ភ្នំពេញ ៖ សុវត្ថិ មុនីនាគ កូនទី២ របស់តារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ បានរងការរិះគន់ជាថ្មី ថាបទចម្រៀងរបស់កូនឧកញ៉ា រូបនេះ ចេញមកចំតែពេលប្រទេសជាតិ មានបញ្ហាក្ដៅដោយសាសៀម ឈ្លានពាន បាញ់ពល រដ្ឋខ្មែរ និងរឿងនេះមិនមែនជាលើកទី១ នោះទេ ប៉ុន្ដែលើកទី៤ ហើយ ដែលមុនីនាគ ធ្វើបែបនេះ ទើបអ្នកលេងបណ្ដាញសង្គមខ្លះ ចោទថា រឿងនេះវាមិនមែនជាការចៃដន្យឡើយ គឺជាចេតនារបស់កូនកំលោះលោកសុវត្ថិ ដើម្បីបានViews នៅលើបណ្ដាញសង្គម។ ជាក់ស្ដែង នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ទាហានថៃ បានបាញ់ប្រ ហារមកលើប្រជាពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ បណ្ដាលឲ្យស្លាប់ ១ក់ និងរងរបួស ៣ នាក់ នោះ សុវត្ថិ មុនីនាគ ហៅ N.John បានចេញ Trailer បទ «La La Land » ។

សុវត្ថិ មុនីនាគ គ្មានប្រតិកម្មអ្វីទាំងអស់ ចំពោះអ្នករិះគន់ទាំងឡាយ នៅលើបណ្ដាញសង្គម ហើយលោកនៅរក្សាការខម្មិនវាយប្រហារលើខ្លួននោះទាំងអស់ ទាំងនៅលើហ្វេសប៊ុក និងទិកតុក ដោយមិនបានលុបចោលទេ ។ ប៉ុន្ដែទំព័រហ្វេសប៊ុក ឈ្មោះ PSV Family ដែលតំណាងឲ្យក្រុមគ្រួសារព្រាប សុវត្ថិ ទាំងមូលនោះ បានចេញ មុខឆ្លើយតបទៅអ្នកមិនពេញចិត្តចំពោះសកម្មភាពរបស់សុវត្ថិ មុនីនាគ និងប្រាប់ហេតុផលចំពោះការទម្លាក់បទចម្រៀងរបស់មុនីនាគ ថាហេតុអ្វីបានជាចេញចំតែពេលប្រទេសប្រឈមសង្រ្គាមជាមួយសៀម នោះ ដោយគ្រួសាររបស់ព្រាប សុវត្ថិ អះអាងថា ចរិតរបស់មុនីនាគ មិនមែនជាមនុស្សឈ្លើយ មិនដឹងខុសត្រូវ និងក៏មិន មែនជាមនុស្សបំពុលសង្គម រឹតតែមិនមែនជាមនុស្សឆ្លៀតឱកាសចង់បាន Views ក្នុងពេលប្រទេសមានបញ្ហា។ ព្រាប សុវត្ថិ ឬក្រុមគ្រួសារព្រាប សុវត្ថិ ប្រើផេកឈ្មោះ PSV Family បានលើកហេតុផលសំខាន់ៗ របស់កូនប្រុស ប្រាប់ទៅមហាជន កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា មុនីនាគ បច្ចុប្បន្នកំពុងសិក្សាផ្នែកសិល្បៈ នៅ អាមេរិក អ៊ីចឹងតើគេគួរតែបោះបង់ចោលការសិក្សា ហើយត្រឡប់មកខ្មែរ វិញឬយ៉ាងណា? មុនីនាគ មិនមែនជាសិល្បករឯករាជ្យទេ គេម៉េចនឹងអាចលុប អាចផ្លាស់ប្ដូរស្រេចតែចិត្តបាន? N.John កំពុងនៅក្រោមផលិតកម្មអាមេរិក គ្រប់យ៉ាង ត្រូវគោរពទៅតាមការរៀបចំរបស់ផលិតកម្ម ប្រុងឲ្យគេលាលែងពីផលិតកម្ម ឬយ៉ាងណា ? និងចំណុចចុងក្រោយ គ្រួសារព្រាប សុវត្ថិ លើកឡើងថា មុនីនាគ ឆ្លៀតឱកាសពេលមានបញ្ហា? បើតាមដានទើបដឹងថា មិនមែនជារឿងចៃដន្យទេ ព្រោះគេផុសសឹងរាល់ថ្ងៃ ជាធម្មតា តើគេត្រូវផុសគេចរបៀបយ៉ាងម៉េច ទើបមិនចំថ្ងៃមានបញ្ហា? ផេកគ្រួសារព្រាប សុវត្ថិ បានចោទអ្នករិះគន់សុវត្ថិ មុនីនាគ ថា គឺមនុស្សមួយចំនួនទេ ដែលចំថ្ងៃមានបញ្ហា ទាញ N.John ដែលនោះជាការឆ្លៀតឱកាស និងមានបំណង… ។

យ៉ាងណា ជុំវិញការអះអាងរបស់ក្រុមគ្រួសារព្រាប សុវត្ថិ ក៏ដូចជាលោកព្រាប សុវត្ថិ នូវហេតុផលសុវត្ថិ មុនីនាគ ចេញចម្រៀងចំតែពេលទាហានសៀម បាញ់ទាហាន និងពលរដ្ឋខ្មែរនេះដែរ មានអ្នកខ្លះនៅតែមិនអស់ចិត្តថា បើមុនីនាគ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ផលិតកម្មមួយ នៅអាមេរិក ទាំងស្រុង ម៉េចក៏បទចម្រៀងទាំង នោះ មិនបង្ហោះតែលើផេកផលិតកម្មនោះទៅ ចាំបាច់អី មុនីនាគ យកមកផុសផេកនិងទិកតុកផ្ទាល់ខ្លួនដែរ ព្រោះបើផុសខ្លួនឯង រូបគេក៏ដឹងច្បាស់ដែរថា សភាពការណ៍នៅកម្ពុជា កំពុងតែមានរឿងអ្វី? ប៉ុន្ដែអ្នកខ្លះទៀតឆ្ងល់ថា ម៉េចបានតារាចម្រៀងផ្សេងៗទៀត ក្រៅពីមុនីនាគ ពួកគេអាចបង្ហោះបទចម្រៀងបានសឹងរាល់ថ្ងៃដែរ គ្មានអ្នកណាយកមកនិយាយនិងរិះគន់ដូចកូនកំលោះរបស់ព្រាប សុវត្ថិ ដែរ?

គួរបញ្ជាក់ថា សុវត្ថិ មុនីនាគ កូនទី២ របស់លោកព្រាប សុវត្ថិ ធ្លាប់ច្រៀងនៅហង្សមាសជាមួយឪពុក បងនិងប្អូនរបស់គេ ៥ឆ្នាំ ហើយបានទៅពង្រឹងសម្ថភាពបន្ថែម ដោយសិក្សាផ្នែកតន្រ្ដី នៅអាមេរិក មានគ្រូជំនាញបរទេស បង្ហាត់ពីរបៀបច្រៀង រាំដោយផ្ទាល់ ។ លោកព្រាប សុវត្ថិ បានឈរនៅពីក្រោយ លើកទឹកចិត្តនិងតាមដានសកម្មភាពរបស់កូនប្រុសលោក ជានិច្ច ខណៈដែលកូនទាំង៣ របស់លោក គឺសុវត្ថិ មុនីវណ្ណ, សុវត្ថិ មុនីនាគ និងសុវត្ថិ សិរីវុឌ្ឍ មិនធ្លាប់មានរឿងអាស្រូវទេ ។

តារាចម្រៀងពេជ្រ សោភា ធ្លាប់បានប្រាប់អ្នកយកព័ត៌មាន «នគរធំ» ថាសមត្ថភាពរបស់សុវត្ថិ មុនីនាគ អាចស្នងតំណែងឪពុករបស់គេ នាពេលអនាគត ព្រោះពេលខ្លះ សំឡេងច្រៀងច្រឡំព្រាប សុវត្ថិ តែពេលនេះ មុនីនាគ ឈានមួយជំហានទៀត នោះគឺច្រៀងបទជាភាសាអង់គ្លេស ដែលគេថា សំឡេងលោក ស្រដៀងស្ដេចចម្រៀង Pop លោកម៉ៃឃើល ជែគសាន់ (Michael Jackson) ទៀតផង ៕



