ភ្នំពេញ ៖ អ្នកនាង ហេង ផាន់ណា ហៅហេង កែវនីតា និងស្វាមី លោក កែ កុសល បានធ្វើពិធីបង្កក់កូនស្រី ឈ្មោះ សកុណា គម្រប់ ១ខែ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលមានក្រុមគ្រួសារទាំងសងខាងចូលរួមផងដែរ ។ ផាន់ណា និងស្វាមី មានទឹកមុខរីករាយដូចគ្នា ប៉ុន្ដែអ្នកទាំងពីរ បែរជាមិនប្រកាសកំណត់ថ្ងៃរៀបការ ឲ្យគេដឹងទៅវិញ បើទោះជាមិត្តរួមអាជីព ចង់ឃើញនាងរៀបការជាសាធារណៈដូចតារាទូទៅក្ដី ។

សូមរំលឹកថា ហេង ផាន់ណា បានសម្រាលកូនស្រី កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ បន្ទាប់ពីនាងបានភ្ជាប់ពាក្យ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ពោលគឺក្លាយជាគូដណ្ដឹង តែជាង ៤ខែប៉ុណ្ណោះ នាងក៏ទទួលបានចំណងដៃកូនស្រីម្នាក់ បន្ទាប់ពីពួកគេបានស្រលាញ់គ្នា ជាច្រើនឆ្នាំមកហើយ ។ ទោះបីជាពេលនេះ ផាន់ណា បានរឹងដៃរឹងជើងបន្ដិច ក្រោយសម្រាកមាតុភាព ១ខែ ប៉ុន្ដែនាងមិនទាន់ប្រញាប់វិលមករកអាជីពចាស់ ឡើងឆាក កាន់ក្បាលមីក្រូ ជាថ្មីនៅឡើយ ។

តាមព័ត៌មានថា មិនត្រឹមតែមិត្តភក្ដិ និង Fan នោះទេ ដែលចង់ឲ្យហេង ផាន់ណា រៀបការតាមប្រពៃណីខ្មែរ ប៉ុន្ដែក្រុមគ្រួសារទាំងសងខាង ក៏ជំរុញឲ្យនាងរៀបការជាចំហដែរ ប៉ុន្ដែគេជឿថា អំឡុងនៅសរសៃខ្ចីនេះ ផាន់ណា មិនអាចបំពេញបំណងពួកគេបានឡើយ ស្របពេលដែលស្វាមី រង់ចាំតែការសម្រេចចិត្តរបស់នាងប៉ុណ្ណោះ ។ ការយកកូន មុនរៀបការ របស់ផាន់ណា នាពេលនេះ ធ្វើឲ្យចំនួនតារាដែលជ្រើសផ្លូវយកកូនមុនរៀបការ កាន់តែមានចំនួនច្រើន ព្រោះតារាខ្លះ ខ្លាចប៉ះពាល់ដល់អាជីពរបស់ពួកគេ មួយចំនួនទៀត ចង់លេងស្ទីលបែបអឺរ៉ុប និងមួយចំនួនទៀត គ្រាន់តែចុះអេតាស៊ីវិល ជាការស្រេច ។

ហេង ផាន់ណា អតីតកញ្ញាឯកសាប៊ូលុច្ស និងពិធីការិនីប៉ុស្ដិ៍លេខ៣ មកទើរនៅប៉ុស្ដិ៍បាយ័ន ជាច្រើនឆ្នាំ ដែលផ្ដាច់ពីអាជីពសម្ដែង សឹងតែទាំងស្រុង ព្រោះផ្ដោតតែលើ MC មួយច្រកប៉ុណ្ណោះ ។ ប្រភពថា ស្វាមីរបស់នាង ក៏ជាអ្នកបម្រើការនៅស្ថានីយទូរទស្សន៍បាយ័ន ដែរ ហើយពួកគេស្រលាញ់និងស្វែងយល់ចិត្តគ្នា ជាច្រើនឆ្នាំ ទើបសម្រេចចិត្តយកកូនមុនរៀបការ ។ តារាស្និទ្ធផាន់ណា ក៏បានសរសើរថា នាងមានជម្រើសស្នេហ៍ច្រើន ប៉ុន្ដែទីបំផុតនាងបានជ្រើសបុរសម្នាក់ដែលស្រលាញ់និងយល់ពីអាជីពសិល្បៈរបស់នាងយ៉ាងច្បាស់ មិនផ្តោតលើទ្រព្យសម្បត្តិជាធំឡើយ ។

តាមព័ត៌មានថា ហេង ផាន់ណា នឹងវិលមកធ្វើ MC ឡើងវិញ នៅមុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ គឺក្នុងខែមេសា ឆ្នាំ២០២៦ ប៉ុន្ដែអាជីពសម្ដែងរបស់នាង ទំនងជាបញ្ចប់ទៅហើយ លើកលែងតែការថតសម្ដែងរឿងប្រវត្តិថ្នាក់ដឹកនាំ ។ ប៉ុន្ដែរឿងសំខាន់ដែលផាន់ណា ត្រូវធ្វើជាបន្ទាន់ ដើម្បីបន្ដអាជីពសិល្បៈនេះ គឺត្រូវតែសម្រកទម្ងន់ ជាបន្ទាន់ និងកុំឲ្យឡើងគីឡូថែមទៀត ទើបអាចទៅរួច ។

ហេង ផាន់ណា ស្ថិតក្នុងចំណោមតារាដែលយកកូនមុនរៀបការ មានដូចជា អ្នកនាង ខាត់ សុឃីម, យុគ ចិន្ដា, នៅ សុនិតា, ឌុច លីដា, ទេព បូព្រឹក្ស, ពេជ្រ សូលីកា, កែវ ពេជ្រពិសី, ផាត់ ផាន់ណា, ឡោម លក្ខិណា, សាត រស្មី, សុន ស្រីពេជ្រ និងពេជ្រ សិរីរ័ត្ន ជាដើម ៕
