Tuesday, January 20, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមមេគុក និងព្រះរាជអាជ្ញារង ទណ្ឌិតប្តឹងទារ ២០ម៉ឺនដុល្លារ

មេគុក និងព្រះរាជអាជ្ញារង ទណ្ឌិតប្តឹងទារ ២០ម៉ឺនដុល្លារ

ខេត្តព្រះវិហារ ៖ យុវជនជាជនជាតិដើមភាគតិចកួយ ម្នាក់ បានដាក់ពាក្យបណ្តឹង ប្តឹងលោកយន់ ម៉ានី ប្រធានពន្ធនាគារខេត្តព្រះវិហារ និងលោកស្រេង វុទ្ធា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ទទួលបន្ទុកកិច្ចការពន្ធនាគារ ពីបទប៉ះពាល់ដល់សេរីភាពបុគ្គល បទមិនព្រមដោះលែងបុគ្គលដែលត្រូវបានឃុំដោយខុសច្បាប់ និងបទអូសបន្លាយការឃុំខ្លួនដោយខុសច្បាប់ (ឃុំខ្លួនលើសពេលកំណត់ ៤ថ្ងៃ) ដោយទាម ទារសំណងជំងឺចិត្ត ចំនួន២០ម៉ឺនដុល្លារអាមេរិក។

យុវជនជាដើមបណ្តឹង មានឈ្មោះម៉ៅ វាសនា អាយុ១៨ឆ្នាំ ជនជាតិខ្មែរ-កួយ មានលំនៅ ភូមិអន្លង់ភេ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ពាក្យបណ្តឹងរបស់យុវជន ម៉ៅ វាសនា មានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖

ខ្ញុំបាទឈ្មោះម៉ៅ វាសនា អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ-កួយ អាសយដ្ឋាន ភូមិអន្លង់ភេ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ លេខទូរស័ព្ទ ០៨៨ ៨០០ ២៤៧៧។

សូមគោរពចូលមក ឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ

កម្មវត្ថុ ៖ ប្តឹងបុគ្គលដែលមានតួនាទីដូចខាងក្រោម ៖

១- លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ យន់ ម៉ានី ជាប្រធានពន្ធនាគារខេត្តព្រះវិហារ

២- លោក ស្រេង វុទ្ធា តួនាទីជាព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ជាអ្នកទទួលបន្ទុកកិច្ចការពន្ធនាគារ។

ពីបទ ៖ ប៉ះពាល់ដល់សេរីភាពបុគ្គល បទមិនព្រមដោះលែងបុគ្គលដែលត្រូវបានឃុំដោយ ខុសច្បាប់ និងបទអូសបន្លាយការឃុំខ្លួនដោយខុសច្បាប់

យោង ៖

-មាត្រា ៣៨ នៃរដ្ឋធម្មនុញ្ញ ព្រះរាជាណាចក្រកម្ពុជា។

-មាត្រាមាត្រា៥៨៨ មាត្រា៥៨៩ និងមាត្រា៥៩១ នៃក្រមព្រហ្មទណ្ឌ។

-ដីកាបង្គាប់ឲ្យឃុំខ្លួនលេខ ១៣៤៩ គ.ព្រ/២៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤។

-សាលដីកាព្រហ្មទណ្ឌលេខ ៖ ៥៥០ ព្រ.ទ ក្ររ (ម.ម.ច) ចុះថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥។

-រូបភាពភ័ស្តុតាង (ថតចម្លង)។

តបតាមកម្មវត្ថុនិងយោងខាងលើ ខ្ញុំបាទសូមជម្រាបឯកឧត្តមព្រះរាជអាជ្ញា មេត្តាជ្រាបថា ៖ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ខ្ញុំបាទត្រូវបានសាលាដំបូងខេត្តព្រះវិហារ សម្រេចឃុំខ្លួន ពីបទ ៖ លួច តាមដីកាបង្គាប់ឲ្យឃុំខ្លួន លេខ ១៣៤៩ គ.ព្រ/២៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤។ ក្រោយមក សាលាដំបូងខេត្តព្រះវិហារ បានបើកសវនាការជំនុំជម្រះ និងចេញសាលក្រមព្រហ្មទណ្ឌ ផ្តន្ទាទោសលើជនជាប់ចោទ ឈ្មោះ ម៉ៅ វាសនា ភេទប្រុស អាយុ ១៧ឆ្នាំ ដាក់ពន្ធនាគារ កំណត់ចំនួន ០១ឆ្នាំ ពីបទ ៖ លួច បទល្មើសមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៥៣ និងមាត្រា៣៥៦ នៃ ក្រមព្រហ្មទណ្ឌ ដូចមានខ្លឹមសារចែងក្នុងសាលក្រមព្រហ្មទណ្ឌ លេខ ៖ ៣១ “ត” ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ របស់សាលាដំបូងខេត្តព្រះវិហារស្រាប់។ ដោយយល់ឃើញថា សាលា ដំបូង សម្រេចដាក់ទោសលើរូបខ្ញុំបាទ​ រហូតដល់ទៅ ០១ឆ្នាំ ទើបខ្ញុំបាទសម្រេចចិត្តប្តឹងឧទ្ធរណ៍នឹងសាលក្រមព្រហ្មទណ្ឌ លេខ ៖ ៣១ “គ” ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ របស់សាលាដំបូងខេត្តព្រះវិហារ ដើម្បីសុំបន្ធូរបន្ថយទោសតាមច្បាប់។

ក្រោយពីប្តឹងឧទ្ធរណ៍នឹងសាលក្រមព្រហ្មទណ្ឌខាងលើ សាលាឧទ្ធរណ៍ត្បូងឃ្មុំ បានសម្រេច កែប្រែសេចក្តីសាលក្រមព្រហ្មទណ្ឌ លេខ ៖ ៣១ “គ” ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ របស់សាលាដំបូងខេត្តព្រះវិហារ និងសម្រេចសាជាថ្មី ដោយផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ ម៉ៅ វាសនា ដាក់ពន្ធនាគារ កំណត់រយៈពេល ១០ខែ និង១៥ថ្ងៃ ពីបទ ៖ លួច ដូចមានចែងក្នុងផ្នែកទី៣ នៃសេចក្តីសម្រេចសាលដីកា លេខ ៖ ៥៤០ ព្រ.ទ (ម.ម.ច) ចុះថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ របស់សាលាឧទ្ធរណ៍ត្បូងឃ្មុំ ស្រាប់។

ឯកឧត្តមព្រះរាជអាជ្ញា ជាទីគោរព! ខ្ញុំបាទត្រូវបានពន្ធនាគារខេត្តព្រះវិហារ ដោះលែងឲ្យមានសេរីភាពវិញ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥។ ប៉ុន្តែខ្ញុំចង់បញ្ជាក់ថា ខ្ញុំបាទត្រូវបានឃុំខ្លួន ឬឃុំឃាំងលើសពេលកំណត់ ដែលខុសពីខ្លឹមសារសាលដីកាសាលាឧទ្ធរណ៍ត្បូងឃ្មុំ បង្គាប់ ពីព្រោះថា ផ្អែកតាមសាលដីកា លេខ ៖ ៥៤០ ព្រ.ទ (ម.ម.ច) ចុះថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ របស់សាលាឧទ្ធរណ៍ត្បូងឃ្មុំ ខ្ញុំបាទត្រូវជាប់ពន្ធនាគាររយៈពេល ១០ខែ និង១៥ថ្ងៃ ហើយបើគិតពីថ្ងៃតុលាការសម្រេចឃុំខ្លួន ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ខ្ញុំបាទត្រូវដោះលែងឲ្យមាន សេរីភាពវិញ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ ត្រូវនឹងថ្ងៃអាទិត្យ ៧រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្បិតចំថ្ងៃសៅ-អាទិត្យ ច្បាប់តម្រូវឲ្យដោះលែងមុនកំណត់ ពោលគឺនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ត្រូវនឹងថ្ងៃសុក្រ ខែកញ្ញា ឆ្នាំ២០២៥ ខណៈជាក់ស្តែង ខាង ពន្ធនាគារ បែរជាដោះលែងខ្ញុំ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ទៅវិញ។ ដូច្នេះខ្ញុំត្រូវបានឃុំខ្លួនលើសពេលកំណត់ ចំនួន៤ថ្ងៃ។

ឯកឧត្តមព្រះរាជអាជ្ញា ជាទីគោរព! ទង្វើរបស់លោក យន់ ម៉ានី ជាប្រធានពន្ធនាគារខេត្តព្រះវិហារ និងលោកស្រេង វុទ្ធា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ជាអ្នកទទួលបន្ទុកកិច្ចការពន្ធនាគារ គឺបានធ្វើការឃុំឃាំងខ្ញុំ លើសកាលកំណត់ ដែលផ្ទុយនឹង សាលដីកា លេខ ៖ ៥៤០ ព្រ.ទ (ម.ម.ច) ចុះថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ របស់សាលាឧទ្ធរណ៍ត្បូងឃ្មុំ ពេញទី! ការឃុំឃាំងលើសការកំណត់នេះ ជាការឃុំឃាំងដោយខុសច្បាប់ ប៉ះពាល់សិទ្ធិសេរីភាពរបស់ខ្ញុំ ដែលមានចែងក្នុងច្បាប់ និងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ទោះបីខ្ញុំជាទណ្ឌិតដែលផ្តន្ទាទោសដោយតុលាការមែន ខ្ញុំបាទទទួលស្គាល់កំហុសហើយ ប៉ុន្តែសុំកុំប្រើប្រាស់អំណាចរបស់ខ្លួន មកឃុំឃាំងខ្ញុំតាមតែអំពើចិត្តបែបនេះ ហេតុអ្វីបែរជាមកឃុំខ្ញុំបាទលើសពេលកំណត់ ដោយតុលាការទៅវិញ? ខ្ញុំបាទមើលឃើញថា នេះជាភាពអយុត្តិធម៌សម្រាប់ខ្ញុំបាទយ៉ាងធ្ងន់ធ្ងរ។

ខ្ញុំបាទសូមសំណូមពរដូចខាងក្រោម ៖

១- ស្នើសុំផ្តន្ទាទោសលោក យន់ ម៉ានី និងលោកស្រេង វុទ្ធា តាមច្បាប់។

២- ស្នើសុំសំណងជំងឺចិត្ត ចំនួន ២០០ ០០០ដុល្លារ (ម្ភៃម៉ឺនដុល្លារអាមេរិក)។

អាស្រ័យដូចបានជម្រាបខាងលើ សូមឯកឧត្តមព្រះរាជអាជ្ញា មេត្តាពិនិត្យ និងចាត់ការតាមនីតិវិធីច្បាប់ ដោយក្តីអនុគ្រោះ…។

ជុំវិញរឿងរ៉ាវខាងលើនេះ “នគរធំ” នៅមិនអាចទាក់ទងសុំការបំភ្លឺពីសាមីខ្លួនលោក យន់ ម៉ានី ប្រធានពន្ធនាគារខេត្តព្រះវិហារ និងលោកស្រេង វុទ្ធា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ បានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

ទោះបីជាយ៉ាងណា កាលពីនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៧ ពន្ធនាគារខេត្តព្រះវិហារ បានចេញលិខិតបំភ្លឺព័ត៌ មានមួយ ចំពោះករណីចុះផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុក របស់គណនីហ្វេសប៊ុក ឈ្មោះ Em Soksovann ដែលមានខ្លឹមសារទាំងស្រុងថា «អង្គភាពពន្ធនាគារខេត្តព្រះវិហារ សូមជម្រាបជូនដល់បងប្អូនសាធារណជន ប្រជាពលរដ្ឋ ក្រុមគ្រួសារសាច់ញាតិ អ្នកសារព័ត៌មាន និងបុគ្គលឈ្មោះ ម៉ៅ វាសនា និងឈ្មោះ Em Soksovann ជ្រាបថា ៖ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ មានគណនីហ្វេកប៊ុកផេក ឈ្មោះ Em Soksovann បានបង្ហោះខ្លឹមសារនិងរូបភាពតាមបណ្តាញសង្គម ហ្វេសប៊ុក ថា “យុវជនជាជនជាតិដើមភាគ តិចខ្មែរ-កួយ អាយុ១៨ឆ្នាំ ប្តឹងមេគុកព្រះវិហារ និងព្រះរាជអាជ្ញារង ទៅតុលាការខេត្តព្រះវិហារ ប្តឹងបុគ្គលដែលមានតួនាទីដូចខាងក្រោម ៖ ១-លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ យន់ ម៉ានី ជាប្រធានពន្ធនាគារខេត្តព្រះវិហារ ២-លោក ស្រេង វុទ្ធា តួនាទីជាព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ជាអ្នកទទួលបន្ទុកកិច្ចការពន្ធនាគារ ពីបទប៉ះពាល់ដល់សេរីភាពបុគ្គល បទមិនព្រមដោះលែងបុគ្គលដែលត្រូវបានឃុំដោយខុសច្បាប់ និងបទអូសបន្លាយការឃុំខ្លួនដោយខុសច្បាប់” ។

ពាក់ព័ន្ធការផ្សាយខាងលើនេះ អង្គភាពពន្ធនាគារខេត្តព្រះវិហារ សូមធ្វើការបញ្ជាក់ជូនថា ៖ កាលពីវេលាម៉ោង ០៥និង៣០នាទីល្ងាច ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ពន្ធនាគារខេត្តព្រះវិហារ បានទទួលជនជាប់ឃុំ ចាប់ចូលថ្មី ចំនួន ០១នាក់ ឈ្មោះ ម៉ៅ វាសនា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកឡាន ទីកន្លែងកំណើត ភូមិឆ្នាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង មានលំនៅមុនពេលឃុំខ្លួន ភូមិចម្ការលើ ឃុំចម្ការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង តាមដីកាបង្គាប់ឱ្យឃុំខ្លួន លេខ ១៣៤៩ គ.ព្រះ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ របស់សាលាដំបូងខេត្តព្រះវិហារ ពីបទអំពើលួច ប្រព្រឹត្តិនៅភូមិម៉ឺនរាជ ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ កាលពីថ្ងៃទី២៧ ខែ តុលា ឆ្នាំ២០២៤ ។ ជនជាប់ឃុំរូបនេះ ត្រូវបានសាលាដំបូងខេត្តព្រះវិហារ ធ្វើការជំនុំជម្រះ នៅថ្ងៃទី១៩ ខែមីណា ឆ្នាំ២០២៥ ចំពោះមុខជនជាប់ចោទឈ្មោះ ម៉ៅ វាសនា និងសម្រេចផ្តន្ទាទោសដាក់ពន្ធ នាគារ កំណត់រយៈពេល ០១ (មួយ) ឆ្នាំ ពីបទអំពើលួច តាមអំណាចសាលក្រមព្រហ្មទណ្ឌ លេខ ៣១ “គ” ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ របស់ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តព្រះវិហារ ។ លោក រិន ដេវីដ ដែលជាមេធាវីការពារក្តីឱ្យជនជាប់ចោទឈ្មោះ ម៉ៅ វាសនា បានធ្វើការប្តឹងឧទ្ធរណ៍ជំទាស់នឹងសេចក្តីសម្រេចរបស់សាលាដំបូងខេត្តព្រះវិហារ ហើយត្រូវបានសាលាឧទ្ធរណ៍ត្បូងឃ្មុំ បើកសវនាការនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ដោយបានកែប្រែសម្រេចសេចក្ដីនៃសាលក្រមព្រហ្ម ទណ្ឌលេខ ៣១ «គ” ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ របស់សាលាដំបូងខេត្តព្រះវិហារ និងសម្រេចជាថ្មី ផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ ម៉ៅ វាសនា ដាក់ពន្ធ នាគារ កំណត់រយៈពេល ១០ខែ ១៥ថ្ងៃ ពីបទលួច តាមអំណាចសាលដីកាព្រហ្មទណ្ឌ លេខ ៥៤០ ព្រ.ទ ក្រវ (ម.ម.ច) ចុះថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ របស់សាលាឧទ្ធរណ៍ត្បូងឃ្មុំ ។ បន្ទាប់ពីជននេះ បានអនុវត្តទោសពន្ធនាគារគ្រប់ចំនួនដែលបានផ្តន្ទាទោស ពន្ធនាគារខេត្តព្រះវិហារ យើងខ្ញុំ បានធ្វើ ការដោះលែងជននេះ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ តាមដីកាបង្គាប់ឱ្យដោះលែង លេខ ១៩៦ អ.ក ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ របស់អយ្យការអមសាលាដំបូងខេត្តព្រះវិហារ ។

អង្គភាពពន្ធនាគារខេត្តព្រះវិហារ សូមធ្វើការបដិសេធទាំងស្រុង ចំពោះការបង្ហោះខ្លឹមសារ និងរូបភាព តាមបណ្តាញសង្គមហ្វេសបុក របស់គណនីហ្វេសប៊ុកផេក ឈ្មោះ Em Soksovann និង បណ្តឹងរបស់បុគ្គលឈ្មោះ ម៉ៅ វាសនា គឺជាការបរិហារ ផ្ទុយពីការពិត ព្រោះអង្គភាពពន្ធនាគារខេត្តព្រះវិហារ បានអនុវត្តត្រឹមត្រូវតាមរាល់ ដីកាសម្រេចរបស់តុលាការ ហើយការបង្ហោះខ្លឹមសារបែបនេះ នឹងធ្វើឱ្យមានការភ័ន្តច្រឡំជាសាធារណៈ ឬជះ ឥទ្ធិពលអាក្រក់ដល់បណ្តាញសង្គម និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ស្ថានប័នតុលាការ និងថ្នាក់ដឹកនាំ ពន្ធនាគារ ។

អាស្រ័យហេតុនេះ សូមសាធារណជន និងអ្នកសារព័ត៌មាន មេត្តាជ្រាប»៕

RELATED ARTICLES