ភ្នំពេញ ៖ លោកស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ បានអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់ ជួយផ្តល់ព័ត៌មានអំពីយុវជនមួយរូបដែលល្បីលើបណ្តាញសង្គមហ្វេសប៊ុក ថាមកភ្នំពេញ តែឯង រកការងារធ្វើមិនបាន មកក្រសួងការងារ ដើម្បីក្រសួងការងារអន្តរាគមន៍ជួយរកការងារធ្វើ បានលឿនរហ័ស និងទាន់ពេលវេលា។

លោកស៊ុន មេសា បានថ្លែងថា “សូមអ្នកប្រើប្រាស់បណ្តាញសង្គមដែលឃើញករណីនេះ សូមជួយប្រាប់ទៅយុវជនម្នាក់នោះ ឱ្យទាក់ទងមកលេខ ១២៩៧ ឬផ្តល់ព័ត៌មានអំពីយុជននោះមកក្រសួង ដើម្បីក្រសួងការងារជួយសម្របសម្រួលរកការងារឱ្យធ្វើ ឱ្យបានលឿនរហ័ស ទៅតាម ចំណេះជំនាញរបស់គាត់ ប៉ុន្តែបើសិនណាជាគាត់មិនទាន់មានជំនាញទេនោះ ក្រសួង នឹងជួយឱ្យគាត់បានរៀនជំនាញដែលគាត់ចង់រៀន ដើម្បីធានាថា គាត់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញការងារ”។
ការអំពាវនាវរបស់អ្នកនាំពាក្យក្រសួងការងារ ធ្វើឡើងបន្ទាប់ពីអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បានចែករំលែកអំពីព័ត៌មានយុវជនមួយរូប អាយុ១៦ឆ្នាំ បានមកលុតជង្គង់តាមផ្លូវម្នាក់ឯង ដោយសារតែមករកការងារធ្វើនៅភ្នំពេញ ពុំទាន់បាន កាលពីល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦។
បើតាមលោកស៊ុន មេសា ការយកចិត្តទុកដាក់របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មិនមែនជួយតែយុវជនមួយរូបនោះទេ ពោលគឺយុវជន និងអ្នកកំពុងស្វែងរកការងារធ្វើផ្សេងៗទៀត ក៏ក្រសួងរង់ចាំជួយសម្រប សម្រួលក្នុងការស្វែងរកការងារធ្វើឱ្យបានលឿនរហ័សផងដែរ។

ជាថ្មីម្តងទៀត អ្នកនាំពាក្យក្រសួងការងារ បានអំពាវនាវដល់យុវជន អតីតពលករមកពីប្រទេសថៃ ឬអ្នកកំពុងស្វែងរកការងារធ្វើទាំងអស់ សូមឱ្យទាក់ទងមកលេខ ១២៩៧ ឬទាក់ទងមកទីភ្នាក់ងារជាតិមុខរបរនិងការងារ (NEA) តាមរយៈលេខ ០៧៧ ២៣២ ៣៧៨ និងតេលេក្រាម ០១៦ ៧៨៦ ៦៥៥ ឬ គេហទំព័រ www.nea.gov.kh និងទំព័រ Facebook (neakhmer) ដើម្បីឱ្យមន្ត្រីក្រសួង ជួយស្វែងរកការងារជូន៕