ខេត្តបាត់ដំបង : មន្ត្រីជំនាញ បានចុះពិនិត្យ រកឃើញគ្រឿងសម្អាងហួសកាលបរិច្ឆេទប្រើប្រាស់ (ហួសដឺឡេ) ជាង ៣៦គីឡូក្រាម ដាក់តាំងលក់ក្នុងហាង ២៥០០រៀល ក្នុងខេត្តបាត់ដំបង។

មន្រ្តីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង ខេត្តបាត់ដំបង បានឲ្យដឹងថា ការចុះត្រួតពិនិត្យគុណភាពសុវត្ថិភាពម្ហូបអាហារ និងទំនិញនេះ ធ្វើឡើងកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នា២០២៥ នៅចំណុចហាង ២៥០០រៀល ឋិតក្នុងភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

ការងារចុះពិនិត្យជាបន្តបន្ទាប់នេះ ដើម្បីធានាការពារសិទ្ធិនិងសុខមាលភាព ជូនអ្នកប្រើប្រាស់ ទប់ស្កាត់ទំនិញមិនសមស្រប ជាពិសេសផលិតផលម្ហូបអាហារដែលមិនអនុលោមតាមលក្ខខណ្ឌតម្រូវបច្ចេកទេស ធ្វើឲ្យប៉ះ ពាល់សុខភាពអ្នកប្រើប្រាស់ជាយថាហេតុ។

មន្ត្រីជំនាញ បន្តថា ការអនុវត្តសកម្មភាពត្រួតពិនិត្យនេះ មន្រ្តីជំនាញបានរកឃើញទំនិញដែលខូចគុណភាព គ្រឿងសម្អាងហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន ៥មុខ ទម្ងន់សរុប ៣៦.០៦ គីឡូក្រាម ដែលមន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូត និងបានពន្យល់ណែនាំអាជីវករម្ចាស់ហាង ឲ្យបញ្ឈប់ការលក់ទំនិញមិនមានអនុលោមភាព ទំនិញហួសដឺឡេ ខូចគុណភាព ដែលនាំឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់៕