ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក សុខ លីហួត អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហា ផ្ទៃ ត្រូវបានសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ដកហូតមុខតំណែង ឱ្យមកជាមន្ត្រីធម្មតា ដែលជាការអនុវត្តទណ្ឌកម្មខាងវិន័យ ចំពោះមន្ត្រីនគរបាលជាតិ តាមការស្នើសុំរបស់រដ្ឋមន្ត្រីក្រ សួងមហាផ្ទៃ។

ជាមួយនេះ ក្រៅពីត្រូវបាននាយករដ្ឋមន្ត្រី ដកហូតមុខតំណែង នាយនគរបាលរូបនេះ ក៏ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់បន្ថយឋានន្តរស័ក្តិ ពីឧត្តមសេនីយ៍ឯក (ផ្កាយ៣) ឲ្យមកត្រឹមថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយ២) ផងដែរ។
យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា លេខ ៣០ អនក្រ.តត ចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ដែលចុះ ហត្ថលេខាដោយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស្តីពីការអនុវត្តទណ្ឌកម្មខាងវិន័យ ចំពោះមន្ត្រីនគរបាលជាតិ បានសម្រេចដកហូតមុខតំណែង ពីឧត្តមសេនីយ៍ឯក សុខ លីហួត អត្តលេខ ០២២២២ ពីអគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ឱ្យមកជាមន្ត្រី។
ចំណែកនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា ក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ លេខ នស/រកត/០១២៦/០៦០ ត្រាស់បង្គាប់បន្ថយឋានន្តរស័ក្តិ ពីឧត្តមសេនីយ៍ឯក (ផ្កាយ៣) ឲ្យមកត្រឹមថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយ២) ដល់លោក សុខ លីហួត អត្តលេខ ០២២២២ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ផងដែរ។
ជាការគួរកត់សម្គាល់ផងដែរ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ នោះដែរ លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានសម្រេចអនុវត្តទណ្ឌកម្មខាងវិន័យ ចំពោះឧត្តមសេនីយ៍ត្រី ចាន់ សុផា អត្តលេខ ០២០៥៦ តាមរូបភាពដកហូតមុខតំណែង ពីស្នងការរង ទទួលការងារព្រំដែន ទទួលការងារព្រំដែន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ឱ្យមកជាមន្ត្រី ដោយមូលហេតុល្មើសបទវិន័យនគរបាលជាតិកម្ពុជា ។
បន្ថែមពីលើនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានសម្រេចផ្អាកការងារបណ្តោះអាសន្ន ចំពោះវរសេនីយ៍ទោ ចាន់ សុធា អត្តលេខ ៥៦៩៤៥ មេបញ្ជាការរង វរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៧០១ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ មូលហេតុល្មើសបទវិន័យនគរបាលជាតិ។
រីមន្ត្រីនគរបាល ចំនួន ៤រូបទៀត នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ក៏ត្រូវបានដកហូតមុខតំណែង និងបន្ថយឋានន្តរស័ក្តិ ចំនួន ១ថ្នាក់ ក្នុងនោះរួមមាន ៖
១. វរសេនីយ៍ត្រី ទិព្វ និទ្ធី អត្តលេខ ៥៦៩៧២ ពីមេបញ្ជាការរងវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៧០១ ត្រូវមកជាមន្ត្រី និងបន្ថយឋានន្តរស័ក្តិ ចំនួន ១ថ្នាក់ ឱ្យមកនៅត្រឹមថ្នាក់អនុសេនីយ៍ឯក ។
២. អនុសេនីយ៍ឯក ឋាន វិចិត្រ អត្តលេខ ៧១៥៦៩ ពីនាយរងផ្នែកសុខាភិបាល នៃវរសេនា តូចនគរបាលការពារព្រំដែនគោក លេខ៧០១ ឱ្យមកជាមន្ត្រី និងបន្ថយឋានន្តរស័ក្តិ ចំនួន ១ថ្នាក់ ឱ្យមកនៅត្រឹមថ្នាក់អនុសេនីយ៍ទោ ។
៣. អនុសេនីយ៍ទោ សៅ សុភាព អត្តលេខ ៧១៦០៩ ពីនាយរងប៉ុស្តិ៍នគរបាលការពារព្រំដែន គោកណាអូង នៃវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៧០១ ឱ្យមកជាមន្ត្រី និងបន្ថយឋានន្តរស័ក្តិ ចំនួន ១ថ្នាក់ ឱ្យមកនៅត្រឹមថ្នាក់អនុសេនីយ៍ត្រី ។
៤. អនុសេនីយ៍ត្រី ចាន់ សុភ័ក្រ អត្តលេខ ៩៥៧៥៣ មន្ត្រី ឱ្យមកនៅត្រឹមថ្នាក់ព្រិន្ទបាលឯក។

សូមបញ្ជាក់ថា ក្នុងចំណោមមន្ត្រីប៉ូលិសទាំង៥រូប ខាងលើ មាន២រូប ជាឪពុកនិងកូនបង្កើត គឺលោកឧត្តមសេ នីយ៍ត្រី ចាន់ សុផា និងលោកអនុសេនីយ៍ត្រី ចាន់ សុភ័ក្រ ៕ ខៀវទុំ