Thursday, November 13, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចោរឆ្កឹះសោឃ្លាំងនំបញ្ចុក លួចម៉ូតូកម្មករ ២គ្រឿង

ចោរឆ្កឹះសោឃ្លាំងនំបញ្ចុក លួចម៉ូតូកម្មករ ២គ្រឿង

ភ្នំពេញ ៖ ជនសង្ស័យ ១ក្រុម បានធ្វើសកម្មភាពឆ្កឹះសោឃ្លាំងសិប្បកម្មផលិតនំបញ្ចុក មួយកន្លែង រួចយកមេសោខ្ទាស់បន្ទប់កម្មករ មិនឱ្យចេញមកក្រៅ បន្ទាប់មកបានធ្វើសកម្មភាពលួចយកម៉ូតូ ចំនួន២គ្រឿង បានសម្រេច ហើយគេចខ្លួនបាត់ដោយសុវត្ថិភាព។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចឃ្លាំងសិប្បកម្មផលិតនំបញ្ចុក ១កន្លែង ស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទក ខណ្ឌកំបូល។

ម៉ូតូ ២គ្រឿង ដែលក្រុមចោរលួចយកទៅនោះ ទី១-ម៉ាកហុងដា ស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JW-8008 មានម្ចាស់ឈ្មោះស៊ិន សុផារ័ត្ន ភេទស្រី អាយុ៣២ឆ្នាំ និងទី២-ម៉ាកហុងដា ប៊ីត ពណ៌ស ពាក់ ស្លាកលេខ ភ្នំពេញ 1IV-9220 មានម្ចាស់ឈ្មោះតុង ឌីណា ភេទស្រី អាយុ៣៥ឆ្នាំ មានលំនៅ ភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ (ជាម្ចាស់សិប្បកម្ម)។

តាមប្រភពម្ចាស់សិប្បកម្ម បានឱ្យដឹងថា នៅវេលាយប់ មុនពេលកើតហេតុ គាត់បានរៀបចំចាក់សោឃ្លាំង ទៅដេកនៅផ្ទះក្បែរនោះ។ ដោយនៅក្នុងឃ្លាំង មានកម្មករចំនួន៧នាក់ ស្នាក់នៅ ចេញចូលតាមទ្វារតូច។ លុះមក ដល់វេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ឈ្មោះនាង តូច ភេទប្រុស ដែលជាបុគ្គលិករបស់គាត់ ជួលផ្ទះស្នាក់នៅខាងក្រៅ មកដឹកនំបញ្ចុក ឱ្យម៉ូយ ស្រាប់តែឃើញទ្វារចំហ ហើយបន្ទប់កម្មករ ដែលស្នាក់នៅ ត្រូវបានខ្ទាស់សោពីក្រៅ (ដោយចោរឆ្កឹះសោឃ្លាំង ចំនួន២ យកទៅខ្ទាស់)។

ម្ចាស់សិប្បកម្ម បានបន្តថា នៅយប់នោះ កូនចៅបានប្រាប់ថា បាត់ម៉ូតូ ចំនួន២គ្រឿង រួចក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោក ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

យោងតាមកាមេរ៉ាសុវត្ថិភាព ឃើញក្រុមចោរ មានគ្នាចំនួន៤នាក់ បានធ្វើកម្មភាពឆ្កឹះសោ ចូលលួចម៉ូតូ ២គ្រឿង ជាបន្តបន្ទាប់ នៅវេលាម៉ោង ១និង៤២នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយ២នាក់ យកជើងធាក់ដៃចង្កូតម៉ូតូស្កុបពី កាច់សោ រួចបណ្តើរចេញ និង២នាក់ទៀត យកជើងធាក់កាច់កម៉ូតូប៊ីត រួចបណ្តើរចេញដោយសុវត្ថិភាព។

ជនរងគ្រោះជាម្ចាស់ម៉ូតូ បានសំណូមពរដល់សមត្ថកិច្ច មេត្តាស្រាវជ្រាវតាមរយៈកាមេរ៉ាសុវត្ថិភាព ដើម្បីឃាត់ ខ្លួនជនសង្ស័យ យកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES