ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ តែងប្រើប្រាស់ថ្នាំញៀនជាប្រចាំ និងធ្លាប់ជាប់ពន្ធនាគារ ២លើក ចូលមណ្ឌលកែប្រែបន្សាបថ្នាំញៀន ដល់ទៅ៣លើក តែមិនចោលចរិត នៅតែបន្តប្រើប្រាស់ថ្នាំញៀន អុកឡុកក្រុមគ្រួសារកាន់តែខ្លាំង លុះចុងក្រោយ ខឹងសុំលុយបងស្រី ចំនួន ៥ម៉ឺនរៀល មិនបាន ក៏ធ្វើសកម្មភាពដុតផ្ទះបងស្រីចោល បណ្តាលឱ្យឆេះខូចខាតអស់ ធ្វើឱ្យបងស្រីទ្រាំលែងបាន ប្តឹងសមត្ថកិច្ចចាប់វាយខ្នោះប្អូនប្រុសកំណាច យកទៅចាត់ការតាមច្បាប់។

ករណីប្អូនប្រុសដុតផ្ទះបងស្រីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨និង២០នាទីយប់ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ នៅត្រង់ចំណុចភូមិអម្ពិល ឃុំក្រាំងយ៉ូវ ស្រុកស្អាង។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះខុន សូយទ្រី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅភូមិអម្ពិល ឃុំក្រាំងយ៉ូវ ស្រុកស្អាង (មានសារធាតុញៀន)។ ជននេះធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល ចំនួន ២លើក និងធ្លាប់បានក្រុមគ្រួសារយកទៅអប់រំនៅមណ្ឌលកែប្រែបន្សាបគ្រឿងញៀន ៣លើក។ ចំណែកជនរងគ្រោះ មានឈ្មោះខុន ចន្ថា ភេទស្រី អាយុ៤៦ឆ្នាំ មុខរបរកសិករ ត្រូវជាបងស្រីបង្កើតរបស់ជន សង្ស័យ មានលំនៅ ភូមិអម្ពិល ឃុំក្រាំងយ៉ូវ ស្រុកស្អាង។ ចំពោះទ្រព្យសម្បត្តិដែលខូចខាត រួមមាន ផ្ទះ ១ខ្នង ទំហំ៤ម៉ែត្រ គុណនឹង ៧ម៉ែត្រ សង់ពីឈើ ជញ្ជាំងស័ង្កសីដំបូលប្រក់ស័ង្កសី រួមនិងសម្ភារៈប្រើប្រាស់ នៅក្នុងផ្ទះ ទាំងស្រុង។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យឈ្មោះខុន សូយទ្រី គឺជាមនុស្សដែលតែងតែប្រើប្រាស់ថ្នាំ ញៀន ជាប្រចាំ និងតែងបង្កការអុកឡុកក្រុមគ្រួសារជាញឹកញាប់ រហូតធ្លាប់ជាប់ពន្ធនាគារ ២ដង និងធ្លាប់ត្រូវក្រុមគ្រួសារយកទៅអប់រំនៅមណ្ឌលកែប្រែបន្សាបគ្រឿងញៀនដល់ទៅ ៣លើកដែរ តែពេលចេញមកវិញ ជនសង្ស័យនៅតែមិនកែប្រែខ្លួនឡើយ។
លុះមកដល់វេលាម៉ោង ៨និង២០នាទីយប់ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ ជនសង្ស័យបន្ទាប់ពីផឹកស្រាបៀរ អស់ចំនួន៥កំប៉ុង ក៏បានដើរត្រឡប់ទៅផ្ទះវិញ ហើយបានសុំលុយជនរងគ្រោះ ជាបងស្រី ចំនួន៥ម៉ឺនរៀល តែបងស្រី អត់មានលុយឱ្យ ស្រាប់តែជនសង្ស័យខឹងសម្បា បានកាច់ចង្ក្រានហ្គាស់ បញ្ឆេះ រួចបានយកទៅធ្វើសកម្ម ភាពដុតផ្ទះ បណ្តាលឱ្យឆេះខូចខាតអស់ទាំងស្រុង និងត្រូវបានប្រជាពលរដ្ឋជិតខាងជួយបាញ់ទឹកពន្លត់ និងទាក់ទងសុំអន្តរាគមន៍ពីសមត្ថកិច្ច បញ្ជូនរថយន្តពន្លត់អគ្គិភ័យ ជួយបាញ់ទឹកពន្លត់ អស់ចំនួន១ឡាន ទើបអាចគ្រប់គ្រងស្ថានការណ៍បាន ដោយមិនធ្វើឱ្យឆេះរាលដាលដល់ផ្ទះបងប្អូនប្រជាពលរដ្ឋនៅជិតខាងឡើយ។

រហូតមកដល់វេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ស្ត្រីរងគ្រោះជាម្ចាស់ផ្ទះ បានមកដាក់ ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ឃាត់ខ្លួនប្អូនប្រុសកំណាចខាងលើ យកទៅចាត់ការតាមច្បាប់។
បន្ទាប់ពីទទួលបានពាក្យបណ្តឹងខាងលើ និងដោយអនុវត្តតាមបទបញ្ជាលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌស្រុកស្អាង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ បានចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ យកមកប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ។

ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំ រឿងតាមនីតិវិធី៕