Wednesday, January 14, 2026
Homeព័ត៌មានជាតិមន្ត្រីជាន់ខ្ពស់ រំលឹកមន្ត្រីជំនាញ បង្កើនការត្រួតពិនិត្យជនបរទេស

មន្ត្រីជាន់ខ្ពស់ រំលឹកមន្ត្រីជំនាញ បង្កើនការត្រួតពិនិត្យជនបរទេស

ភ្នំពេញៈ លោកបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានក្រើនរំលឹកដល់មន្ត្រីនៃអគ្គនាយ កដ្ឋានអន្តោប្រវេសន៍ ត្រូវបង្កើនការត្រួតពិនិត្យចំពោះការចេញ-ចូលរបស់ជនបរទេស ឱ្យបានហ្មត់ចត់ និងមាន ប្រសិទ្ធភាពថែមទៀត សំដៅធានាឆ្លើយតបបានទាំង សំណូមពរនៃការថែរក្សាសន្តិសុខជាតិ និងការអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍។

លោកបណ្ឌិត គៀត ច័ន្ទថារិទ្ធ បានក្រើនរំលឹកបែបនេះ ក្នុងឱកាសអញ្ជើញជាតំណាងលោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចូលរួមជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ កាលពីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦។

លោកបណ្ឌិត គៀត ច័ន្ទថារិទ្ធ បានថ្លែងថា សូមឱ្យមន្ត្រីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ត្រូវបង្កើនការត្រួត ពិនិត្យចំពោះការចេញ-ចូលរបស់ជនបរទេស ឱ្យបានហ្មត់ចត់ និងមានប្រសិទ្ធភាពថែមទៀត ទាំងការលើក កម្ពស់សមត្ថភាពគ្រប់គ្រងនៅតាមច្រកទ្វារគ្រប់ប្រភេទ និងការបង្ការទប់ស្កាត់មិនឱ្យមានការជ្រៀតចូលខុស ច្បាប់ សំដៅធានាឆ្លើយតបបានទាំងសំណូមពរនៃការថែរក្សាសន្តិសុខជាតិ និងការអនុវត្តច្បាប់ស្តីពីអន្តោ ប្រវេសន៍។

លោក គៀត ច័ន្ទថារិទ្ធ បានបន្តថា ចំពោះការងារគ្រប់គ្រងជនបរទេសអន្តោប្រវេសន្ត ត្រូវបន្តផ្សព្វផ្សាយនិងជំរុញឱ្យអ្នកដែលគ្រប់អាយុ និងអ្នកដែលត្រូវបន្តសុពលភាព មកដាក់ពាក្យស្នើសុំប័ណ្ណ និងបន្តសុពលភាពប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ ឱ្យបានទាន់ពេលវេលា ព្រមទាំងបំពេញកាតព្វកិច្ចនានា ស្របតាមច្បាប់ស្តីពីអន្តោ ប្រវេសន៍ ជាមួយនេះ ត្រូវចាត់វិធានការតឹងរ៉ឹង និងម៉ឺងម៉ាត់ចំពោះជនណាដែលរឹងរូស។

លោកក៏បានណែនាំដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវបន្តខិតខំចាត់វិធានការស្រាវជ្រាវ ស៊ើបអង្កត ស្វែងរកមុខសញ្ញាជនបរទេសដែលលួចជ្រៀតចូលមកស្នាក់នៅខុសច្បាប់ និងប្រព្រឹត្តបទល្មើសនានា ដោយបង្កើនកិច្ចសហការផ្លាស់ប្តូរព័ត៌មានជាមួយសមត្ថកិច្ចបរទេសជាមិត្ត ដើម្បី ទទួលបានព័ត៌មានទាក់ទងមុខសញ្ញានានា និងត្រូវមានវិធានការគ្រប់គ្រងជនបរទេស ឱ្យបានហ្មត់ចត់ ធ្វើយ៉ាងណាឱ្យបរិយាកាសសន្តិសុខសណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គម មានភាពល្អប្រសើរ ដើម្បីបម្រើដល់គោលនយោបាយទេសចរណ៍ និងទាក់ទាញវិនិយោ គិនបរទេស ចូលមកក្នុងប្រទេសកម្ពុជា កាន់តែច្រើនឡើងបន្ថែមទៀត។

លោកបណ្ឌិត ក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំនិងកងកម្លាំងទាំងអស់ ដែលបានខិតខំបំពេញការងារ ទាំងកម្លាំងកាយនិងកម្លាំងចិត្ត នាពេលកន្លងមក។ ក្នុងនោះលោកក៏សូមចូលរួមអបអរសាទរចំពោះលទ្ធផលដែលសម្រេចបានដ៏ត្រចះត្រចង់ រយៈពេលពេញមួយឆ្នាំ ហើយក៏សូមគាំទ្រចំពោះការលើកទិសដៅការងាររបស់អគ្គនាយករដ្ឋានអន្តោប្រវេសន៍ ដែលបានដាក់ចេញផងដែរ។

ថ្លែងក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោកឧត្តមសេនីយ៍ឯក សុខ វាសនា បានលើកឡើងថា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបណ្តេញជនបរទេសចំនួន ១៣ ៥៥៧នាក់ ស្មើ ៦៦សញ្ជាតិ បើប្រៀបធៀបរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤ មានការកើន ឡើង ៧៧០៥នាក់ ស្មើនឹង ៥៦,៨៣ភាគរយ។

បើតាមលោកឧត្តមសេនីយ៍ឯក សុខ វាសនាបានលើកឡើងថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលជាសេនា ធិការជូនក្រសួងមហាផ្ទៃ លើការងារគ្រប់គ្រងអន្តោប្រវេសន៍ បានចូលរួមចំណែកយ៉ាងសកម្មដល់ការធានាសន្តិសុខនិងសុវត្ថិភាពសង្គម តាមរយៈកិច្ចខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ដោយស្មារតីទទួលខុសត្រូវខ្ពស់ ពិសេសលើការត្រួតពិនិត្យដំណើរចេញ-ចូលប្រទេស  ការគ្រប់គ្រងវត្តមានជនបរទេសនៅផ្ទៃក្នុងប្រទេស ការងារគ្រប់គ្រងពលករបរទេស ការគ្រប់គ្រងជនបរទេសអន្តោប្រវេសន្ត និងជនភៀសខ្លួននោះ បានចាត់វិធាន ការយ៉ាងម៉ឺងម៉ាត់ក្នុងការស្រាវជ្រាវ ស៊ើបអង្កេតស្វែងរកឧក្រិដ្ឋជនបរទេសដែលចូលមកសំងំលាក់ខ្លួន និងជន បរទេសដែលបានលួចចូលស្នាក់នៅនិងធ្វើការខុសច្បាប់ក្នុងប្រទេសកម្ពុជា យ៉ាងមានប្រសិទ្ធភាព។

លោកឧត្តមសេនីយ៍ឯក សុខ វាសនា បានបន្តថា ទន្ទឹមនេះអគ្គនាយកដ្ឋាន បានខិតខំបង្កើនការយកចិត្តទុក ដាក់ក្នុងការអភិវឌ្ឍសមត្ថភាពជំនាញ ដល់មន្ត្រីនគរបាលអន្តោប្រវេសន៍ ការរៀបចំកែសម្រួលរចនាសម្ព័ន្ធតួនា ទីភារកិច្ច និងបានរៀបចំសេចក្តីព្រាងច្បាប់ស្តីពីអន្តោប្រវេសន៍ថ្មី អនុក្រឹត្យ និងលិខិតបទដ្ឋានគតិយុត្តមួយចំនួនទៀត ពាក់ព័ន្ធនឹងការងារអន្តោប្រវេសន៍ ដើម្បីឱ្យស្របនឹងស្ថានភាពនិងការវិវត្តរីកចម្រើនរបស់ប្រទេសជាតិ នាពេលបច្ចុប្បន្នផងដែរ។

លោកឧត្តមសេនីយ៍ឯក បានលើកឡើងបន្ថែមទៀតថា អគ្គនាយកដ្ឋាន ក៏បានរៀបចំកសាងប្រព័ន្ធបច្ចេកវិទ្យា ជាច្រើន សម្រាប់បម្រើដល់កិច្ចការអន្តោប្រវេសន៍ ដែលកាន់តែបង្កភាពងាយស្រួលនិងឆាប់រហ័សដល់ការងារជំនាញប្រចាំថ្ងៃ និងប្រកបដោយសុវត្ថិភាពខ្ពស់ ដើម្បីសំដៅ ធានានូវការបំពេញតួនាទីជាសេនាធិការជូនក្រ សួងមហាផ្ទៃ ប្រកបដោយការទទួលខុសត្រូវ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានរៀបចំផែនការយុទ្ធសាស្ត្រ រយៈពេល៣ឆ្នាំ (២០២៥-២០២៨) ដើម្បីធ្វើជាផែនទីចង្អុលផ្លូវ សំដៅចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្ររបស់ក្រ សួងមហាផ្ទៃ ដូចមានចែងក្នុងយុទ្ធសាស្ត្រទី២ “ការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម” នៃផែនការយុទ្ធសាស្ត្ររបស់ក្រសួងមហាផ្ទៃ (២០២៥-២០២៨) ស្តីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដោយបានដាក់ចេញនូវយុទ្ធសាស្ត្រសំខាន់ៗចំនួន៥ រួមមាន ៖

ទី១-ពង្រឹងការគ្រប់គ្រងការចូលចេញ និងឆ្លងកាត់នៅតាមច្រកទ្វារគ្រប់ប្រភេទ និងលើកកម្ពស់សេវាផ្តល់ទិដ្ឋាការ។

ទី២-ពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងជនបរទេសមិនមែនអន្តោប្រវេសន្ត ជនបរទេសអន្តោប្រវេសន្ត និងជនភៀសខ្លួន ជនបរទេសជាអ្នកវិនិយោគឯកជន អ្នកប្រកបមុខរបរ និងហត្ថពលករបរទេស។

ទី៣-ពង្រឹងការអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។

ទី៤-ពង្រឹងសមត្ថភាពអគ្គនាយកដ្ឋាន និងសមត្ថភាពមន្ត្រីអន្តោប្រវេសន៍។

ទី៥-ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាតិ អន្តរជាតិ ដើម្បីផ្តល់ការគាំទ្រគ្នាទៅវិញទៅមក ការផ្លាស់ប្តូរព័ត៌មាននិងបទពិសោធន៍ សំដៅបង្ការទប់ស្កាត់និងបង្ក្រាបបទល្មើសអន្តោប្រវេសន៍ និងឧក្រិដ្ឋកម្មឆ្លងដែននានា៕

RELATED ARTICLES