ខេត្តបន្ទាយមានជ័យ ៖ ទីតាំងផ្ទះសំណាក់ និងកន្លែងលក់សំបុត្ររថយន្តដឹកអ្នកដំណើរ កាពីតូល ត្រូវបានអគ្គិភ័យឆាបឆេះទាំងយប់ ដោយមិនទាន់ដឹងមូលហេតុច្បាស់នៅឡើយ បង្កឱ្យរងការខូចខាតសម្ភារៗនិងទ្រព្យសម្បត្តិអស់ជាច្រើន និងបណ្តាលឱ្យបុរសម្នាក់ រងរបួស រលាកផងដែរ។

ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង ៩និង២០នាទីយប់ ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅត្រង់ចំណុចផ្ទះសំណាក់ ១កន្លែង យីហោ ខេមរា និងទីតាំងលក់សំបុត្ររថយន្តក្រុងដឹកអ្នកដំណើរ កាពីតូល ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
យោងតាមប្រភពស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងនៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ថា កាលពីវេលាម៉ោង ៩និង២០នាទីយប់ ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ មានករណីអគ្គិភ័យមួយ បានឆាបឆេះផ្ទះសំ ណាក់ ខេមរា និងទីតាំងលក់សំបុត្ររថយន្តក្រុងដឹកអ្នកដំណើរ កាពីតូល នៅតាមផ្លូវជាតិលេខ៥ ស្ថិតនៅភូមិអូរជ្រៅ សង្កាត់អូជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ភ្លាមៗនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរងការងារសេនាធិការ បានដឹកនាំកម្លាំងនគរបាលជំនាញពន្លត់អគ្គិភ័យ និងកម្លាំងនគរបាលតាមបណ្តាក្រុង-ស្រុក សរុបចំនួន១១គ្រឿង កម្លាំងសរុប ១៥០នាក់ សហការជាមួយអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធ ក្រុមពន្លត់អគ្គិភ័យ មកពីបណ្តាក្រុមហ៊ុនកាស៊ីណូ ចុះជួយអន្តរា គមន៍ពន្លត់ទីតាំងកើតហេតុ។

នៅប្រតិបត្តិការជួយពន្លត់អគ្គិភ័យនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន១១គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន ១៨ឡាន រួមមាន ១-រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយ មានជ័យ ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២ឡាន។ ២-រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៣ឡាន។ ៣-រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២ឡាន។ ៤-រថយន្តពន្លត់អគ្គិភ័យរបស់អធិការ ដ្ឋាននគរបាល ស្រុកមង្គលបុរី ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១ឡាន។ ៥-រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២ឡាន។ ៦-រថយន្តពន្លត់អគ្គិភ័យរបស់ហ្គ្រែនដាយអឹម៉ិន ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១ឡាន។ ៧-រថយន្តពន្លត់អគ្គិភ័យរបស់ស្តាហ្គោល ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២ឡាន។ ៨-រថយន្តពន្លត់អគ្គិភ័យរបស់កាស៊ីណូ ត្រូពីកាណា ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២ឡាន។ ៩-រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនអានកូ អគ្គិសនីនិងទឹកស្អាត ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១ឡាន។ ១០-រថយន្តពន្លត់អគ្គិភ័យក្រុមសង្គ្រោះបឋមក្រុងប៉ោយប៉ែត ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១ឡាន។ ១១-រថយន្តពន្លត់អគ្គិភ័យរបស់សាលាក្រុងប៉ោយប៉ែត ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១ឡាន។
ដោយប្រតិបត្តិការពន្លត់អគ្គិភ័យនេះ បានបញ្ចប់ទាំងស្រុង (ភ្លើងរលត់១០០ភាគរយ) នៅវេលាម៉ោង១១យប់ ថ្ងៃដដែល ដោយមិនឆេះរាលដាលទៅកន្លែងដទៃទៀតឡើយ។

ហេតុការណ៍នេះ មិនបានបណ្តាលឱ្យបានជនណាម្នាក់បាត់បង់ជីវិតទេ តែម្ចាស់ផ្ទះ ឈ្មោះសំណាង ហុងស៊ីង ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរបើកក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ (អ្នកជួលបន្តពីផ្ទះសំណាក់ខេមរា) រងរបួសរលាកខ្នង និងថ្ងាស បន្តិចបន្តួច និងត្រូវបានបញ្ជូនទៅ សង្គ្រោះភ្លាមៗ។ ចំពោះផ្ទះចំនួន ២ទីតាំង ដែលមួយទីតាំង មានទំហំ ៨៨ម៉ែត្រ គុណនឹង ៣០ម៉ែត្រ ត្រូវបានភ្លើងឆេះទាំងស្រុង។ ចំពោះមូលហេតុ និងការខូចខាតនោះ នៅមិនទាន់អាចបញ្ជាក់បាននៅឡើយ៕