ភ្នំពេញ ៖ តារាសម្ដែងរូបស្រស់ ប៊ូ ច័ន្ទដាណែត បានដឹកដៃគូស្នេហ៍ លោកលី ហួរ ទៅថត Pre-Wedding នៅសៀមរាប កាលពីពេលថ្មីៗនេះ ជាមួយនិងការកំណត់ពិធីរៀបការនៅថ្ងៃ២៥ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ដែលពិធីជប់លៀងធំ ធ្វើនៅដឺព្រីមៀរ សេនធ័រ សែនសុខ អគារ D ។ ប្រភពថា ច័ន្ទដាណែត ត្រៀមហៅតារារួមអា ជីពមួយចំនួន នៅថ្ងៃពិសេសរបស់នាង ខណៈដែលអនាគតស្វាមី មិនមែនជាអ្នកធ្វើការនៅក្នុងរង្វង់សិល្បៈ ឡើយ ។


ប៊ូ ច័ន្ទដាណែត បានប្រាប់អ្នកយកព័តមាន «នគរធំ» នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ថា មង្គលការរបស់នាង ត្រៀមហៅអ្នកសិល្បៈតិចតួចប៉ុណ្ណោះ ព្រោះខាងគូស្នេហ៍នាង ក៏មានភ្ញៀវច្រើនដែរ ។ នាងថា គូដណ្ដឹងពិតជាមិនមែនជាអ្នកធ្វើការនៅក្នុងវិស័យសិល្បៈឡើយ ប៉ុន្ដែជាអ្នកធ្វើការធម្មតាម្នាក់ ។

គួរបញ្ជាក់ថា ប៊ូ ច័ន្ទដាណែត បានប្រឡូកសិល្បៈ ពេញទំហឹង ដោយថតភាពយន្ដ ជាច្រើន អំឡុងឆ្នាំ២០១៧ -២០២០ ដូចជារឿង «ទឹកភ្នែកកក», «ផ្កាថ្ម», «រវាងយើង», «មុខកាំបិតមុខស្នេហ៍» និងរឿង «ថេកចុងក្រោយ (The last tag)» ជាដើម ។ ប៉ុន្ដែកាលពីឆ្នាំ២០១៩ នាងបានងាកមកផលិតវីដេអូ នៅលើបណ្ដាញសង្គម ទើបរយាលៗពីអាជីពសម្ដែង បន្ដិចម្ដងៗ នារយៈពេលជាង ៥ឆ្នាំចុងក្រោយនេះ ហើយស្ងាត់ៗស្រាប់តែដឹកដៃគូ ដណ្ដឹង ថតឈុតកូនកំលោះក្រមុំ ត្រៀមចូលរោងការតែម្ដង ។

ប៊ូ ច័ន្ទដាណែត ថានាងរវល់លើការផលិតវីដេអូច្រើន នាប៉ុន្មានឆ្នាំចុងក្រោយនេះ លើបណ្ដាញសង្គម គឺសកម្មខ្លាំង ។ ប៉ុន្ដែទោះជាមមាញឹកផលិតមាតិកាយ៉ាងណា ក៏នាងមិនភ្លេចសម្រាប់ការត្រៀមខ្លួនធ្វើជាកូនក្រមុំមែនទែន នៅក្រោយពិធីបុណ្យចូលឆ្នាំខ្មែរ នាពេលខាងមុខនេះដែរ ពោលគឺនៅបាំងមិនដល់ ២ខែទៀតទេ នាងនឹងត្រូវគេហៅថា ជាអ្នកនាងហើយ ។

ក្រៅពី ប៊ូ ច័ន្ទដាណែត តារាដែលរៀបការនៅដើមឆ្នាំ២០២៦ មានដូចជា អ្នកនាង នេត សុចរិយា និងពេជ្រ ពិសី ជាដើម ។ ចំពោះច័ន្ទដាណែត ក្រោយមានស្វាមី អាជីពសិល្បៈរបស់នាង នឹងកាន់តែខើចទៅៗ ជាមិនខាន ព្រោះការផលិតវីដេអូ នៅលើបណ្ដាញសង្គមរបស់នាងកាន់តែដកខ្លួនមិនរួច ដោយសារជាការងារដែលនាងចូលចិត្ត និងមានសិទ្ធិពេញលេញក្នុងការធ្វើអ្វីដែលខ្លួនឯងស្រលាញ់ ដែលផ្ទុយកាលពីឆ្នាំ២០២៣ នាងធ្លាប់ចេញសារខកចិត្ត ដោយសារមានគេធ្វើឲ្យប៉ះទង្គិចផ្លូវចិត្ត ក្រុមហ៊ុនមួយ មិនឲ្យតម្លៃនាង រហូតនាងដើរចេញដោយអះអាងថា នឹងប្រើដង្ហើមដកខ្លួនឯងវិញ។

មានការកត់សម្គាល់ថា នៅរយៈពេលចុងក្រោយនេះ មានតារាកាន់តែច្រើន បានងាកមកផលិតមាតិកាដោយខ្លួនឯង ខណៈតារាខ្លះ ធ្លាប់ជ្រកនៅផលិតកម្មធំៗ ក៏បែរមកផលិតបទចម្រៀងផ្ទាល់ខ្លួន ព្រោះថាអាជីពសិល្បៈ មិនទៀងទាត់ឡើយ ។ សម្រាប់ច័ន្ទដាណែត នាងអាចសម្ដែងសិល្បៈ បានច្រើនទម្រង់ តែតួដែលនាងស្វាក់ជាងគេ គឺតួកាចឆ្នាសឆ្នើម ហេតុនេះហើយបានជា Fan នៅតែចង់ឃើញនាងវិលមករកអាជីពចាស់ម្ដងទៀត ព្រោះតាមព័ត៌មានថាម្ចាស់ស្នេហានាង មិនចេះប្រចណ្ឌរឿងលេងសិល្បៈឡើយ ៕


