ភ្នំពេញ ៖ មន្ត្រីអាវុធហត្ថស្រុកពារាំង បានចុះល្បាតក្នុងមូលដ្ឋាន ស្រាប់តែប្រទះឃើញអ្នកឆក់ត្រី លុះចុះទៅសាកសួរ ស្រាប់តែជនសង្ស័យបានស្ទុះរត់គេចខ្លួនបាត់ ដោយបន្សល់ទុកម៉ូតូ ១គ្រឿង រួមនិងឧបករណ៍ឆក់ត្រី នៅនឹងកន្លែងកើតហេតុ រួចត្រូវបានមន្ត្រីអាវុធហត្ថ ដកហូតយកទៅរក្សាទុក ស្រាប់តែក្រោយមក មានព័ត៌មានលេចឮថា មន្ត្រីកងរាជអាវុធហត្ថស្រុកពារាំង បានទារលុយពីអ្នកឆក់ត្រី ចំនួន ៨០ម៉ឺនរៀល ជាថ្នូរនឹងការប្រគល់ម៉ូតូឱ្យវិញ ដែលករណីនេះ មេបញ្ជាការអាវុធហត្ថខេត្តព្រៃវែង កំពុងបើកការស៊ើបអង្កេតទៅលើមន្ត្រីអាវុធហត្ថពាក់ព័ន្ធ ចំនួន២នាក់។

តាមប្រភពព័ត៌មាន ពីលោកឧត្តមសេនីយត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យដឹងកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ពាក់ព័ន្ធករណីមន្ត្រីកងរាជអាវុធហត្ថស្រុកពារាំង ទារលុយពីអ្នកឆក់ត្រី ចំនួន៨០ម៉ឺនរៀល ជាថ្នូរនឹងការប្រគល់ម៉ូតូ ឱ្យវិញ កងរាជអាវុធហត្ថ ប្រកាសបញ្ជាក់ជូនដូចខាងក្រោម ៖
១-អង្គហេតុ ៖ នៅវេលាម៉ោង ៨យប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកអនុសេនីយ៍ត្រី ឃៀម សុខា មេបញ្ជា ការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពារាំង បានចុះល្បាតតាមភូមិសាស្ត្រ ដោយមានការឯកភាពពីលោកវរ សេនីយ៍ត្រី អន សូរវង្ស មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកពារាំង។ នៅវេលាម៉ោង១០យប់ ថ្ងៃដដែល ក៏បានប្រទះឃើញជនសង្ស័យ កំពុងឆក់ត្រី នៅចំណុចភូមិពាមពពិល ឃុំរាប ស្រុកពារាំង ហើយក៏បានសំដៅទៅជនសង្ស័យ ប៉ុន្តែជនសង្ស័យបានរត់គេចខ្លួន ដោយបន្សល់ទុកម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1M-3033 ដុំឆក់១ ពិល១ ខ្សែភ្លើង ប្រវែង៤ម៉ែត្រ និងកន្ត្រកដាក់ត្រី ចំនួន១។ បច្ចុប្ប ន្នវត្ថុតាងត្រូវបានដកហូតយកទៅរក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកពារាំង។
២-អំពីវិធានការ ៖ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង បាននិងកំពុងចាត់វិធានការត្រួតពិនិត្យចំពោះបុគ្គល ចំនួន២រូប ៖ ១-វរសេនីយ៍ត្រី អន សូរវង្ស មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកពារាំង និង២-អនុសេនីយ៍ត្រី ឃៀម សុខា មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពារាំង។
៣-អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នឹងធ្វើសេចក្តីប្រកាសព័ត៌មានជូនជ្រាប ក្រោយពីស្រាវជ្រាវ ស៊ើបអង្កេតចប់តាមនីតិវិធី៕