Wednesday, February 4, 2026
Homeសង្គម និងជីវិតម្ចាស់ប្រាសាទដី គង់ លន់ ស្លាប់ កូនចៅធ្វើបុណ្យ ៧យប់ ៧ថ្ងៃ

ម្ចាស់ប្រាសាទដី គង់ លន់ ស្លាប់ កូនចៅធ្វើបុណ្យ ៧យប់ ៧ថ្ងៃ

ខេត្តកណ្ដាល ៖ លោកតា ឥសីគិលិមហាព្រហ្ម គង់ លន់ សម្ដេចព្រះគ្រូធំ ទីប្រាសាទវិមានផុសអណ្តែតឥន្ទ្រព្រហ្មបុរីស្រីព្រះវេស្សន្តរ នគរឥន្ទបត្តបុរី ស្រីអយុធ្យា (ប្រាសាទដី) នៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានទទួលទទួលអនិច្ចធម្ម (ស្លាប់) កាលពីថ្ងៃសៅរ៍ ១៣កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ១៤:២៥នាទី ដោយជរាពាធ ហើយត្រូវបានកូនចៅតម្កល់ធ្វើ បុណ្យ ៧យប់ ៧ថ្ងៃ នៅទីតាំងប្រាសាទដី នោះតែម្តង។

កូនចៅជាអ្នកផ្ដើមបុណ្យ នៅក្នុងពិធីបុណ្យទក្ខិណានុប្បទាន ឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធឧបាសក គង់ លន់ ហៅតាបសមហាគុ ឥសីគុលិមហាព្រហ្ម រួមមាន លោកស្រី ឈិត ដានី ព្រមទាំងបុត្រ, លោក ឈិត សុគន្ធ និងភរិយា ព្រមទាំងបុត្រ, លោកស្រី ឈិត សុគន្ធារី និងស្វាមីព្រមទាំងបុត្រ, លោក ឈិត រតនា និងភរិយា ព្រមទាំងបុត្រ, លោក ឈិត លក្ខិណា និងភរិយា ព្រមទាំងបុត្រ និងកញ្ញា ឈិត ធីតា ។

ពិធីបុណ្យសព នឹងប្រារព្ធចំនួន ៧យប់ ៧ថ្ងៃ ចាប់ពីថ្ងៃសៅរ៍ ១៣កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ រហូតដល់ថ្ងៃសុក្រ ៤រោច ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ។ ក្នុងនោះ យោងតាមកម្មវិធីបុណ្យ ជារៀងរាល់ព្រឹក វេលាម៉ោង ៩:០០នាទី និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងរាប់បាតប្រគេនព្រះសង្ឃ ចំនួន៦វត្ត និងរៀងរាល់ល្ងាច ម៉ោង ១៦:០០នាទី ជួបជុំញាតិមិត្ត និងស្នងព្រះបារមី ទាំង២៥រាជធានី-ខេត្ត ធ្វើបទីនមស្ការព្រះរតនត្រៃ និងពិធីសែនតង្វាយទ័ពបារមីឧកញ៉ា លោកជំទាវ មហាមេទ័ពជើងគោក ជើងទឹក ជើងអាកាសលោកតាម្ចាស់ទឹក លោកយាយម្ចាស់ដីកោះគោកធ្លក និងមហាបុព្វបុរស បុព្វនារី ព្រះមហាវីរក្សត្រ ក្សត្រីខ្មែរ គ្រប់សម័យកាល ។ លុះដល់ថៃ្ងព្រហស្បតិ៍ ទី៥ វេលាម៉ោង ១៥:០០នាទី និមន្តព្រះសង្ឃចម្រើនព្រះបរិត្ដ និងសម្តែងព្រះធម្មទេសនាគ្រែមួយ ដោយធិបតីដ៏ខ្ពង់ខ្ពស់ព្រះវិសុទ្ធវង្សា ខឹម សុផន រាជាគណ:ថ្នាក់កិត្តិយស និងជាព្រះចៅអធិការវត្តស្លាកែត ។ លុះថ្ងៃសុក្រ ទី៦ ខែឆ្នាំដដែល វេលាម៉ោង ១៤:០០នាទី និមន្តព្រះសង្ឃចម្រើនព្រះបរិត្ដ និងសម្តែងព្រះធម្មទេសនាគ្រែមួយ ដោយព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ។

កម្មវិធីបុណ្យបន្ត នៅវេលាម៉ោង ១៥:០០នាទី ជួបជុំកូនចៅ ចៅទួត និងពុទ្ធបរិស័ទ ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់ ធ្វើពិធីដង្ហែសពប្រទក្សិណប្រាសាទវិមានផុស (ប្រាសាទដី) ចំនួន ៣ជុំ រួចឆ្ពោះទៅកាន់ចេតិយតម្កល់សព និងរៀបចំសែនតង្វាយទ័ព មានក្បាលជ្រូក ៣៣ក្បាល មាន់ ៣៣ក្បាល ទា ៣៣ក្បាល ត្រី ៣៣ក្បាល ព្រមទាំងបាយទឹក នំចំណី បង្អែមផ្លែឈើ ជាកិច្ចបង្ហើយបុណ្យ ។ កម្មវិធីនេះ ប្រារព្ធនៅវិមានផុសអណ្ដែតឥន្ទ្រព្រហ្មបុរីស្រីព្រះវេស្សន្តរនគរឥន្ទបត្តបុរី ស្រីអយុធ្យា (ប្រាសាទដី) ស្ថិតនៅភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

គួររំលឹកថា មហាជនប្រហែលជាមិនទាន់ភ្លេចនៅឡើយទេ ដែលកាលពីជាង ២០ឆ្នាំមុន លោកតា គង់ លន់ ហៅព្រះវេស្សន្តរ ឆ្នាំ១៩៩៤ បានបង្ហាញនូវការភ្ញាក់ផ្អើល និងល្បីល្បាញក្នុងស្រទាប់ប្រជាពលរដ្ឋទូទាំងប្រទេស រួមទាំងអ្នកសារព័ត៌មានផងដែរ អំពីការលះបង់ភរិយា ជាទីស្រឡាញ់របស់លោក ទៅឲ្យបុរសផ្សេង ដែលជារឿងមិននឹកស្មានដល់ ។

ផ្តើមពីការលះបង់ភរិយាជាទីស្រឡាញ់ រួមទាំងទ្រព្យសម្បត្តិមួយចំនួន ទៅឲ្យបុរសផ្សេងទៀត ដែលបង្ហាញពីការដាក់ទានដោយចិត្តសប្បុរសជ្រះថ្លា គ្មានការអាឡោះអាល័យ សូម្បីតែតណ្ហា ក៏លោកបានលះបង់ដែរនោះ លោកតា គង់ លន់ ត្រូវបានសាធារណជន ប្រសិទ្ធនាមថា «ព្រះវេស្សន្តរ ឆ្នាំ១៩៩៤» ចាប់ពីពេលនោះ រហូតមកដល់ថ្ងៃទទួលមរណភាព ។

លោកតា គង់ លន់ ឬព្រះវេស្សន្តរ ឆ្នាំ១៩៩៤ គឺជាអ្នកកសាងប្រាសាទដី និងជាអ្នកស្នងបារមីដ៏ល្បីល្បាញ រាប់ទសវត្ស និងមិនសាបរលាបក្នុងពេលដែលបងប្អូនប្រជាពលរដ្ឋ អ្នកមុខអ្នកការ ឧកញ៉ា គហបតី មន្ត្រីរាជការ រាប់សែន រាប់លាននាក់នៅតែបន្តនាំគ្នាទៅបន់ស្រន់ និងសុំឲ្យបារមីស្នងរូបលោកតា គង់ លន់ បំភ្លឺអំពីជោគវាសនាក្នុងការប្រកបមុខរបររកស៊ី ហើយជួយលើកជោគជាតារាសីមុខមាត់ បុណ្យស័ក្កិ តាមអ្វីដែលពួកគេចង់បានថែមទៀត ។ ជាពិសេស លោកតា គង់ លន់ ធ្លាប់មានប្រសាសន៍ថា លោកតាបានរក្សាយ៉ាងខ្ជាប់ខ្ជួននូវភាពសុចរិត សច្ចៈ ទៀងត្រង់ មិនលោភលន់ មិនប្រមាថគោរពប្រតិបត្តិបានត្រឹមត្រូវនូវពុទ្ធឱវាទ រួមទាំងការលះបង់នូវកាមកិលេស ដែលបានដិតនៅជាប់នឹងអារម្មណ៍មនុស្សគ្រប់រូប ។ ដូច្នេះហើយ ទើបធ្វើឲ្យលោកតានៅតែរក្សាបាននូវជំនឿ មិនថមថយពីបងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ។

អ្វីដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋដែលធ្លាប់ស្គាល់ និងមានជំនឿទៅលើបារមីរបស់លោកតា គង់ លន់ មានការភ្ញាក់ផ្អើលជាខ្លាំងនោះ គឺលោកតា គង់ លន់ ឬព្រះវេស្សន្តរ ឆ្នាំ១៩៩៤ ធ្លាប់បានធ្វើជាបណ្តាំចុងក្រោយមួយ សម្រាប់ក្រុមគ្រួសារ រួមទាំងអ្នកថែរក្សានៅជុំវិញលោកថា ពេលលោកស្លាប់ទៅ សូមតម្កល់សពលោក ក្នុងពាង រួមជាមួយសពពស់កេងកង ដោយលោកធ្លាប់បានរម្លឹកថា ក្រោយពេលដែលលោកសាងបារមី ហើយមានភាពល្បីល្បាញ រហូតបានសាងនូវប្រាសាទដី ដ៏ធំស្ពឹមស្កៃនោះ លោកតាបានទទួលសត្វពស់ថ្លាន់ មួយក្បាល ពីម្ចាស់ភោជនីយដ្ឋាននាគទិព្វ យកមកថ្វាយលោក ព្រោះសត្វពស់ថ្លាន់នេះ មានទម្ងន់ធ្ងន់ រូបរាងធំវែង ហើយកាចថែមទៀត ។ ដោយមានឧបនិស្ស័យពីអតីតជាតិ លោកក៏បានទទួលយកសត្វពស់ថ្លាន់ មួយក្បាលនេះ យកមកចិញ្ចឹម ហើយចាត់ទុកជាកូនរបស់លោកថែមទៀត ។ លោកថា ពេលមកដល់ដំបូង សត្វពស់ថ្លាន់នេះ កាចណាស់ គ្មានអ្នកណាហ៊ានចូលជិតវាទេ តែក្រោយមក ភាពល្បីល្បាញរបស់សត្វពស់ថ្លាន់ មួយក្បាលនេះ បានឮដល់ផលិតករភាពយន្តម្នាក់ ហើយក៏បានមកទាក់ទងលោកតា គង់ លន់ ដើម្បីស្នើសុំសត្វពស់ថ្លាន់នេះ ទៅថតខ្សែភាពយន្ត រឿង «ពស់កេងកង» ហើយលោកក៏យល់ព្រម ។ តាមរយៈនៃការថតភាពយន្តនោះ បានធ្វើឲ្យសត្វពស់ថ្លាន់ មួយក្បាលនេះ កាន់តែមានភាពល្បីរន្ទឺ ផ្អើលដល់ប្រជាពលរដ្ឋទូទាំងប្រទេស មកមើលសត្វពស់ថ្លាន់នេះ យ៉ាងគគ្រឹគគគ្រេង មិនលស់ថ្ងៃឡើយ ហើយសត្វពស់ថ្លាន់ មួយក្បាលនេះ ត្រូវបានគេហៅគ្រប់ៗគ្នាថា «ពស់កេងកង» រហូតមក ។ យ៉ាងណា ពស់កេងកងនោះ បានស្លាប់ទៅហើយ គឺបានស្លាប់ខាងប្រាសាទរបស់លោកតា ដែលគិតមកទល់ពេលនេះ មានរយៈពេលជាង ២០ឆ្នាំមកហើយ ៕ កុលបុត្រ

RELATED ARTICLES