ខេត្តបាត់ដំបង ៖ ពិធីមង្គលការមួយ បានប្រព្រឹត្តទៅយ៉ាងរលូន រហូតដល់ជិតបញ្ចប់កម្មវិធីទៅហើយ ស្រាប់តែកើតមានអំពើហិង្សា ផ្តើមចេញពីភ្ញៀវកូនកំលោះ និងភ្ញៀវកូនក្រមុំ បានរាំឌឺដងដាក់គ្នា ធ្វើឱ្យកើតជាជម្លោះហិ ង្សា វាយតប់គ្នា គប់ចាន គប់កែវ ផ្អើលពេញរោងការ និងត្រូវបានកម្លាំងសមត្ថកិច្ចចុះស្រាវជ្រាវ ឈានដល់ឃាត់ខ្លួនភាគីទាំងសងខាង សរុបចំនួន៨នាក់ នាំយកមកចាត់ការតាមច្បាប់។

ករណីអំពើហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចកម្មវិធីមង្គលការមួយកន្លែង ស្ថិតក្នុងក្រុមទី១៥ ភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ។
ភ្ញៀវដែលអុកឡុកផ្អើលពេញរោងការ ទាំង២ក្រុមនោះ ក្រុមទី១ មានគ្នាចំនួន៤នាក់ (ឃាត់ខ្លួនទាំង៤) ចំណែកក្រុមទី២ មានគ្នា៦នាក់ (ឃាត់ខ្លួន៤នាក់ រត់រួច២) ។
ជនសង្ស័យក្រុមទី១ មានគ្នាចំនួន៤នាក់ រួមមាន ទី១-ឈ្មោះប៉ែន ឃាង អាយុ៣២ឆ្នាំ រស់នៅភូមិសម្តេច ឃុំ តាប៉ុន ស្រុកសង្កែ។ ទី២-ឈ្មោះថា សេងថាវ អាយុ១៧ឆ្នាំ រស់នៅភូមិសម្តេច ឃុំតាប៉ុន ស្រុកសង្កែ។ ទី៣-ឈ្មោះពឿត សឿន អាយុ៣៩ឆ្នាំ រស់នៅភូមិសម្តេច ឃុំតាប៉ុន ស្រុកសង្កែ និងទី៤-ឈ្មោះពឿត ពិសិទ្ធ អាយុ៣២ឆ្នាំ រស់នៅភូមិសម្តេច ឃុំតាប៉ុន ស្រុកសង្កែ។

ចំណែកក្រុមទី២ មានគ្នាចំនួន៦នាក់ (ឃាត់ខ្លួន៤) រួមមាន ទី១-ឈ្មោះជាតិ វី អាយុ២០ឆ្នាំ រស់នៅភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ។ ទី២-ឈ្មោះឃឿន ខេមរ៉ាក់ ហៅចុម អាយុ១៨ឆ្នាំ រស់នៅភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ។ ទី៣-ឈ្មោះកយ វៃ អាយុ២០ឆ្នាំ រស់នៅ ភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ។ និងទី៤-ឈ្មោះសុខុន ឃុន អាយុ១៩ឆ្នាំ រស់នៅភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ។ រីឯបក្ខពួក២នាក់ទៀត ដែលបានរត់គេចខ្លួន រួមមាន ទី១-ឈ្មោះសុខ សៀងហេង អាយុ២១ឆ្នាំ រស់នៅភូមិស្វាយស ឃុំតាប៉ុន ស្រុកសង្កែ និងទី២-ឈ្មោះចុច រ៉ាប៉ា អាយុ២៥ឆ្នាំ នៅភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ។
បើតាមសមត្ថកិច្ច ជនអន្ធពាលទាំង២ក្រុមនេះ គ្មានភាគីណាមួយជាក្រុមជនរងគ្រោះទេ ពោលគឺពួកគេសុទ្ធជាក្រុមជនអុកឡុកក្នុងរោងការ។ រីឯជនរងគ្រោះពិតប្រាកដ គឺម្ចាស់ដើមការ និងម្ចាស់រោង ឬចុងភៅ ព្រោះក្រុមជនសង្ស័យខាងលើ បានវាយបំផ្លាញកែវ តុ កៅអី និងបំផ្លាញកិត្តិយសម្ចាស់ដើមការ។

តាមរបាយការណ៍របស់អធិការស្រុកសង្កែ បានឱ្យដឹងថា ជនទាំង២ក្រុមខាងល់នេះ បានប្រើប្រាស់ហិង្សាដោយចេតនា (វ៉ៃតប់គ្នា) នៅក្នុងកម្មវិធីមង្គលការមួយកន្លែង កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខណៈដែលកម្មវិធីកំពុងរាំលេងកម្សាន្តចុងម៉ោងនៃកម្មវិធី ស្រាប់ តែមានព្រឹត្តិការណ៍ហិង្សាផ្ទុះឡើង ផ្អើលឈុលពេញរោង ដោយសារតែជនទាំង២ក្រុមនេះ ដេញវាយគ្នា ដោយខ្លះទាញកៅអីវាយ អ្នកខ្លះយកកែវគប់គ្នា បានធ្វើឱ្យបាត់បង់កិត្តិយសម្ចាស់កម្មវិធីមង្គលការ និងធ្វើឱ្យខូខាត តុ កៅអី និងកែវ ចាន របស់ចុងភៅ មួយចំនួនទៀត។

លោកយុត តុងហូ អធិការនគរបាលស្រុកសង្កែ បានបញ្ជាក់ថា ក្រោយផ្ទុះអំពើហិង្សា និងក្រោយទទួលបណ្តឹងជនរងគ្រោះ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងជំនាញអធិការដ្ឋានស្រុក ដែលមានកិច្ចសហការពីកម្លាំងការិយាល័យជំនាញនៃស្នងការខេត្តផង បានធ្វើការ ស្រាវ រហូតកំណត់មុខសញ្ញាក្រុមជនបង្កហេតុបាន និងឃាត់ខ្លួនជនបង្កហេតុទាំង២ក្រុម បានចំនួន ០៨នាក់ រត់គេចខ្លួនចំនួន២នាក់។
តាមចម្លើយសារភាពរបស់ក្រុមជនបង្កហេតុទាំង២ក្រុមនេះ បានឆ្លើយប្រហាក់ប្រហែលគ្នាថា មូលហេតុដែលនាំឱ្យផ្ទុះហិង្សាផ្អើលរោងការនេះ គឺផ្តើមចេញពីការរាំឌឺគ្នា។
ក្រោយពីឃាត់ខ្លួន ក្រុមជនសង្ស័យទាំង៨នាក់ខាងលើ ត្រូវបានផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកសង្កែ រៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត កាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីចាត់ការបន្តតាមនីតិវិធី៕