពីពន្ធនាគារខេត្តស្វាយរៀង ទៅឃុំខ្លួនបន្តនៅមណ្ឌលអប់រំកែប្រែទី៣ ស្ថិតក្នុងខេត្តត្បូងឃ្មុំ ដើម្បីរំដោះភាពចង្អៀតណែន។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការចុះអនុវត្តន៍បញ្ជាផ្ទាល់ ដោយលោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ មាន ថាវរិន្ទ ប្រធាននាយកដ្ឋានសន្តិសុខពន្ធនាគារ នៃអគ្គនាយកដ្ឋានពន្ធនាគារ ប្រកបដោយសុវត្ថិភាព៕




