ខេត្តកំពត ៖ ជារឿងដ៏គួរឱ្យសង្វេគ និងរន្ធត់ចិត្ត បំផុតសម្រាប់គូស្នេហ៍មួយគូនេះ ខណៈដល់ថ្ងៃចូលរោងការទៅហើយ បែរជាកើតរឿងអកុសល ត្រូវរុះរោងការ ប្តូរទៅជារោងបុណ្យសពទៅវិញ បន្ទាប់ពីកូនកំលោះ បានដេកស្លាប់ សង្ស័យគាំងបេះដូង ធ្វើឱ្យកូនក្រមុំ ប្រកាសរំសាយពិធីមង្គលការ។

កូនកំលោះដែលដេកស្លាប់ចោលកូនក្រមុំ មានឈ្មោះអេង ធារិទ្ធ អាយុ២៩ឆ្នាំ បានទទួលស្លាប់កាលពីវេលាម៉ោង ៥ទៀបភ្លឺ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ចំណែកសាមីខ្លួនកូនក្រមុំ ដែលត្រូវមេម៉ាយខាន់ស្លា មានឈ្មោះ សុន ក្ចុំ អាយុ២៧ឆ្នាំ ។ កូនកំលោះក្រមនេះ ត្រូវចូលរោងការនៅល្ងាចថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ និងរៀបការ ទទួលភ្ញៀវពិសាភោជនាហារ នៅល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នៅគេហដ្ឋានខាងកូនក្រមុំ ស្ថិតក្នុងភូមិសុភី ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត។

សាមីខ្លួនកូនក្រមុំ ឈ្មោះ សុន ក្ចុំ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បានបង្ហោះរូបលិខិតអញ្ជើញភ្ញៀវកិត្តិយសចូលរួមអាពាហ៍ពិពាហ៍របស់ខ្លួន ចំនួន២សន្លឹក ព្រមទាំងរូបថតតៀមរៀបការរបស់ខ្លួនជាមួយកូនកំលោះ ចំនួន២សន្លឹក ភ្ជាប់ជាមួយនឹងសំណេរថា “មង្គលការនាងខ្ញុំ សូមរំសាយជាចាំបាច់ ដោយនាងខ្ញុំ និងក្រុមគ្រួសារ កាន់ទុក្ខ ដោយគូដណ្តឹងនាងខ្ញុំ បានចាកចោលខ្ញុំរហូតហើយ។ សូមសុំការអធ្យាស្រ័យផង សូមអរគុណ…”។ឆ្លើយតបទៅនឹងការសាកសួរពីសំណាក់មិត្តភក្តិ ក្នុងបណ្តាញសង្គម សាមីខ្លួនកូនក្រមុំ ឈ្មោះសុន ក្ចុំ បានបញ្ជាក់ថា “គូដណ្តឹងខ្ញុំ គាត់សម្រាន្តស្លាប់អត់ដឹងខ្លួនទេបងៗ…”។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ សាមីកូនក្រមុំ ឈ្មោះសុន ក្ចុំ បានធ្វើការផ្លាស់ប្តូររូបប្រូហ្វាល់គណនីហ្វេសប៊ុក របស់ខ្លួន ជារូបកាន់ទុក្ខ ភ្ជាប់ជាមួយសំណេរថា “ម៉េចបងទៅចោលអូនចឹងបងអើយ អេង ធារិទ្ធ…”។
ចំណែកនារីឈ្មោះ អេង ស្រីតូច ត្រូវជាប្អូនស្រីបង្កើតរបស់កូនកំលោះ បានសរសេរថា “ខំរៀបចំអីវ៉ាន់ ទៅការបង ប្អូនមិនជឿទេ បងប្រុសតែម្នាក់របស់ប្អូន បងប្រុសលាទៅរហូតហើយ មានតែពីរនាក់បងប្អូន ហេតុអីដាច់ ចិត្តម៉្លេះ? ទៅដោយគ្មានលាមួយមាត់សោះ…”។

ប្អូនស្រីកូនកំលោះ បានបង្ហោះរូបភាពកូនកំលោះ កាលនៅរស់ ជាមួយសំណេរបន្ថែមថា “បងហា! ស្អែកបងចូលរោងការហើយ ម៉េចបងចិត្តដាច់ ទៅចោលកូនក្រមុំបងចឹង…”។

ប្អូនស្រីកូនកំលោះ បានសរសេរបន្ថែមនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ថា “ពិធីបុណ្យគម្រប់ប្រាំពីរថ្ងៃ របស់បងប្រុស អេង ធារិទ្ធ នាងខ្ញុំនិងក្រុមគ្រួសារ មានទុក្ខជាទម្ងន់ ដោយបាត់បង់បងប្រុស ឈ្មោះអេង ធារិទ្ធ បានទទួលមរណភាព កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង៥ព្រឹក ដោយរោគាពាធ ក្នុងជន្មាយុ ២៩ឆ្នាំ។ ដំណឹងដ៏ក្រៀមក្រំនេះ ចាត់ទុកជាការអញ្ជើញដល់ញាតិមិត្តជិតឆ្ងាយ កម្មវិធីបុណ្យថ្ងៃទី 1/01/2026 ម៉ោង២ៈ០០រសៀល លុះព្រឹកឡើង ថ្ងៃទី 2/1/2026 ប្រគេនចង្ហាន់ ជាកិច្ចបង្ហើយបុណ្យ…”។

ជុំវិញរឿងរ៉ាវដ៏សោកសង្រេងខាងលើនេះ បានធ្វើឱ្យមហាជន ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម សម្តែងនូវទឹកចិត្តអាណិតអាសូរចំពោះគូស្នេហ៍ខាងលើជាខ្លាំង ពិសេសសង្វេគអាណិតដល់សាមីខ្លួនកូនក្រមុំ ដែលជួបរឿងព្រាត់និរាសមនុស្សជាទីស្រលាញ់ ចំថ្ងៃចូលរោង ប្រែក្លាយជារោងបុណ្យសពបែបនេះ៕ ដារិទ្ធ

