ខេត្តព្រះសីហនុៈ បុរសវ័យចំណាស់ម្នាក់ ជាសន្តិសុខយាមរោងចក្រម្នាក់ ត្រូវបានប្រទះឃើញអង្គុយស្លាប់ នៅលើកៅអី ក្នុងប៉ុស្តិ៍យាមដែលខ្លួនធ្វើការ ផ្អើលដល់សមត្ថកិច្ចចុះពិនិត្យ និងសន្និដ្ឋានបឋមថា បុរសចំណាស់បានស្លាប់ដោយសារគាំងបេះដូង។

ហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៥និង៣០នាទីទៀបភ្លឺ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចប៉ុស្តិ៍សន្តិសុខយាម ស្ថិតនៅខាងមុខរោងចក្រ ចាស្រម៉ាវេលើស នៅតំបន់សេដ្ឋកិច្ចពិសេស ចេជាងជើងគោ ស្ថិតនៅភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់។
បុរសរងគ្រោះ មានឈ្មោះអេន សំអុល អាយុ៦៦ឆ្នាំ មុខរបរសន្តិសុខយាមរោងចក្រ មានស្រុកកំណើតភូមិដីក្រ ហម ឃុំត្រពាំងរាំង ស្រុកឈូក ខេត្តកំពត បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់។
តាមការបំភ្លឺរបស់ឈ្មោះ វ៉ន ចិត្រ ភេទប្រុស អាយុ៥៨ឆ្នាំ ជាសន្តិសុខដូចគ្នា និងជាអ្នកឃើញហេតុការណ៍ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ គាត់បានចេញពីបន្ទប់ជួល ដើម្បីមកប្តូរវេនយាម ជាមួយជនរងគ្រោះ ពេលទៅដល់ បានឃើញជនរងគ្រោះអង្គុយនៅលើកៅអី ក្នុងប៉ុស្តិ៍យាម ដោយផ្អែកខ្នងទៅក្រោយ ងើយមុខ ឡើងលើ ភ្លាមនោះ គាត់និយាយទៅកាន់ជនរងគ្រោះថា “ដល់ម៉ោងប្តូរវេនហើយ អង្កាល់ទៅផ្ទះ?” ប៉ុន្តែជន រងគ្រោះមិនបានឆ្លើយតបទេ ទើបខ្លួនក៏ដៃទៅអង្រួនគាត់ ដឹងថាជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ក៏ប្រញាប់រាយការណ៍ជូនខាងរដ្ឋបាលរោងចក្រ និងសមត្ថកិច្ចតែម្តង។

ឆ្លងតាមការត្រួតពិនិត្យទីកន្លែងកើតហេតុ ការសាកសួរបំភ្លឺ និងពិនិត្យលើសព សមត្ថកិច្ចជំនាញសន្និដ្ឋានបានថា ជនរងគ្រោះស្លាប់សង្ស័យបណ្តាលមកពីគាំងបេះដូង។
សពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ជូនកូនរបស់ជនរងគ្រោះ យកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕