ខេត្តមណ្ឌលគិរី ៖ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ បានបញ្ជាក់ថា មន្ត្រីឧទ្យា នុរក្សនៃដែនជម្រកសត្វព្រៃស្រែពក កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ បានចុះល្បាតត្រង់ចំណុចអូរតេ បានជួបប្រទះសត្វទន្សោងញី ចំនួន១ក្បាល ដាច់ជើងក្រោយស្តាំ ដោយសារជាប់អន្ទាក់ មានសភាពហូរឈាម ធ្ងន់ និងខ្សោយខ្លាំង ពុំអាចបម្លាស់ទីទៅកន្លែងផ្សេងបាន ដូចនេះក្រុមការងារព្យាយាមស្វះស្វែងរកមធ្យោបាយដើម្បីជួយសង្គ្រោះ។

នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ក្រុមការងារបានយករថយន្តទៅដឹកសត្វទន្សោងរងគ្រោះ ប៉ុន្តែជាអកុសលសត្វ ទន្សោងនោះបានបាត់បង់ជីវិតទៅហើយ នៅវេលាម៉ោង ១០និង៣៥នាទីព្រឹក មុនក្រុមការងារសង្គ្រោះទៅដល់។ ដើម្បីចៀសវាងការឆ្លងរោគទៅសត្វទន្សោង និងសត្វផ្សេងទៀតដែលកំពុងរស់នៅក្នុងព្រៃ ក្រុមការងារសម្រេចដឹកសាកសពសត្វទន្សោង មកកប់នៅក្បែរស្នាក់ការបរិស្ថាន ណាមរ៉ាម ដែលនៅពេលអនាគត វាបានន្សល់ទុកនូវសំណាកគ្រោងឆ្អឹង ដើម្បីជាប្រយោជន៍សម្រាប់ការសិក្សាស្រាវជ្រាវជីវៈចម្រុះ។
យោងតាមក្រមបរិស្ថាននិងធនធានធម្មជាតិ បានចែងថា ការចាប់ដោយដាក់អន្ទាក់ ខ្នារ អង្គប់ បន្តឹង លប់ ឬ ដោយប្រមាញ់ ដែលធ្វើឱ្យរបួស បំពុល សម្លាប់ ឬប្រមូលពងនិងកូនសត្វព្រៃគ្រប់ប្រភេទ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ ពី ១០០លានរៀល ទៅ៥០០លានរៀល។
មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សូមអំពាវនាវដល់ប្រជាពលរដ្ឋ សហគមន៍ដែលរស់នៅក្នុងនិងក្បែរតំបន់ការពារធម្មជាតិ និងសាធារណជនទាំងអស់ រួមគ្នាជួយថែរក្សាការពារសម្បត្តិធនធានធម្មជាតិ ព្រៃឈើ និងសត្វព្រៃ ដើម្បីជាកេរដំណែលសម្រាប់កូនចៅជំនាន់ក្រោយ។

ទន្ទឹមនឹងនេះ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មានការសោកស្តាយជាខ្លាំងចំពោះការបាត់បង់សត្វទន្សោងមេ មួយក្បាលនេះ និងសូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនប្រព្រឹត្តសកម្មភាពល្មើសច្បាប់ មន្ទីរបរិស្ថាននឹងធ្វើការស៊ើបអង្កេត ស្រាវជ្រាវ ស្វែងរកជនប្រព្រឹត្តបទល្មើស ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់…៕