Friday, November 14, 2025
Homeតារាខ្មែរទេព បូព្រឹក្ស ចោលលុយ

ទេព បូព្រឹក្ស ចោលលុយ

ភ្នំពេញ ៖ ក្នុងរលកសំឡេងអួលណែមដើមក ទេព បូព្រឹក្ស បានលើកម្រាមដៃ១០ សំពះ Fan របស់ខ្លួនថា ផែនការនាងច្រៀងរាំកម្មវិធី TBP Fan Party នៅថ្ងៃទី២៣ ខែវិចិ្ឆកា ឆ្នាំ២០២៥ ត្រូវបានលុបចោល (Cancel) ហើយ ដែលនាងនឹងបង្វិលលុយអ្នកដែលបានទិញសំបុត្ររួចហើយ ទៅឲ្យពួកគេវិញទាំងអស់។ ចំពោះបញ្ហានេះ ត្រូវបានតារាកូន១ រូបនេះអះអាងថា រូបនាងមិនអាចច្រៀងរាំ ផឹកស៊ីសប្បាយ អំឡុងពេលដែលប្រទេសជាតិ កំពុងតែមានបញ្ហា ត្រូវចោរសៀមឈ្លានពាន បាញ់ប្រហារពលរដ្ឋខ្មែរ បណ្តាលឲ្យស្លាប់និងរបួសបែបនេះទេ ព្រោះអារម្មណ៍នាងមិនស្ងប់ ដេកភ័យ ហេតុនេះពិបាកធ្វើកម្មវិធីសប្បាយៗទៅកើត ។ នាងបានលួងអ្នកគាំទ្រថា កម្មវិធីច្រៀងរាំ ផឹកស៊ីសប្បាយៗ ធ្វើនៅពេលណាក៏បានដែរ តែពេលនេះ គឺមិនអាចធ្វើបានទេ ។ ចំណែកប្ដីបូព្រឹក្ស លោកដេវីត ថាកម្មវិធីរបស់ភរិយាលោកនឹងរៀបចំម្ដងទៀត នៅពេលវេលាដែលសមស្រប ។

គួរបញ្ជាក់ថា ទេព បូព្រឹក្ស បានសម្រេចចិត្តចោលលុយ ដោយលុបចោលកម្មវិធីច្រៀងរាំ ផឹកស៊ីសប្បាយជា មួយ Fan នេះ បន្ទាប់ពីកាលល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ទាហានថៃ បានបាញ់ប្រហារ មកលើប្រជា ពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួស ៣នាក់។ ហេតុការណ៍អាក្រក់នេះ មិនត្រឹមតែបូព្រឹក្ស ទេ ប៉ុន្ដែតារាមួយចំនួនទៀត ក៏បានផ្អាកកម្មវិធីសប្បាយៗជាច្រើនផងដែរ ។

 មានការកត់សម្គាល់ថា ទេព បូព្រឹក្ស និងស្វាមីនាង លោកងួន ចាន់ដេវីត បានចាប់ដៃគ្នាជាប្ដីប្រពន្ធ ច្រៀងសម្ដែងលើឆាក រកលុយរួមគ្នាតែម្ដង បន្ទាប់ពីដេវីត បានបង្វឹកនាងច្រៀងរ៉េប យ៉ាងស្ទាត់ជំនាញ។ តារាកូន១ រូបនេះ ក៏មិនចាញ់ប្ដីដែរ ព្រោះនាងចូលចិត្តលេងសម្លៀកបំពាក់ម៉ាកល្បី ថ្លៃៗ និងតែងខ្លួនប្លែកៗដូចតារាបរទេស ។ ប្ដីប្រពន្ធតារា ១គូនេះ ក៏បន្ដរកស៊ីលក់អីវ៉ាន់ Online  ហើយមុននេះ ពួកគេទើបវិលត្រឡប់មកពីដើរលេងនៅប្រទេសញូវហ្សេឡែន  ។ គេថាអាជីពរបស់បូព្រឹក្ស នាពេលនេះ មួយផ្នែកធំ គឺពឹងលើប្ដី ព្រោះបទចម្រៀងនាង ដេវីត ជាអ្នកធ្វើភ្លេង និពន្ធទំនុកច្រៀង និង Melody ឲ្យនាងច្រៀងផងដែរ ។ អ្វីដែលគួរឲ្យកត់សម្គាល់ គឺនាងបានលេងស្ទីលដូចពេជ្រ សូលីកា ដែរ ពោលគឺជួបជុំ Fan តែច្រៀងសម្ដែងលក់សំបុត្រ ដែលគេជឿថា នឹងមានតារាល្បីៗផ្សេងទៀត នឹងធ្វើពិធីនោះដូចនាង ជាបន្ដបន្ទាប់មិនខាន ព្រោះសប្បាយហើយមិនខាតលុយ។

អ្នកជំនាញសិល្បៈថា ទេព បូព្រឹក្ស អាចនឹងទប់លំនឹងអាជីពចម្រៀងបាន ប្រសិនបើកម្មវិធីភាគច្រើន នាងចាប់ ដៃជាមួយប្ដី ព្រោះជី-ដេវីត នៅតែឈរលំដាប់តារាជូរមុខផ្នែករ៉េប ម្នាក់ ហេតុនេះកម្មវិធីខ្លះ គេតម្រូវជួលតែដេវីត ក៏អាចត្រូវតែយកទាំងបូព្រឹក្ស ដែរ ប្រសិនបើប្ដីនាងភ្ជាប់លក្ខខណ្ឌនេះ ។ យ៉ាងណា ស្រីនិច្ច ដែលប្ដូរពីច្រៀង បទញាក់ មករ៉េប នេះ មិនទាន់មានបទរ៉េប ណាដែលផ្ទុះខ្លាំងឡើយ តែពេលនេះគេចាប់អារម្មណ៍ទៅលើការតែងខ្លួនរបស់នាង ច្រើនជាង ក្រោយមានកូនប្រុស១ អាយុជាង២ឆ្នាំ ។

 អតីតតារាហង្សមាស ទេព បូព្រឹក្សា សព្វថ្ងៃរស់នៅក្នុងជីវភាពហ៊ឺហាដល់កំពូល មានផ្ទះវីឡាប្រណិត និងជិះរថយន្ដ Lamborghini យ៉ាងកាលីពទៀតផង។ អ្វីដែលស្រីនិច្ច លែងរងសម្ពាធផ្លូវចិត្តទៀតនោះ គឺបន្ទាប់ពីនាងបានរៀបការប្ដី ជាង៥ខែ មិនមានអ្នករិះគន់ថា នាងមានកូនមុនរៀបការ ឬមិនហ៊ានរៀបការ ព្រោះតែខ្លាចធ្លាក់កូដទៀតឡើយ ។ ប៉ុន្ដែស្រីនិច្ច អាចនឹងរៀបគម្រោងយកកូនទី២ ដើម្បីឲ្យចំណងស្នេហានាងកាន់តែរឹងមាំ ដូចគ្នាទៅនឹងឱក សុគន្ធកញ្ញា ដែលក្រោយបានកូនពីរនាក់ ប្ដីថ្នមនាងដូចព្រះនាង៕

RELATED ARTICLES