Sunday, October 26, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លើងឆេះផ្សារទំនើបខ្ទេច ម្ចាស់អង្គុយយំ

ភ្លើងឆេះផ្សារទំនើបខ្ទេច ម្ចាស់អង្គុយយំ

ខេត្តបាត់ដំបង ៖ ផ្សារទំនើប ហេង ឆាយលី ដែលជាផ្សារដ៏ធំជាងគេ នៅកណ្តាលក្រុងបាត់ដំបង រួមជាមួយនឹងផ្ទះល្វែងដទៃទៀត ដែលសាងសង់ជាប់ៗគ្នា សរុបចំនួន ២៣ល្វែង ត្រូវបានអគ្គិភ័យលេបត្របាក់ស្ទើរទាំងស្រុង ដែលករណីនេះ ត្រូវបានសមត្ថកិច្ចជំនាញ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ អន្តរាគមន៍បាញ់ទឹកពន្លត់ អស់ ៦៨ រថយន្ត ប៉ុន្តែនៅតែគ្រប់គ្រងស្ថានការណ៍មិនបានភ្លាមៗឡើយ ដោយសារតែទំហំនៃការឆាបឆេះ មានវិសាលភាពធំពេក ដោយប្រតិបត្តិការពន្លត់អគ្គិភ័យដ៏ធំនេះ បានបន្តយ៉ាងក្តៅគគុក រហូតដល់ម៉ោង ៧ព្រឹក ថ្ងៃទី២៤ ខែ តុលា ឆ្នាំ២០២៥ ទើបភ្លើងរលត់ទាំងស្រុង។ ប៉ុន្តែយ៉ាងណា អគារផ្សារទំនើប ហេង ឆាយលី ត្រូវខូចខាតទាំង ស្រុង ធ្វើឲ្យម្ចាស់ផ្សារ ឈ្មោះហេង ឆាយលី បានអង្គុយមើលភ្លើងបំផ្លាញទ្រព្យសម្បត្តិរបស់គាត់ ដោយទ្រហោ យំ សោកស្តាយជាពន់ពេក។

ហេតុការណ៍អគ្គិភ័យនេះ បានចាប់ផ្តើមឆាបឆេះឡើង កាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ បណ្តាលឱ្យឆេះអគារ ចំនួន២៣ល្វែង ដែលជាទីតាំងផ្សារទំនើបល្បី ឈ្មោះហេង ឆាយលី ស្ថិតនៅ ក្នុងបុរីមហាទេព ក្រុមទី១២ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

តាមប្រភពស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែតុលា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅតែបន្តបញ្ជានិងដឹកនាំស្នងការរង ព្រមទាំងកងកម្លាំងនគរបាលជំនាញអគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមទាំងរថយន្តអគ្គិភ័យ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន មន្ត្រីអគ្គិសនី ប្រជាពលរដ្ឋ ប្រើ ប្រាស់រថយន្តអគ្គិភ័យ ជួយសង្រ្គោះអគ្គិភ័យបន្ត និងចាត់តាំងកម្កាំងសម្រួលចរាចរណ៍ រៀបចំសណ្តាប់ធ្នាប់ ទី តាំងដែលរងគ្រោះដោយអគ្គិភ័យ ។

ប្រភពដដែល បន្តថា លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ ដំបង កងកម្លាំងនគរបាលជំនាញអគ្គិភ័យនៃស្នងការដ្ឋាន រួមទាំងរថយន្តអគ្គិភ័យ មកពីតាមបណ្តាស្រុក និងកម្លាំងអន្តរាគមន៍របស់ស្នងការដ្ឋាន សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋាន មន្ត្រីអគ្គិសនី ប្រជាពលរដ្ឋ ប្រើប្រាស់រថយន្តអគ្គិភ័យ ពីតាមបណ្តាស្រុកចំនួន ១៣គ្រឿង និងប្រើប្រាស់ទឹកបាញ់ពន្លត់អស់ចំនួន ៦៨រថយន្ត ទើបទប់ស្កាត់ការឆេះរាលដាលបន្តទៀត។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានថ្លែងអំណរគុណចំពោះលោក ផេង សុខុម និងលោកស្រី ណៃ គីមស៊ីថា ជាសប្បុរសជនដែលបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ចំនួន៣៥០ដុល្លារ (បីរយហាសិបដុល្លារ) ដល់កងកម្លាំងនគរបាល ក្នុងសកម្មភាពពន្លត់អគ្គិភ័យ ឆេះផ្សារហេង ឆាយលី នេះផងដែរ។

ក្នុងគ្រោះអគ្គិភ័យនេះ បានបង្កការខូចខាតអគារផ្សារទំនើបហេង ឆាយលី ចំនួន២៣ល្វែងកម្ពស់០៤ជាន់ និងលំនៅឋានមួយចំនួន នៅក្បែរនោះផងដែរ ហើយក្នុងចំណោមផ្ទះ ២៣ល្វែង ដែលខូចខាតនោះ គឺមានម្ចាស់ ចំនួន៥នាក់ ដែលក្នុងនោះរួមមាន ទី១-ឈ្មោះហេង ឆាយលី ភេទប្រុស  ជាម្ចាស់ផ្សារទំនើប ហេង ឆាយលី (១៨ល្វែង កម្ពស់៤ជាន់ សង់អំពីបេតុង) មានលំនៅ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ ទី២-ឈ្មោះវេង ពិសី ភេទប្រុស ត្រូវភ្លើងឆេះខូចខាតផ្ទះ ចំនួន ២ល្វែង កម្ពស់ ៤ជាន់ (ហាងលក់គ្រឿងអេឡិចត្រូនិក) ។ ទី៣-ឈ្មោះនីវ ណារិន ភេទប្រុស ឆេះផ្ទះ ចំនួន ១ល្វែង កម្ពស់ ៤ជាន់។ ទី៤-ឈ្មោះអិន រី ភេទស្រី ឆេះផ្ទះ ចំនួន១ល្វែង និងទី៥-ឈ្មោះចន្ធូ ភេទស្រី ឆេះផ្ទះ ចំនួន១ល្វែង។

គួរបញ្ជាក់ថា កាលពីប៉ុន្មានខែមុន ផ្សារវេង ពិសី ស្ថិតនៅទល់ខ្នងជាប់នឹងផ្សារទំនើប ហេង ឆាយលី លក់គ្រឿងអគ្គិសនី និងគ្រឿងអេឡិចត្រូនិក ក៏ត្រូវបានអគ្គិភ័យឆាបឆេះម្តងរួចមកហើយដែរ ឥឡូវត្រូវអណ្តាតភ្លើងឆាបឆេះម្តងទៀត ហើយនៅក្នុងករណីនេះដែរ ផ្ទះល្វែងខ្លះបានបាក់រលំរាបដល់ដី។

នៅក្នុងហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យនេះ ត្រូវបានកម្លាំងការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការជាមួយកម្លាំងនគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ តាមបណ្តាលស្រុក បានចេញរថយន្តពន្លត់អគ្គិភ័យ  ចំនួន១៣គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន ៦៨រថយន្ត ហើយរហូតមកទល់ម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ការពន្លត់នៅតែបន្ត។ ចំពោះមូលហេតុដែលបង្កឱ្យមានគ្រោះអគ្គិភ័យនេះ និងទំហំនៃការខូចខាតទ្រព្យសម្ភារៈពិតប្រាកដ ស្ថិតក្នុងការស្រាវជ្រាវនៅឡើយ៕

RELATED ARTICLES