Friday, December 12, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លើងឆេះរោងចក្រកាត់ដេរ ផ្អើលកម្មករ

ភ្លើងឆេះរោងចក្រកាត់ដេរ ផ្អើលកម្មករ

ខេត្តកំពង់ស្ពឺ ៖ រោងចក្រកាត់ដេរសម្លៀកបំពាក់ ១កន្លែង យីហោ ហាយ យ៉ុន ហ្គាមិន (Hui Yuan Garment Co.Ltd)  ត្រូវអគ្គិភ័យឆាបឆេះ បង្កឱ្យមានការភ្ញាក់ផ្អើលដល់កម្មករ កម្មការិនី រត់ចេញប្រសាច។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង១និង៣៥នាទីរសៀល ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតនៅចំណុចរោងចក្រ ហាយ យ៉ុន ហ្គាមិន (Hui Yuan Garment Co.Ltd) មានទីតាំងស្ថិតនៅភូមិស្នោទី១ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ខណៈកម្មករ-កម្មការិនីរោងចក្រ ហាយ យ៉ុន ហ្គាមិន កំពុងបំពេញការងារដូចសព្វមួយដង ស្រាប់តែនៅវេលាម៉ោង១និង៣៥នាទីរសៀល មានករណីអគ្គិភ័យឆាបឆេះកម្ទេចក្រណាត់ នៅមុខឃ្លាំងរោងចក្រ បង្កឱ្យមានការភ្ញាក់ផ្អើល ក្រុមកម្មករ បាននាំគ្នាចេញព្រោងព្រាត និងបានធ្វើការរាយការណ៍ទៅសមត្ថកិច្ច ដើម្បីជួយអន្តរាគមន៍ពន្លត់ភ្លាមៗផងដែរ។

ក្រោយទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចបានជួយអន្តរាគមន៍ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន២គ្រឿង ក្នុងនោះ មានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត ចំនួន១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលក្រុងច្បារមន ចំនួន១គ្រឿង ដើម្បីបាញ់ពន្លត់ រហូតដល់ភ្លើងបានរលត់ទៅវិញទាំង ស្រុង នៅវេលាម៉ោង២និង០៥នាទីរសៀល ថ្ងៃដដែល។

នៅក្នុងហេតុការណ៍អគ្គិភ័យខាងលើនេះ មិនបណ្តាលឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ គ្រាន់តែរងការខូចខាតសម្ភារៈតិចតួចប៉ុណ្ណោះ។ ចំពោះមូលហេតុ សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ៕

RELATED ARTICLES