ខេត្តបាត់ដំបង ៖ បន្ទាប់ពីបានចុះត្រួតពិនិត្យករណីភ្លើងឆេះទុយោទឹក របស់ក្រុមហ៊ុនគិរីដងរែក ដែលទទួលម៉ៅការគម្រោងទឹកស្អាត និងអនាម័យរបស់ក្រុងបាត់ដំបង ស្ថិតនៅភូមិចម្ការសំរោង១ សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ដែលខូចខាតប្រមាណ ២លានដុល្លារ នោះរួចមក ក្រុមការងារអធិការកិច្ចនៃអគ្គនាយដ្ឋានគាំពារបរិស្ថាន សហការជាមួយមន្ត្រី នៃមន្ទីរបរិស្ថានខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ បានដាក់ចេញវិធានការចំពោះមុខ ដោយតម្រូវឱ្យក្រុមហ៊ុនអនុវត្តរៀបចំទំនប់ព័ទ្ធទីតាំងសំណល់ពីការឆេះ ចាប់ពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីទប់ស្កាត់សំណល់ផេះ ហូរចូលទៅដីស្រែប្រជាពលរដ្ឋ នៅក្នុងអំឡុងពេលមានភ្លៀងកក់ខែ។

ជាមួយគ្នានេះ ក្រុមហ៊ុនត្រូវសម្អាតសំណល់ផេះ និងសំណល់កំណកជ័រ ឱ្យបានចប់រួចរាល់ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឱ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស ក្នុងការដឹកជញ្ជូនទៅទុកដាក់ឱ្យបានត្រឹមត្រូវ នៅទីលានទុកដាក់សំរាម ខេត្តបាត់ដំបង។

សូមបញ្ជាក់ថា តំណាងក្រុមហ៊ុន បានឯកភាពអនុវត្តវិធានការបច្ចេកទេស ទៅតាមកាលបរិច្ឆេទខាងលើ ដើម្បីចូលរួមទប់ស្កាត់ការបំពុលបរិស្ថាន ដែលក្រសួងបរិស្ថាន បាននិងកំពុងអនុវត្តគោលនយោបាយ និងយុទ្ធសា ស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដើម្បីជំរុញឱ្យប្រទេសកម្ពុជា ដែលជាផ្ទះរបស់យើង មានភាពស្អាត មានភាពបៃតង ប្រជាជនរស់នៅមានសុខភាពល្អ និងមានការអភិវឌ្ឍប្រកប ដោយចីរភាព។

គួររំលឹកថា កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១៧និង០០នាទី ស្ថិតនៅចំណុចភូមិចម្ការសំរោង១ សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីអគ្គិភ័យមួយកើតឡើង បណ្តាលឱ្យឆេះទីតាំងស្តុកទុយោទឹក (ទុយោជ័រ) ចំនួន០១កន្លែង របស់ក្រុមហ៊ុនគិរីដងរែក ដែលក្រុមហ៊ុននេះ ទទួលម៉ៅការអនុវត្តប្រព័ន្ធលូរំដោះទឹកកខ្វក់ ចេញពីក្រុងបាត់ដំបង ។

ក្រោមការដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងនគរបាលអគ្គិភ័យ ដែលមានលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរង ទទួលផែន សហការជាមួយសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធ កម្លាំងអន្តរាគមន៍របស់ស្នងការដ្ឋាន អន្តរាគមន៍ពន្លត់ ដោយប្រើប្រាស់រថយន្តអគ្គិភ័យ របស់ស្នងការដ្ឋាន របស់ស្រុកពាក់ព័ន្ធ និងរថយន្តរបស់ក្រុមហ៊ុនផង។

ដោយសារទីតាំងដែលឆេះនេះ ព័ទ្ធជុំវិញដោយវាលស្រែ មិនមានផ្លូវសម្រាប់រថយន្តពន្លត់ចូលទៅឱ្យបានកៀក ងាយស្រួលក្នុងការបាញ់ពន្លត់ ហើយវត្ថុឆេះ គឺជាប្រភេទជ័រ ងាយឆេះ ជាហេតុធ្វើឱ្យអគ្គិភ័យ បន្តរាលដាលយ៉ាងពេញបន្ទុក រហូតដល់ម៉ោង ២និង០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ ទើបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ដោយប្រាស់ ទឹក អស់ចំនួន៣០រថយន្ត ។

អគ្គិភ័នេះ បណ្តាលឲ្យខូចខាតទុយោទឹកធំតូច ជាច្រើនពាន់ដើម ដែលក្រុមហ៊ុនបានគរទុកនៅលើដីវាល ឆេះស្ទើរទាំងស្រុង ហើយការបាញ់ទឹកទប់ស្កាត់ បាននៅសេសសល់ទុយោមួយចំណែកដែលនៅលើទីតាំងឆេះ ប៉ុន្តែគ្រោះអគ្គិភ័យនេះ មិនបានបណ្តាលឱ្យរងគ្រោះថ្នាក់ដល់មនុស្សនោះឡើយ។

ចំពោះមូលហេតុដែលនាំបង្កជាអគ្គិភ័យនេះ តាមការបញ្ជាក់បឋមពីកន្លែងកើតហេតុ គឺបណ្តាលមកពីការដុតសំរាមដែលនៅជាប់ទីតាំងនោះ ដោយមិនមានការប្រុងប្រយ័ត្ន ក៏បង្កឱ្យឆេះរាលមកដល់ទីតាំងស្តុកទុយោ របស់ក្រុមហ៊ុនខាងលើ។

ក្រោយកើតហេតុ ការិយាល័យជំនាញអគ្គិភ័យ បន្តសហការធ្វើការសិក្សាស្រាវជ្រាវរកមូលហេតុពិត និងទំហំនៃការខូចខាតដែលបង្កដោយគ្រោះអគ្គិភ័យខាងលើ តែតាមប្រភពខ្លះថា អគ្គិភ័យនេះ បានបំផ្លាញទុយោជ័រធំតូចនៅទីតាំងស្តុកនេះ ទាំងស្រុង គិតជាទឹកប្រាក់ ប្រមាណ ២លានដុល្លារ ៕
