ភ្នំពេញ ៖ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្រាជធានីភ្នំពេញ បានធ្វើការបង្ក្រាបសាច់ជ្រូក និងសាច់មាន់បង្កក ចំនួន១១,៥តោន ដែលគ្មានគុណភាពនិងសុវត្ថិភាព យកទៅដុតបំផ្លាញចោល។

តាមប្រភពស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំបង្ក្រាបដោយលោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរង ទទួលផែន ការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោកឧត្តមសេនីយ៍ទោ ម៉ៅ រង្សី ស្នងការរងទទួលដឹកនាំការងារការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោកវរសេនីយ៍ឯក យឹម សុជាតិ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានធ្វើការឃាត់ពិនិត្យរថយន្ត ១គ្រឿង ដែលដឹកសាច់ជ្រូក និងសាច់មាន់បង្កក នៅចំណុចវិថីឈ្នះ-ឈ្នះ ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

លោកវរសេនីយ៍ទោ ម៉ៅ សុទ្ធាគុណ នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឱ្យដឹងថា មន្ត្រីជំនាញបានតាមដាន ស្រាវជ្រាវបង្ក្រាបការនាំចូលសាច់ជ្រូក និងសាច់មាន់បង្កក ចំនួន១១,៥តោន គ្មានលិខិតស្នាម និងខូចគុណភាព មកពីខេត្តស្វាយរៀង មកចែកចាយនៅរាជធានីភ្នំពេញ។

ដោយឡែក កម្លាំងជំនាញនៅតែបន្តស្រាវជ្រាវស៊ើបអង្កេតបង្ក្រាបរាល់នាំចូលផលិតផលគ្មានគុណភាព គ្មានសុវត្ថិភាព ដែលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ បច្ចុប្បន្ន កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយ ក.ប.ប រាជធានីភ្នំពេញ ដើម្បីយកសាច់ជ្រូក និងសាច់មាន់បង្កក ចំនួន១១,៥តោន យកទៅបំផ្លាញចោល តាមនីតិវិធី៕

