Saturday, February 14, 2026
Homeតារាខ្មែរអេឡិច ច័ន្ទត្រា មិនច្បាស់ថ្ងៃរៀបការ

អេឡិច ច័ន្ទត្រា មិនច្បាស់ថ្ងៃរៀបការ

ភ្នំពេញ ៖ តារាសម្ដែង លោកលឹម ប៉ោស្រ៊ុន ហៅអេឡិច ច័ន្ទត្រា ឲ្យដឹងថា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ លោកនឹងហោះទៅប្រទេសអូស្រា្ដលី រយៈពេល ១សប្ដាហ៍ ហើយនឹងវិលវិញ នៅថ្ងៃទី២៦ ខែកុម្ភៈ  ។ ប្រភពថា ការដែលលោកអេឡិច ច័ន្ទត្រា ទៅអូស្រា្ដលី បែបតក់ក្រហល់ និងប្រញាប់វិលវិញយ៉ាងអន្ទះសាបែបនេះ ដោយសាតែលោក នឹកភរិយាសំណព្វចិត្ត ជាជនជាតិអូស្ត្រាលី នៅទីនោះ តែនៅមិនបានយូរថ្ងៃ ត្រូវតែវិលមកស្រុកខ្មែរ វិញ តាមកាលកំណត់ គឺដោយសារតែជាប់បំពេញភារកិច្ចដឹកនាំក្រុមហ៊ុនកម្សាន្ដ Alex Entertainment ព្រោះខែនេះ មមាញឹកខ្លាំង ដោយសារជារដូវរៀបការ។

  ក្នុងជំនួបផ្ទាល់ កាលពីពេលថ្មីៗនេះ លោកអេឡិច ច័ន្ទត្រា ប្រាប់អ្នកយកព័ត៌មាន «នគរធំ» ថាលោកទៅអូស្រា្ដលី លើកនេះ គឺដើម្បីទៅមើលការងារនៅទីនោះ ព្រោះលោកក៏បានចូលហ៊ុនជាមួយមិត្តភក្ដិ បើកហាងកាហ្វេ នៅទីនោះ និងម្យ៉ាងទៀត គឺទៅចូលរួមខួបកំណើតកូនពួកម៉ាក លោកនៅអូស្រា្ដលី ផងដែរ ក្រៅពីទៅជួបជុំគ្រួសារ។ លោកថា តាំងពីមានគូស្នេហ៍នៅអូស្រា្ដលី លោកពិតជាចុះឡើងអូស្រា្ដលី ញឹកមែន ហើយការចេញទៅលើកនេះ ព្រោះតែនៅខែកុម្ភៈ ចំខែចូលឆ្នាចិន ស្បើយពីការងារក្នុងស្រុកបន្ដិច ទើបអាចឆ្លៀតបាន ។

  ប្រភពថា លោកអេឡិច ច័ន្ទត្រា បានភ្ជាប់ស្នេហាជាមួយនារីជនជាតិអូស្រា្ដលី តាំងពីឆ្នាំ២០២២ ហើយអ្នកទាំងពីរ មានកូនប្រុសមួយ ជាមួយគ្នាទៀតផង ដែលមិនយូរទេ ពួកគេនឹងដឹកដៃគ្នារៀបការជាមិនខាន មុនយកកូនទីពីរ ។

  ឆ្លើយតបសំណួរថា តើលោកអេឡិច ច័ន្ទត្រា មានគម្រោងរៀបការជាមួយនារីជនជាតិអូស្រា្ដលី នៅពេលណា ? លោក ច័ន្ទត្រា ថារឿងនេះ មិនទាន់អាចកំណត់បានទេ ព្រោះលោកនិងគូស្នេហ៍ នៅស្វែងយល់ចិត្តគ្នានៅ ឡើយ ។ ប៉ុន្ដែលោកថា អត់ទាន់មានកូន ដូចគេថាទេ ។ យ៉ាងណា បុរសសង្ហារូបនេះថា នៅពេលដែលដល់ថ្ងៃរៀបការ លោកនឹងរៀបចំធ្វើតាមបែបប្រពៃណីខ្មែរ នៅស្រុកខ្មែរផង និងធ្វើតាមអឺរ៉ុប នៅអូស្រ្ដាលី តាមបែប ភរិយាលោកចង់បានផងដែរ ហើយពេលការរួច លោកនឹងរស់នៅប្រទេសអូស្រា្ដលី នៅខែស្បើយពីការងារ ក្នុងស្រុក តែនឹងមករស់នៅស្រុកខ្មែរ នៅរដូវរវល់ការងារខ្លាំង ចាប់ពីខែវិច្ឆិកា ដល់ខែមីនា ខណៈដែលនៅខែកុម្ភៈ លោកថារាងស្បើយបន្ដិច ព្រោះខែនេះ ចំពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ។

  អេឡិច ច័ន្ទត្រា បានផ្អាកការសម្ដែងភាពយន្ដ និង MV ជាច្រើនឆ្នាំ ដោយងាកមកគ្រប់គ្រងនិងដឹកនាំក្រុមហ៊ុន Alex Entertainment រយៈពេលជាង ១០ឆ្នាំមកហើយ ដែលលោកថា នៅឆ្នាំ២០២៦ នេះ ខែក្ដៅ សឹងតែចេញរៀបចំគ្រប់ថ្ងៃតែម្ដង ក្នុងមួយខែៗ ៣០ថ្ងៃ ហើយពេលនេះ មានភ្ញៀវខ្លះ កក់ទុកដល់ឆ្នាំ២០២៧ និង២០២៨ ក៏មានដែរ ។ លោកប៉ោស្រ៊ុន បានរំលឹកដែរថា លោកស្រលាញ់ការងារនេះ ដោយផ្ដើមចេញពីដំបូង លោករៀបចំតារា ពិធីករ ឲ្យកម្មវិធីស្រា Johnnie Walker ព្រោះកាលនោះលោកជាBA ឲ្យស្រាមួយនេះជ ហើយមានការគាំទ្រ និងបន្ទាប់មក លោកចេះតែរៀបចំកម្មវិធីបែបនេះ ជាញឹកញាប់ និងស្រលាញ់ការងារនេះ រហូតឈានមកបើកក្រុមហ៊ុនផ្ទាល់ខ្លួនតែម្ដង ។ លោកថា ការដឹកនាំក្រុមហ៊ុននេះ បានផ្ដល់ការងារច្រើនដល់មិត្តរួមការងារ ដូចជា ក្រុមតន្រ្ដីសម័យ Classic មហោរី ក្រុម Sound ពិធីករ និងតារាចម្រៀង ជាដើម ដែលក្នុងមួយរោង ផ្ដល់ការ​ងារ​ដល់ពួកគាត់ ពី៣០ ទៅ៤០នាក់ ។ អេឡិច ច័ន្ទត្រា អះអាងដែរថា ការដែលក្រុមហ៊ុនលោកឈរជើងបានជាង​ ១០ឆ្នាំនេះ ព្រោះលោកផ្ដោតលើគុណភាព  Sound និងអ្នកធ្វើការងារលោកគ្រប់ផ្នែកត្រូវតែល្អ ហើយសេ​វា​កម្ម មានបម្រើអតិថិជន ទៅតាមកញ្ចប់ភ្ញៀវកុម្មង់។

អតីតតារាសម្ដែងរូបនេះ បន្ថែមថា សព្វថ្ងៃ មានក្រុមហ៊ុនកម្សាន្ដច្រើន តែលោកមិនគិតថាជាគូប្រជែងទេ គឺចែកគ្នារស់ ព្រោះក្នុងមួយថ្ងៃៗ មានគេរៀបការ រាប់រយរោង លោកតែម្នាក់ឯង ក៏រៀបចំសឹងមិនទាន់ផង គឺក្នុង ១ថ្ងៃ ទទួលរៀបចំតែ ១ទៅ២រោងការប៉ុណ្ណោះ ហើយការដែលហ៊ានទទួល ២រោងការ ទាល់តែមង្គលការនោះ មានរោងជិតគ្នាទៀត ។

 ក្រៅពីកំពុងដំណើរការក្រុមហ៊ុន Alex Entertainment និងហាងកាហ្វេ នៅអូស្រា្ដលី លោកអេឡិច ច័ន្ទត្រា ដែលមិនទាន់ច្បាស់ថា ដឹកដៃសង្សារសញ្ជាតិអូស្រា្ដលី រៀបការនៅពេលណានោះ ថាលោកកំពុងតែសិក្សារ​លើការបើកអាជីវកម្មផ្សេងៗទៀត នៅក្នុងស្រុកផងដែរ តែថានៅពេលមិនទាន់ចេញជារូបរាង លោកមិនអាចប្រាប់​មុនបានឡើយ ៕

RELATED ARTICLES