Thursday, February 26, 2026
Homeសង្គម និងជីវិតរកឃើញតុកកែខ្លួនបង្កង់ នៅឧទ្យានជាតិគិរីរម្យ

រកឃើញតុកកែខ្លួនបង្កង់ នៅឧទ្យានជាតិគិរីរម្យ

ភ្នំពេញៈ ក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធសត្វព្រៃនិងធម្មជាតិ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានចេញសេចក្តីប្រកាស ពីរបកគំហើញថ្មី គឺតុកកែខ្លួនបង្កង់ ប្រភេទថ្មីមួយនៅឧទ្យានជាតិគិរីរម្យ នៃប្រទេសកម្ពុជា។តុកកែ ប្រភេទថ្មីនេះ ត្រូវបានដាក់ឈ្មោះថា “តុកកែខ្លួនបង្កង់គិរីរម្យ” ដោយមានឈ្មោះវិទ្យាសាស្ត្រថា Cyrtodactylus kiriromensis បន្ទាប់ពីមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា អស់រយៈពេលយ៉ាងយូរ រវាងអង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ។

លោក នាង ធី ប្រធានផ្នែកអភិរក្សអង្គការសម្ព័ន្ធសត្វព្រៃនិងធម្មជាតិ បានថ្លែងថា “ការរកឃើញនេះ រំឭកយើងថា ជីវៈចម្រុះរបស់កម្ពុជា ជាច្រើន នៅមិនទាន់បានចុះបញ្ជីអស់នៅឡើយ។ សូម្បីតែនៅតំបន់ការពារដ៏ល្បីឈ្មោះ ដូចជា ឧទ្យានជាតិគិរីរម្យ ក៏មានប្រភេទសត្វល្មូន ជាច្រើនប្រភេទ កំពុងរង់ចាំការធ្វើការសិក្សាស្រាវជ្រាវ ក៏ដូចជាការទទួលស្គាល់ផងដែរ។ ការបន្តការស្រាវជ្រាវនៅទីវាល គឺជាការចាំបាច់ណាស់ ដើម្បីស្វែងយល់និងការពារសត្វព្រៃដ៏កម្ររបស់ប្រទេស”។

ប្រភេទសត្វនេះ ត្រូវបានជួបប្រទះជាលើកដំបូង ដោយលោកបណ្ឌិត Bryan L. Stuart នៃសារមន្ទីរវិទ្យា សាស្ត្រធម្មជាតិ North Carolina ក្នុងអំឡុងពេលបេសកកម្មដំបូងមកប្រទេសកម្ពុជាក្រោមការឧបត្ថម្ភរបស់អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) កាលពីជាងពីរទសវត្សរ៍មុន ប៉ុន្តែមិនអាចពិពណ៌នាជាផ្លូវការនៅពេលនោះទេ ដោយសារមានភាពស្មុគស្មាញនៃពន្ធុ (DNA)។

តុកកែខ្លួនបង្កង់គិរីរម្យ ស្ថិតនៅក្នុងក្រុមមួយនៃតុកកែជើងកោង (Bent-toed gecko) ដែលគេធ្លាប់តែចាត់ទុកថា វាតំណាងឱ្យប្រភេទតុកកែ មួយប្រភេទដែលកំពុងមានវត្តមានគ្រប់ទីកន្លែង។

ចាប់តាំងពីពេលនោះមក ការស្រាវជ្រាវត្រូវបានបន្ត ហើយបន្ទាប់មក បានបង្ហាញឱ្យឃើញថា ក្រុមនេះ មានច្រើនប្រភេទខុសៗគ្នា ទៅតាមទីកន្លែងដាច់ដោយឡែកពីគ្នា នៅទូទាំងតំបន់ជួរភ្នំក្រវាញ ដែលនាំឱ្យលើកជាចម្ងល់ថា តើនៅមានសត្វព្រៃ ប៉ុន្មានប្រភេទទៀតដែលត្រូវធ្វើការស្រាវជ្រាវបន្ថែម? ជាពិសេសនៅក្នុងតំបន់ដែលអ្នកស្រាវជ្រាវពិបាកចូលទៅសិក្សាកន្លងមក ដោយថ្មីៗនេះ ភាពជឿនលឿនក្នុងការស្រាវជ្រាវផ្នែកពន្ធុ អាចញែកអត្តសញ្ញាណតុកកែខ្លួនបង្កង់គិរីរម្យ ចេញពីប្រភេទសត្វដែលមានលក្ខណៈស្រដៀងៗគ្នាបាន។

ផ្អែកលើលក្ខណៈប្រព័ន្ធអេកូឡូស៊ីប្រភេទថ្មីនេះ ត្រូវបានសង្កេតឃើញរស់នៅនិងរកចំណីនៅពេលយប់ តាមដើមឈើទាបៗ គល់ឈើ លើផ្ទាំងថ្មក្បែរអូរ និងតាមគន្លងផ្លូវព្រៃ ជាច្រើន ក្នុងព្រៃពាក់កណ្តាលស្រោង។ ឈ្មោះសត្វ ត្រូវបានដាក់ភ្ជាប់ទៅនឹងឈ្មោះឧទ្យានជាតិគិរីរម្យ ដែលជាតំបន់ការពារមួយ មានទីតាំងក្នុងខេត្តកំពង់ស្ពឺ គ្របដណ្តប់ដោយព្រៃស្រល់ ព្រៃពាក់កណ្តាលស្រោង និងព្រៃស្រោង ដែលលាយឡំជាមួយដើមឫស្សី។ ឧទ្យានជាតិគិរីរម្យ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន និងជាគោលដៅដ៏ពេញនិយមមួយ សម្រាប់ភ្ញៀវទេសចរធ្វើដំណើរកម្សាន្ត។

លោកបណ្ឌិត Bryan Stuart មានប្រសាសន៍ថា “ការរកឃើញទាំងនេះ បានបង្ហាញពីសារៈសំខាន់នៃសំ ណាកសត្វនៅតាមសារមន្ទីរ ក្នុងការធ្វើសារពើភណ្ឌជីវៈចម្រុះ។ នៅពេលដែលសហការីកម្ពុជា និងខ្ញុំ បានប្រមូលសំណាកជាច្រើនប្រភេទនៅឧទ្យានជាតិគិរីរម្យ ក្នុងខែមិថុនា ឆ្នាំ២០០០ យើងបានធ្វើការចាត់ថ្នាក់ទៅតាមស្ថានភាពពេលនោះ ហើយសន្មតថា នេះគឺជាប្រភេទ Cyrtodactylus kiriromensis ដែលវត្តមានគ្រប់ទី កន្លែង តែឥឡូវនេះយើងអាចត្រឡប់ទៅមើលសំណាកនៅក្នុងឆ្នាំ២០០០ និងញែកពួកវាក្នុងបរិបទនៃការយល់ ដឹងថ្មី នៃភាពសម្បូរបែបពន្ធុ ក្នុងក្រុមតុកកែខ្លួនបង្កង់ ហើយបានដឹងថា យើងបានរកឃើញប្រភេទថ្មីដាច់ដោ យឡែកមួយ សម្រាប់វិទ្យាសាស្ត្រដែលមាននៅក្នុងឧទ្យានជាតិគិរីរម្យ តែមួយគត់”។

លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា ការរកឃើញប្រភេទជីវៈចម្រុះថ្មី ពិតជាបានបញ្ជាក់ប្រាប់យើងទាំងអស់គ្នា ពីសារៈសំខាន់នៃគម្របបៃតងរបស់តំបន់ការពារធម្មជាតិដ៏មានតម្លៃនិងគុណប្រយោជន៍ដែលមិនអាចកាត់ថ្លៃបាន ទាំងសម្រាប់មនុស្សនិងធម្មជាតិ ការចូលរួមថែរក្សាការពារធនធានធម្មជាតិ និងបរិស្ថាន ដើម្បីនិរន្តរភាពសម្រាប់មនុស្សជាតិ នាពេលបច្ចុប្បន្ន ក៏ដូចជាសម្រាប់កូនចៅយើងជំនាន់ក្រោយ។

ក្រសួងបរិស្ថាន បាននិងកំពុងជំរុញការពង្រឹងកាអនុវត្តច្បាប់ការពង្រីកគម្របបៃតង និងការអភិវឌ្ឍន៍ជីវភាពសហគមន៍មូលដ្ឋាន ដើម្បីធានាឱ្យតំបន់ការពារធម្មជាតិនៅកម្ពុជា បន្តផ្តល់ជាទីជម្រកសម្រាប់សត្វនិងរុក្ខជាតិជាច្រើនប្រភេទ ជាពិសេសពពួកប្រភេទងាយរងគ្រោះ និងជិតផុតពូជ លើពិភពលោក ដែលមានតម្លៃជាសកល ហើយក៏ជាកន្លែងដ៏សំខាន់មួយផងដែរសម្រាប់ការសិក្សាស្រាវជ្រាវ និងផ្តល់ឱកាសសម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនាច្រើនកុះករ តាមរយៈការរៀបចំគោលដៅលម្ហែបៃតង ដ៏មានសក្តានុពលរបស់ប្រទេស៕

RELATED ARTICLES