ភ្នំពេញ ៖ កម្ពុជា សម្រេចបណ្តេញជនបរទេសជាង ១៥០០នាក់ ចេញពីប្រទេស ក្នុងនោះភាគច្រើនជាជនជាតិចិន ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)។


យោងតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ ថា នៅចុងខែកុម្ភៈ គិតចាប់ពីថ្ងៃទី២៥ ដល់២៨ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោកបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋ មន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោ ប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី បន្តធ្វើការបណ្តេញជនបរទេស សរុបចំនួន ១ ៥០១នាក់ (ស្រី១៦២នាក់) មាន២០សញ្ជាតិ រួមមាន ចិន ហ្គាណា ស៊ីរី យ៉ូហ្គង់ដា ចិនតៃវ៉ាន់ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ឡាវ ឥណ្ឌា ប៉ាគីស្ថាន កេនយ៉ា ហ្វីលីពីន បង់ក្លាដែស សិង្ហបុរី វៀតណាម ជប៉ុន នីហ្សេរីយ៉ា កាមេរូន នេ ប៉ាល់ និងកូរ៉េ ចេញពីព្រះរាជាណាចក្រកម្ពុជា ក្នុងនោះមានជនជាតិចិន ចំនួន៦៥៨នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) តាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរ ជាតិតេជោ និងជនបរទេសមួយចំនួនទៀតពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅគ្មានលិខិតឆ្លងដែន និងធ្វើការងារខុសច្បាប់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។


ការបណ្តេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់ យ៉ាងម៉ឺងម៉ាត់ របស់រាជរដ្ឋា ភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់និងសកលលោក ដោយគ្មានការលើកលែងឡើយ ចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះ ដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឲ្យមានសេរីភាពនិងអាចវិលត្រឡប់ទៅប្រទេសរបស់ ខ្លួនវិញ៕


