ខេត្តមណ្ឌលគិរី ៖ កម្លាំងគណៈបញ្ជាការឯកភាពស្រុកពេជ្រាដា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបើកយុទ្ធនាការចុះល្បាត ទប់ស្កាត់ការកាប់រានដីព្រៃ និងការបរបាញ់សត្វ ជាពិសេស ក្រុមចាប់ស្វាព្រៃ ខុសច្បាប់ នៅក្នុងសហគមន៍តំបន់ការពារធនធានធម្មជាតិ ត្រពាំង ក្អើម ស្ថិតក្នុងភូមិសាស្ត្រភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា។

ប្រតិបត្តិកានេះ ដឹកនាំដោយលោក អ៊ាង ស៊ាងអន អភិបាលរងស្រុកពេជ្រាដា ដោយមានការចូលរួមពីមន្ត្រីការិយាល័យ ដែនជម្រកសត្វព្រៃ ស្រែពក កងកម្លាំងប្រដាប់អាវុធ ទាំង៣ប្រភេទ រួមមាន កម្លាំងកងរាជអាវុធហត្ថ កម្លាំងនគរបាល និងកម្លាំងយោធាប ព្រមទាំងសមាជិកសហគមន៍តំបន់ការពារធម្មជាតិត្រពាំងក្អើម ដោ យមានសមាសភាពសរុប ៣១រូប។
សេចក្តីរាយការណ៍ បន្តថា កម្លាំងចម្រុះ បានចុះល្បាតដោយថ្មើរជើង និងបានប្រទះឃើញទីតាំងកាប់រំលំឈើខុសច្បាប់ ចំនួន២កន្លែង។ ក្នុងនោះ ទីតាំងទី១- បទល្មើសកាប់រំលំឈើក្នុងទំហំប្រមាណ ២០អា។ ទីតាំងទី២- បទល្មើសកាប់រំលំឈើ ក្នុងទំហំប្រមាណ១៥អា ដែលការកាប់រំលំដើមឈើនេះ គឺហ៊ុមព័ទ្ធដើម្បីចាប់យកសត្វស្វា ដែលជាបទល្មើសទ្វេដង (បទល្មើសព្រៃឈើ និងបទល្មើសសត្វព្រៃ)។

ទោះបីមិនបានឃាត់ខ្លួនជនសង្ស័យនៅនឹងកន្លែងក្តី តែតាមការសន្និដ្ឋាន ក្រុមជនល្មើសមានចំនួនប្រហែល ១០ទៅ២០នាក់ និងមានការប្រើប្រាស់អាវុធក្នុងការធ្វើសកម្មភាព។
ជាមួយគ្នានេះ មន្ត្រីជំនាញនៃការិយាល័យដែនជម្រកសត្វព្រៃ ស្រែពក និងអាជ្ញាធរស្រុកពេជ្រាដា បានធ្វើការអំពាវនាវយ៉ាងទទូចនិងសូមសំណូមពរដល់សាធារណជន ជាពិសេសប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់ការពារធម្មជាតិ ឱ្យចូលរួមសហការ និងបញ្ឈប់រាល់សកម្មភាពល្មើសច្បាប់ទាំងឡាយ ដោយបញ្ឈប់ជាបន្ទាន់ រាល់សកម្មភាពកាប់រានដីព្រៃ ការកាប់ឈើខុសច្បាប់ និងការបរបាញ់សត្វព្រៃ នៅគ្រប់តំបន់ការពារធម្មជាតិទាំងអស់ ព្រោះទង្វើទាំងនេះ មិនត្រឹមតែជាបទល្មើសដែលត្រូវផ្តន្ទាទោសតាមច្បាប់ប៉ុណ្ណោះទេ ថែមទាំងបំផ្លាញដល់ធនធានធម្មជាតិដ៏មានតម្លៃ និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរបស់ប្រជាសហគមន៍ នាពេលអនាគត។

សូមបងប្អូនត្រឡប់មករួមគ្នាការពារនិងថែរក្សាព្រៃឈើ និងសត្វព្រៃ របស់យើងវិញ ខណៈអាជ្ញាធរខេត្ត នឹងបន្តអនុវត្តច្បាប់ដោយតឹងរ៉ឹង និងចាត់វិធានការតាមនីតិវិធីច្បាប់ ចំពោះជនល្មើសណាដែលនៅតែបន្តប្រព្រឹត្តបទ ល្មើសទាំងនេះ៕