ខេត្តក្រចេះ-ស្ទឹងត្រែង ៖ យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស មួយចំនួន នៅតែបន្តខុសបច្ចេកទេស (ខុសទ្រង់ទ្រាយដើម) ត្រូវបានមន្ត្រីជំនាញក្រសួងសាធារណការនិងដឹកជញ្ជូន ចុះប្រតិបត្តិការត្រួតពិនិត្យស្ថិតក្នុងភូមិសាស្ត្រខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។

ជាក់ស្តែងលោកសេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន និងជាប្រធានក្រុមការងារត្រួត ពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសថ្នាក់ជាតិ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំប្រតិបត្តិការដោយផ្ទាល់ ចុះឆ្មក់ត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ស្ថិតក្នុងភូមិសាស្ត្រខេត្កក្រចេះ និងខេត្តស្ទឹងត្រែង។

កិច្ចប្រតិបត្តិការនេះ មានសមាសភាពចូលរួមអញ្ជើញចូលរួមពីលោក ម៉ី ម៉ារ៉ាឌី អនុរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសថ្នាក់ជាតិ លោកប្រធាននាយកដ្ឋានសុវត្ថិភាព ចរាចរណ៍ផ្លូវគោក លោកអនុប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងកម្លាំងចម្រុះនៃក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ផងដែរ៕