Friday, February 27, 2026
Homeតារាខ្មែរព្រាប សុវត្ថិ ឱបឱក សុគន្ធកញ្ញា

ព្រាប សុវត្ថិ ឱបឱក សុគន្ធកញ្ញា

ភ្នំពេញ ៖ ព្រាប សុវត្ថិ បែកឱក សុគន្ធកញ្ញា ជាង៥ឆ្នាំហើយ ក្រោយដើរចេញពីហង្សមាស ចូល Galaxy កាលពីឆ្នាំ២០២០។ យ៉ាងណា ការប៉ះគ្នាលើឆាកតន្រ្ដី កាលពីពេលថ្មីៗនេះព្រាប សុវត្ថិ-ឱក សុគន្ធកញ្ញា  បានរំលឹកអនុស្សាវរីយ៍ចាស់ តាមរយៈការច្រៀងបទឆ្លងឆ្លើយគ្នាជាថ្មី ដែលល្បីកាលពី១៥ឆ្នាំមុន «លះបង់ឲ្យអ្នកទីបី» ហើយនៅពេលដែលអ្នកទាំងពី បញ្ចូលអារម្មណ៍ទៅតាមអត្ថន័យបទចម្រៀង ចូលតួពេកនោះ សិស្សច្បង និងសិស្សប្អូនរូបនេះ ឱបគ្នាលើឆាកតន្រ្ដីតែម្ដង ។ នេះជាសញ្ញាមួយ បញ្ជាក់ថា ទោះជាតារាចម្រៀងទាំងពីរ បែកផលិតកម្មមែន តែការរាប់អានគ្នា នៅដដែល ហើយសុគន្ធកញ្ញា គោរពលោកសុវត្ថិ ជារៀមច្បងម្នាក់ ។ ប៉ុន្ដែអ្វីដែលគួរឲ្យកត់សម្គាល់ ការជួបគ្នាលើកនេះ ព្រាប សុវត្ថិ ឈានចូលវ័យ៥១ឆ្នាំទៅហើយ ដែលខុសពីអំឡុងចាប់ដៃគ្នាច្រៀងបទនេះលើកដំបូង លោកមានអាយុទើបតែ ៣៦ឆ្នាំ ខណៈដែលកញ្ញា កាលនោះក៏នៅក្រមុំ អាយុទើបតែ ២៥ឆ្នាំ តែឥឡូវនាងអាយុ ៤០ឆ្នាំ មានស្វាមីនិងកូនពីរនាក់ រូបសម្រស់ប្រែប្រួលច្រើនដែរ ដូចជាឡើងគីឡូ បែកសាច់ជាដើម ។

 តាមរយៈការដែលព្រាប សុវត្ថិ ចាប់ដៃឱក សុគន្ធកញ្ញា ច្រៀងបទល្បីនៅហង្សមាស ជាថ្មីនេះ បញ្ជាក់ថា ការលើកឡើងរបស់លោកស្រី អ៊ឹង គឹមលាង ដែលជាអ្នកគ្រប់គ្រងផលិតកម្មហង្សមាស ត្រូវជាកូនអ្នកឧកញ៉ា អ៊ឹង ឆៃងួន ថៅកែហង្សមាស កាលពីពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០២៥ ថាអតីតតារាហង្សមាស គួរតែយកបទថ្មីដែលខ្លួនបានផលិតថ្មីៗ ទៅប្រើប្រាស់ទៅមិនចាំបាច់តោងកាលីពបទចាស់ៗនោះ គឺមិនមានឥទ្ធិពលលើតារាទាំង អស់ទេ ព្រោះបើមិនចង់ឲ្យតោងកាលីពបទចាស់ ដូចមិនចង់ឃើញប្អូនថ្លៃថៅកែហង្សមាស រំលឹកអនុស្សាវរីយ៍ចាស់ឡើងវិញដែរ ។

សូមបញ្ជាក់ថា ព្រាប សុវត្ថិ នៅតែជាតួឯករបស់ Galaxy នៅឆ្នាំ២០២៦ បើទោះជាមុននេះ មានការលើកឡើងថា ខេមរៈ សិរីមន្ដ អាចនឹងវ៉ាលោក ព្រោះតែមានបងប្រុស ខេមរៈ ភារុណ ជាអ្នកនៅពីក្រោយខ្នង អាចចេញបទថ្មីៗពេលណាក៏បានក្ដី ប៉ុន្ដែថៅកែផលិតកម្មនេះ មិនហ៊ានមើលរំលងលោកឧកញ៉ា រូបនេះឡើយ ស្របពេលដែលមហាជន ហាក់ងាកមកចាប់អារម្មណ៍លោកសាជាថ្មី ក្រោយល្បីបទ «បើគេសួរអូន» ចំពេលលោកលែងសូវសកម្មចេញមុខការពារថៅកែដូចមុន ។ ប៉ុន្ដែនៅតាមឆាកតន្រ្ដីនានា គេឃើញលោកឧកញ៉ា ស្នាយ រូបនេះ មិនត្រឹមតែចាប់ដៃគូជាមួយកូនប្រុសទី១ និងទី៣ ឡើងវិញទេ តែលោកសុវត្ថិ ដែលពេលខ្លះច្រៀងឲ្យកូនទី៣ សុវត្ថិ សិរីវុឌ្ឍ ដេញហ្គីតារឲ្យនោះ លោកថែមទាំងឆ្លៀតឡង់សេបទចម្រៀងជាភាសារអង់គ្លេស «Pop Out» របស់កូនទី២ សុវត្ថិ មុនីនាគ ហៅ N. John ដែលកំពុងច្រៀងនិងរស់នៅអាមេរិក ទៀតផង តាមរយៈការរាំលើឆាក ក្រោយបទនេះ មានការពេញនិយម មានអ្នកយកទៅរាំច្រើន នៅលើបណ្ដាញសង្គមទិកតុក។

ទស្សនិកជនបានលើកឡើងថា ថ្វីដ្បិតតែព្រាប សុវត្ថិ នៅតែពេញចិត្តដៃគូចាស់ ឱក សុគន្ធកញ្ញា នូវសមត្ថភាពរបស់នាង ព្រោះបានច្រៀងរួមគ្នាជាថ្មី ប៉ុន្ដែឱកាសនៃការចេញបទថ្មីរួមគ្នា អស់ពេលទៅហើយ ព្រោះតែអ្នកទាំង ពីរ លែងច្រៀងនៅផលិតកម្មជាមួយគ្នាទៀត ។ ព្រាប សុវត្ថិ បានក្លាយជាដៃគូរបស់ តន់ ច័ន្ទសីម៉ា ៥ឆ្នាំហើយ ខណៈដែលឱក សុគន្ធកញ្ញា អាចនឹងច្រៀងឲ្យហង្សមាស រហូតដល់ចូលនិវត្តន៍ ព្រោះឥទ្ធិពលនាងប្រៀបបានជាថៅកែ ឬម្ចាស់ផលិតកម្មហង្សមាស ក្រោយនាងក្លាយជាប្អូនថ្លៃថៅកែ ជិត៦ឆ្នាំ ហើយពេលនេះ ដៃគូរបស់នាង នៅតែជាលោក ឆន សុវណ្ណារាជ និងណុប បាយ៉ារិទ្ធ ដដែល ៕

RELATED ARTICLES